ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មានបានថ្លែងអះអាងក្នុងពិធីបើកសិក្ខាសាលា ONLINE-SEMINAR ដែលរៀបចំដោយ រដ្ឋបាលជាតិ វិទ្យុ និង ទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី០៤ធ្នូនេះថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានរួមវិភាគទានជួយដល់កម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍សង្គមគ្របដណ្តប់ លើគ្រប់វិស័យ រួមមានទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយ និង ព័ត៌មានផងដែរ ។
តាមរយៈកម្មវិធីអង្គសិក្ខាសាលាក្នុងរយៈពេល២០ថ្ងៃនាពេលនេះគឺជាការពង្រឹងនូវចំណេះដឹងនិងជំនាញពិតប្រាកដដល់អ្នកចូលរួមទាំង៨៧នាក់ ឱ្យទទួលបានការយល់ដឹងស្គាល់ពីវិសាលភាព វិស័យសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន ជាពិសេសគឺយល់ដឹងពីយុគសម័យប្រព័ន្ធ5G។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា នៅពេលបច្ចុប្បន្នមហាប្រទេសចិន ត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងសាកលលោក ចំពោះឧស្សាហកម្ម អនឡាញ បណ្តាញអាជីវកម្ម ពាណិជ្ជកម្មអនឡាញ ជាមួយប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ និង ឧស្សាហកម្មជំនាន់ 4.0របស់ប្រទេសចិន។
តាមរយៈ អ្នកជំនាញការ បុគ្គលឆ្នើម វិស្វករ ជាគ្រូឧទ្ទេសនាមក្នុងវគ្គសិក្ខាសាលានាពេលនេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានក្រើនរម្លឹកថា«ខ្ញុំស្នើសូម លោក លោកស្រីនាងកញ្ញា ជាអ្នកចូលរួមសិក្សាសូមប្រកាន់ខ្ជាប់ក្នុងការរៀនសូត្រពេញរយៈពេល២០ថ្ងៃ ពីព្រោះថា សម្ភារៈសិក្សា មេរៀន និងវីឌីអូក្លីប ក្នុងវគ្គនេះគឺនឹងធ្វើឱ្យលោកអ្នកជ្រះភ្លឺស្រឡះនៅក្នុងការប្តូរផ្នត់គំនិតថ្មី ជាមួយការមើលឃើញពីនិន្នាការរបស់ពិភពលោកនៅក្នុងវិស័យ ព័ត៌មាន និងសេវា ដែលក្នុងពេលបច្ចុប្បន្ននេះគឺបានប្តូរប្រែផ្លាស់១០០ភាគរយពីការផ្សព្វផ្សាយតាមបែបប្រពៃណី ផ្ទេរមកជាប្រព័ន្ធផ្សព្វផ្សាយអនឡាញអាចហៅបានថា “ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី”ជាមួយបណ្តាញទូរគមនាគមន៍ប្រព័ន្ធ 5.G ត្រូវបានប្រើប្រាស់តាមឧបករណ៏ឆ្លាតវៃជាច្រើនប្រភេទ»។
ឯកឧត្តម រដ្ឋលេខាធិការ បានរម្លឹកពីកិច្ចសហប្រតិបត្តិការមាស ” គំនិតផ្តួចផ្តើម ផ្លូវ និងខ្សែក្រវាត់”ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដោយធ្វើការកត់សម្គាល់ចំពោះ គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាមួយកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់ និងផ្លូវ បានផ្តល់នូវសមិទ្ធិផលប្រកបដោយផ្លែផ្កាយ៉ាងត្រគុំត្រកាលនៅក្នុងតំបន់ និងនៅក្នុងកិច្ចសហប្រតិបត្តិការជាសាកល ទាំងផ្នែករឹង និងការតភ្ជាប់ផ្នែកទន់ បានរួមបញ្ចូលនៅក្នុងនយោបាយអភិវឌ្ឍន៍ វិនិយោគក៏ដូចជាក្នុងវិស័យវប្បធម៌ ព័ត៌មាន និងទូរគមនាគមន៍។
កិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់ និងផ្លូវគឺជាកូនសោរហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នៅក្នុងការតភ្ជាប់រវាង កម្ពុជា ជាមួយមហាប្រទេសចិន និងរវាងប្រជាជនកម្ពុជា ជាមួយប្រជាជនចិន ដែលពីជំនាន់មួយទៅជំនាន់មួយទំនាក់ទំនងដែកថែប កម្ពុជា-ចិន ត្រូវបានពង្រឹងបន្ថែមជារៀងរហូត ។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា«យើងខ្ញុំទាំងអស់គ្នា ទទួលស្គាល់ពីសារៈសំខាន់នៃសិក្ខាសាលាអនឡាញ ដែលកើតមានឡើងបានគឺស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានរបស់មហាប្រទេសចិន ជាមួយនឹងក្រសួងព័ត៌មានកម្ពុជា នៅក្នុងការពង្រឹងពង្រីកដល់ផ្នែកការផ្សាយ ជាពិសេស គឺមាតិកាព័ត៌មាន ការផលិតកម្មវិធី និង ឧស្សាហកម្ម 4.0។ យើងកំពង់រស់នៅក្នុងសតវត្សទី២១ មានការស្រេកឃ្លានយ៉ាងខ្លាំងពីព័ត៌មាន និងពីទិន្នន័យរបស់កម្មវិធីធំៗនានាជាប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ដែលនៅពេលបច្ចុប្បន្ននេះកំពុងមានរីកចម្រើនប្រកបដោយថាមភាពនិងសក្តានុពលដែលយើងនឹកស្មានមិនដល់ ហើយបាននិងកំពុងតែជះឥទ្ធិពលក្នុងជីវភាពមនុស្ស និងសង្គមនៅក្នុងពិភពលោក»។
ឯកឧត្តម រដ្ឋលេខាធិការ មានក្តីសោមនស្សរំភើបជាមួយសម្រស់ភូមិសាស្រ្តទឹកដី និងវប្បធម៌មហាសាលរបស់មហាប្រទេសចិន ដែលជាគ្រឹះដៃគូ ជាគន្លឹះនៅក្នុងតំបន់សម្រាប់ប្រទេសកម្ពុជា និងបន្តការរឹតបន្តឹង និងបង្កើនកិច្ចសហការ ជាមួយការចែករំលែកបទពិសោធន៍ សំដៅកសាងបាននូវកិច្ចសហប្រតិបត្តិការថ្មីមួយ ជាមួយអនាគតថ្មីមួយឆ្ពោះទៅកាន់ទំនាក់ទំនងតភ្ជាប់គ្នានៃជំនាន់បន្តវេន ។
នៅក្នុងបដិវត្តន៍ឌីជីថលនៅកម្ពុជា កម្ពុជាមិនទាន់ស្ថិតនៅក្នុងជួរមុខសម័យកាលបដិវត្តន៍ឌីជីថលនៅឡើយទេ ប៉ុន្តែសព្វថ្ងៃនេះកម្ពុជាមានអ្នកប្រើទូរសព្ទចល័តជាង ២០ លានក្នុង ចំណោមប្រជាជន ១៥.៥ លាននាក់ និងមាន ១៣.៨ លាននាក់ប្រើ Internet ។ ប្រតិបត្តិការតាមប្រព័ន្ធឌីជីថលបានផ្តល់ឱ្យវិស័យពាណិជ្ជកម្មមានការកើនឡើងយ៉ាងខ្លាំង។
មានកម្មវិធីក្នុងទម្រង់ជាច្រើនប្រភេទត្រូវបានការបង្កើតដោយ APPs តាមរយៈប្រព័ន្ធ Internet និង ឧបករណ៏ចល័តនានា ទិដ្ឋភាពទាំងនេះគឺជាយុគសម័យថ្មី នៃទូរគមនាគមន៍ ប ច្ចេកវិទ្យាព័ត៌មាននៅក្នុង សង្គមកម្ពុជាយើងខ្ញុំ ក្នុងបុព្វបទនេះហើយបានជាយើងខ្ញុំត្រូវការជាចាំបាច់ដកយក ពីបទពិសោធន៍ពីមជ្ឈដ្ឋានអង្គការ កាងារគន្លឹះ ក្នុងការអភិវឌ្ឍផ្នែកផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ របស់មហាប្រទេសចិន ។
នៅពេលបច្ចុប្បន្ន សាធារណរដ្ឋប្រជាមានិតជាប្រទេសអំណាចសេដ្ឋកិច្ចទី១ នៅក្នុង សាកលលោក ដែលបានធ្វើឱ្យមហាប្រទេសចិនចូលរួមវិភាគទានធានាខុសត្រូវបាននៅក្នុង កិច្ចអភិវឌ្ឍន៍នៅក្នុងតំបន់និងនៅក្នុងពិភពលោកដែលមិនអាចប្រកែកបាន។
ឯកឧត្តម កឹម គុណវឌ្ឍន៍ ជឿជាក់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សព្វផ្សាយរវាងកម្ពុជា និងចិន គឺទាមទារបង្ហាញឱ្យមានអ្វីថ្មីជាមួយសកម្មភាពកាន់តែច្រើន គម្រោងនានាមានកាន់ច្រើននៅក្នុង យុគសម័យឌីជីថល 5.G ៕
ដោយៈ គង់ សិរីត្ន័