ក្រុមហ៊ុនកម្ពុជាត្រៀមចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូងតាមបណ្តាញអ៊ីនធើណែត

2020-12-11 10:28:33 |ប្រភព:yunnangateway

ក្នុងរោងចក្រកែច្នៃចំណីអាហារនៃក្រុមហ៊ុនPloy Green Land(PGL)កម្ពុជាដែលស្ថិតនៅទីក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ប្រទេសកម្ពុជា អគ្គនាយកលោកស្រី ឈិន ចំរើន កំពុងមមាញឹកក្នុងការរាប់ផលិតផល ដូចជាអង្ករផ្កាម្លិះ ម្រេច ដំណាប់ស្វាយជាដើមដែលត្រូវដាក់បង្ហាញនៅក្នុង“ពិព័រណ៍ចិន-អាស៊ីខាងត្បូងតាមបណ្តាញអ៊ីនធើណែត” នៅថ្ងៃទី ១២ ខែធ្នូ។ អ្នកនាងបានយកចិត្តទុកដាក់ជាពិសេសចំពោះការតាំងពិព័រណ៍ "នៅលើពពក(Cloud)" ។

ក្រុមហ៊ុនPloy Green Land(PGL)កម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដែលផ្តោតសំខាន់លើការកែច្នៃកសិផលនិងការវិនិយោគនិងអភិវឌ្ឍន៍អចលនទ្រព្យ ហើយផ្តល់ឱ្យវិនិយោគិនបរទេសនូវការពិគ្រោះយោបល់និងសេវាកម្ម ទាក់ទងនឹងកសិកម្មទំនើប  ការលក់ដូរដីធ្លី  ការជួលនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធជាដើម​។ ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុន  លោកស្រី ឈិន ចំរើនតែងតែចាត់ទុកការផ្សព្វផ្សាយកសិកម្មជាចំណុចសំខាន់នៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។

នៅខែមិថុនា ឆ្នាំ ២០១៨លោកស្រី ឈិន ចំរើន បានទៅទីក្រុងគុនមីញដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូង  និងពិព័រណ៍ផលិតផលនាំចេញ—នាំចូលទី​ក្រុង​គុនមីញ​នៃប្រទេសចិនជាលើកដំបូង  ផលិតផលដែលគាត់បាននាំយកទៅលក់ចេញទាំងអស់មុនពេលពិព័រណ៍បញ្ចប់  ដែលបានធ្វើឱ្យលោកស្រី ឈិន ចំរើនអាចនាំយកផលិតផលរបស់ក្រុមហ៊ុនចូលក្នុងទីផ្សារប្រទេសចិនដែលពោរពេញទៅដោយទំនុកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈពិព័រណ៍ចិន-អាស៊ីខាងត្បូង  លោកស្រីក៏បានជួបជាមួយក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅទីក្រុងសៀងហៃប្រទេសចិនមួយ  តាមរយៈការទំនាក់ទំនងនិងផ្លាស់ប្តូរអំពីគ្នានឹងគ្នាដោយឥតឈប់ឈរ  ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការក្នុងកិច្ចប្រជុំពិភាក្សាវិនិយោគចិន - កម្ពុជាដែលធ្វើឡើងនៅទីក្រុងគុនមីញកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ។

លោកស្រី ឈិន ចំរើន បានមានបញ្ជាក់ថា "ពិព័រណ៍ចិន-អាស៊ីខាងត្បូងនឹងជួយឱ្យអតិថិជនចិនកាន់តែច្រើនយល់ដឹងពីផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់កម្ពុជា  ថែមទាំងទាក់ទាញក្រុមហ៊ុនចិនមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាទៀតផង" ។

សូមបញ្ជាក់ថា ក្រុមហ៊ុនPloy Green Land(PGL)កម្ពុជាបានបង្កើតទីតាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៅទីក្រុងសៀងហៃនិងទីក្រុងគុនមីញ។ បន្ទាប់មកទៀត ក្រុមហ៊ុននេះកំពុងត្រៀមដាក់ពាក្យសូមចូលក្នុងតំបន់គុនមីញនៃតំបន់ពាណិជ្ជកម្មសេរីសាកល្បង (យូណាន) ចិន។  លោកស្រីបានបញ្ជាក់ថា   "កក្តានេះនឹងផ្តល់ឱ្យក្រុមហ៊ុននូវភាពងាយស្រួលលើគោលនយោបាយនិងការលើកទឹកចិត្តពន្ធ  ហើយអាចជួយយើងស្គាល់ក្រុមហ៊ុននិងធនធានមនុស្សឆ្លងដែនកាន់តែច្រើន  ទាំងអស់នេះជាអ្វីដែលយើងត្រូវការជាបន្ទាន់" ៕

 

អ្នកសារព័តមាន៖ Shen Yan

អ្នកបកប្រែ៖ លីហ្សា