បទវិភាគ៖ការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងកម្ពុជាប្រកបទៅដោយប្រសិទ្ធភាពខ្ពស់

2021-01-15 17:26:04 |ប្រភព:CRI

លោកប្រធាន​រដ្ឋចិនស៊ីជីនភីង​បានលើកឡើង​គំនិតផ្តួចផ្តើម​សហប្រតិបត្តិការ​ស្តីពីការកសាង ​“ខ្សែក្រវាត់​សេដ្ឋកិច្ចតាម​ផ្លូវសូត្រ​”និង “ផ្លូវសូត្រ​លើសមុទ្រ​សតវត្សរ៍ទី២១​”កាលពី​ខែកញ្ញា​និងខែតុលា​ឆ្នាំ២០១៣​ដោយឡែកពីគ្នា​ ។ គំនិតផ្តួចផ្តើម​ស្តីពី “ខ្សែក្រវាត់​និងផ្លូវ”មាន​គោលបំណង​​អភិវឌ្ឍ​យ៉ាងសកម្មនូវ​ទំនាក់ទំនង​ភាពជាដៃគូ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​តាមបណ្តោយ​ខ្សែក្រវាត់​និងផ្លូវ ​ដើម្បីរួមគ្នា​បង្កើត​សហគម៍រួម​ផលប្រយោជន៍ ​សហគមន៍​រួមវាសនានិង​សហគមន៍​ទំនួលខុសត្រូវរួម​ដែលប្រកប​ដោយ​ទំនុកចិត្ត​លើគ្នា​ផ្នែក​នយោបាយ ​បរិយាប័ន្ន​ខាង​សេដ្ឋកិច្ច​និង​វប្បធម៌ ​។ កម្ពុជាបាន​ប្រកាស​ចូលរួម​គម្រោងនេះ​នៅចុង​ឆ្នាំ២០១៦ ។

សម្តេច​ ហ៊ុនសែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជាបានថា ​កម្ពុជា​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​​ស្តីពី“ខ្សែ​ក្រវាត់​និង​ផ្លូវ”​ហើយ​បានចាត់ទុក​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ​ជាក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ដែលមាន​លក្ខណៈពិសេស​ ​ពីព្រោះបានផ្តោត​ជាសំខាន់លើ​ការសម្របសម្រួល​គោលនយោបាយ​អភិវឌ្ឍន៍ជាមួយ​ប្រទេសដៃគូ​ដោយឈរលើ​ស្មារតីគោរព​គ្នាទៅវិញ​ទៅមក ។

មុនពេល​ចាប់ដំណើរការ​គម្រោង​ “ខ្សែក្រវាត់និង​ផ្លូវ”របស់ចិន​នៅឆ្នាំ២០១៣​ ការវិនិយោគ​របស់ចិននៅ​ប្រទេសកម្ពុជា ​សំខាន់គឺ​ប្រមូលផ្តុំ​ក្នុងគម្រោង​សាងសង់​ទំនប់ទឹកនិង​វារៈអគ្គិសនី​ជាដើម ។ ​បន្ទាប់ពី​ចាប់ដំណើរការ​គំនិតផ្តួចផ្តើមស្តីពី​ “ខ្សែក្រវាត់និងផ្លូវ”​ ការវិនិយោគ​របស់ចិនបាន​បង្វែរទៅលើ​វិស័យ​ជាច្រើន​ ជាពិសេសគឺ​ឧស្សាហកម្ម​សំណង់​ ឧស្សាហកម្ម​អចលនទ្រព្យនិង​ដឹកជញ្ជូន ​ដែល​ត្រូវជា​៧៣ភាគរយ​នៃទំហំ​វិនិយោគសរុប​លើកម្ពុជារបស់​ចិន ។ ​តាមដឹង ​នៅឆ្នាំ២០១៩ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគីរវាង​ចិននិងកម្ពុជា​បានឡើងដល់​៩ពាន់៤រយ​៣០លាន​ដុល្លារអាមេរិក​ ដែលកើនឡើង​២៧,៧ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានា​ឆ្នាំ២០១៨​ ។​ ក្រៅពីនេះ​ ចិនបាន​ក្លាយជា​ប្រទេស​ជាប្រភព​ប្រាក់ទុន​បរទេស​ធំបំផុតរបស់​កម្ពុជា ​ដែល​ត្រូវជា​៤៣ភាគរយ​នៃទំហំវិនិយោគ​ដោយផ្ទាល់​ពីបរទេសសរុប​នៅឆ្នាំ២០១៩ ។​ សម្តេច​ហ៊ុនសែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​កសាង​គម្រោង​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ក្រោម​គំនិតផ្តួចផ្តើម​“​ខ្សែក្រវាត់​និង​​ផ្លូវ​​” ​ការសាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ខេត្តព្រះសីហនុ​នឹងក្លាយជា​កម្លាំងចលករ​មួយកែប្រែ​វិមាត្រសេដ្ឋកិច្ច​កម្ពុជា ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរថ្មី​ជាការរួមចំណែក​យ៉ាងសំខាន់​ក្នុងការកែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេសកម្ពុជា​ ជាពិសេ​ស​អាច​ជំរុញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​ពាណិជ្ជកម្ម​ ​វិនិយោគ​និង​កសិកម្ម​របស់​ប្រទេសកម្ពុជា ​។

កាលពី​ថ្ងៃទី១២​ខែតុលា​ឆ្នាំ២០២០ ​ចិននិងកម្ពុជា​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាផ្លូវការ ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាងចិននិង​កម្ពុជាជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទីមួយ​ដែលតាក់តែង​កិច្ចសហប្រតិបត្តិការ​នៃគំនិតផ្តួចផ្តើម​ស្តីពី ​“ខ្សែក្រវាត់​និងផ្លូវ” ​ជាជំពូក​មួយដាច់​ដោយឡែក​ ។ ការចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះ​ជានីមិត្តសញ្ញា​ថ្មីក្នុងការអភិវឌ្ឍ​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ទ្វេភាគី​រវាងចិន​និងកម្ពុជា ​ដែលនឹង​ជំរុញ​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ទ្វេភាគីឡើង​ដល់កម្រិត​ថ្មី​ថែមទៀត ៕

 

 

អ្នកបកប្រែ:Sun Lingling