បទវិភាគ៖ប្រធានាធិបតីត្រូវហាមមិន “ឱ្យបញ្ចេញមតិ”“សេរីភាពនៃការបញ្ចេញមតិ”បែបអាមេរិកពិតជារឿងគួរឱ្យអស់សំណើចមែន

2021-01-12 17:22:05 |ប្រភព:CRI

“លោកត្រាំ​នៅតែ​ជា​ប្រធានាធិបតីអាមេរិក​ ប៉ុន្តែ​គណនី​ត្រូវ​បិទ” គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ឡើយ បើ​និយាយ​ចំពោះ​ថ្នាក់ដឹក​នាំ​អាមេរិក​ដែលត្រូវ​បណ្តាញ​ទំនាក់​ទំនង​សង្គម​អាមេរិក​ជា​ច្រើន​បិទ​គណនី​និង​ហាម​មិន​ឱ្យ​បញ្ចេញ​មតិដោយ​សារ​ការ​ញុះ​ញង់​ឱ្យ​កើត​អំពើ​ហិង្សា នេះ​គឺ​ជា​រឿង​គួរ​ឱ្យ​ខ្មាស់​អៀន។ អ្វី​ដែល​កាន់​តែ​ខ្មាស់​អៀន​នោះ ​គឺនៅ​សហរដ្ឋ​អាមេរិក​ដែល​តែងតែ​ឃោសនា​បំប៉ោង​ពី​​"សេរីភាព​នៃ​ការ​បញ្ចេញ​មតិ" ប្រធានាធិបតី​បាន​បាត់​បង់​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី​លើ​វេទិការ​នៃ​បណ្តាញ​ទំនាក់​ទំនង​សង្គម មិន​បាច់​សង្ស័យ​ឡើយ នេះ​គឺ​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​​ចំពោះ​​"សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ"បែប​អាមេរិក ។

តាម​ការ​ផ្សាយ​ដំណឹង​នៃ«កាសែតWashington Post»បានឱ្យ​ដឹង​ថា ចាប់​តាំង​ពី​បាន​ឡើង​កាន់​មុខ​តំណែង​​រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​២០២០  ថ្នាក់​ដឹក​នាំ​អាមេរិក​បាន​បង្ហោះ​"ព័ត៌មានក្លែង​ក្លាយ​ឬ​មាន​លក្ខណៈបំភាន់​មតិ”សរុបជាង​១ម៉ឺន​៨​ពាន់លើក​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ក្នុង​នោះ​មានសារចំនួន​ជាង​៣៣០០គឺ​បាន​បង្ហោះ​លើ​វេទិកា​​"Twitter”។ ជា​ពិសេស​បន្ទាប់​ពីលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សកល​ត្រូវ​ប្រកាស​កាលពី​ឆ្នាំ​ទៅ​មិញ លោក​ត្រាំ​បាន​អំពាវ​នាវ​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ច្រើន​លើក​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម Twitterឱ្យ​ចាត់​ប្រតិបត្តិការ​ដើម្បី​ប្រឆាំង​លទ្ធផល​នេះ អំពាវនាវពួក​គេ​ឱ្យ​ដង្ហែ​ក្បួន​នៅ​ក្រុង​វ៉ាស៊ីនតោន។​ទាក់ទិន​នឹង​រឿង​នេះ បណ្តាញ​ទំនាក់​ទំនង​សង្គម​អាមេរិក​គ្មាន​ប្រតិកម្ម​ទាល់​តែ​សោះ រហូត​ដល់​កើត​មាន​ហេតុការណ៍​ដែល​វិមាន​រដ្ឋ​សភា​ត្រូវ​រង​ការ​វាយ​ប្រហារ បណ្តាញ​ទំនាក់​ទំនង​សង្គម​ទាំង​នេះ​បី​ដូច​ជា​ស្រាប់​តែ​ភ្ញាក់​រលឹក ព្រម​ទាំង​ចាត់​ប្រតិបត្តិការ​ផង។

រយៈពេលមិន​ដល់​ដប់ថ្ងៃខាងមុខ ថ្នាក់​ដឹក​នាំអាមេរិកនឹង​​លា​ចាកពី​មុខ​តំណែង ប៉ុន្តែ​ ដោយ​ចាត់​ទុក​ហេតុការណ៍​វាយ​ប្រហារ​វិមាន​រដ្ឋសភា​ជា​ដើម​ចម ការ​ជម្រះចោល​ផ្នែក​នយោបាយចំពោះលោក​ត្រាំ​និង​អ្នក​គាំទ្រ​បានចាប់ផ្តើម​​ធ្វើ​រួច​ជា​ស្រេច។ ​ពី​អាជ្ញាធរ​ប៉ូលិស​អាមេរិកចាប់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​នូវ​បាតុករវាយ​ប្រហារ​វិមាន​រដ្ឋ​សភា​យ៉ាង​ហោច​ណាស់​៨២​នាក់ ដល់​លោក​ស្រី Nancy Pelosiប្រធាន​សភា​តំណាង​រាស្រ្ត​អាមេរិក​តម្រូវ​ឱ្យ​ផ្នែក​យោធា​ធានា​ជាក់​លាក់​ថា ប្រធានាធិបតី​មិន​អាច​ប្រើ​ប្រាស់​អាវុធ​នុយគ្លេអ៊ែរ រហូត​ដល់​រដ្ឋសភា​អាមេរិក​បាន​បំផុស​របៀបវារៈទម្លាក់​ប្រធានាធិបតី​លើក​ទី​២ ថ្នាក់​ដឹក​នាំ​អាមេរិក​កំពុងប្រឈមនឹងស្ថានភាពដែលគ្មាននរណាម្នាក់គាំទ្រ។

ក្នុង​បរិបទ​នយោបាយ​បែប​នេះ បណ្តាញ​ទំនាក់​ទំនង​សង្គម​សំខាន់ៗរបស់​អាមេ​រិក​បាន​ហាម​មិន​ឱ្យ​លោក​ត្រាំ​បញ្ចេញ​មតិ ប្រការ​នេះមិន​ត្រឹម​តែ​បាន​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ​ខាង​នយោ​បាយប៉ុណ្ណោះ​ទេ ថែម​ទាំង​ក៏​មាន​ការ​គិត​ពិចារណា​ពី​ការ​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​អំពើ​ហិង្សា​លើក​នេះ​និង​គេចវេះ​ពី​ទំនួល​ខុស​ត្រូវ​ផង​ដែរ។ ដូច្នេះ​ហើយ​បាន​ជា បិទ​ឬ​មិន​បិទ និយាយ​សរុប​ទៅ គឺជា​កល​ល្បិច​ខាង​នយោបាយ​មួយ​លើក​តែ​ប៉ុណ្ណោះ។ រឿង​នេះ​ក៏​ធ្វើ​ឱ្យ​អ្នក​ផង​ទាំង​ពួង​ឃើញយ៉ាង​ច្បាស់​ថែម​មួយ​កម្រិតទៀត​ថា អ្វី​ដែល​ហៅថា​“សេរីភាព​នៃ​ការ​បញ្ចេញ​មតិ”បែប​អាមេរិក​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​គោល​ជំហរ គ្រាន់​តែ​ជា​ឧបករណ៍​នយោ​បាយ​របស់​អ្នក​កាន់​អំណាច​អាមេរិក​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​ប្រឆាំង​ក្នុង​ស្រុក​និង​វាយ​ប្រហារ​គូ​ប្រជែង​នៅ​ផ្ទៃ​អន្តរជាតិ​តែ​ប៉ុណ្ណោះ៕

អ្នកបកប្រែ:Zhen Lei