ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិន បានផ្ញើសារអបអរសាទរខួបទី ៧១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងវៀតណាមជូនចំពោះលោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម ។
ថ្លែងក្នុងលិខិតនេះ លោកស៊ី ជីនភីង បានលើកឡើងថា ចាប់ពីឆ្នាំមុនមក ទំនាក់ទំនងរវាងប្រទេសចិននិងវៀតណាមបានវិវឌ្ឍទៅរកភាពល្អប្រសើរឡើង ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Nguyen Phu Trong ចំនួនពីរលើក បានឈានដល់គំនិតឯកភាពរួមដ៏សំខាន់លើការពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងបក្សនិងប្រទេសទាំងពីរ ក៏ដូចជាការសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្រោមស្ថានការណ៍ថ្មីផងដែរ ។ ក្នុងខណៈពេលប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ភាគីទាំងពីរបានពួតដៃគ្នានិងទទួលបានសមិទ្ធផលសំខាន់ក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ក៏ដូចជាបានរៀបចំសកម្មភាពរំលឹកខួបទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យប្រព្រឹត្តទៅប្រកបដោយសណ្តាប់ធ្នាប់និងរបៀបរៀបរយល្អ ។
លោកស៊ី ជីនភីង បានគូសបញ្ជាក់ទៀតថា ការពង្រឹងមិត្តភាពជាប្រទេសជិតខាងប្រកបដោយសុខដុមរមនា និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា គឺសមស្របនឹងផលប្រយោជន៍រួមជាយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ ។ លោកបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងវៀតណាម រីករាយរួមជាមួយលោក Nguyen Phu Trong ដើម្បីជំរុញទំនាក់ទំនងរវាងបក្សនិងប្រទេសទាំងពីរឱ្យទទួលការវិវឌ្ឍរីកចម្រើនថ្មីជាបន្តបន្ទាប់ ។ លោកស៊ី ជីនភីងក៏បានជូនពរឱ្យសមាជបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ទទួលជោគជ័យយ៉ាងគាប់ប្រសើរផងដែរ៕
អ្នកបកប្រែ:Zhai Qianqian