ប្រធានរដ្ឋសភាកម្ពុជានិងចិនគំាទ្រសមិទ្ធផលជាច្រើនកើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

2021-01-19 14:50:16 |ប្រភព:វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

រដ្ឋសភាកម្ពុជានិងចិនបានគំាទ្រចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេសទំាងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទំាងប្រទេសចិន បានប្តេជ្ញារួមគ្នា គំាទ្រនិងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីប្រទេសទាំងពីរ ឲ្យបានរឹងមាំយូរអង្វែង ដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងសងខាង។ 

ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទំាងពីរ បានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជនទំាងសងខាង និងបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក ទៀតងផង។ 

សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអាទិ៍មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្សេងៗទៀតជាច្រើន។ 

ឯកឧត្តម លី ចាន់ស៊ូ  បានកត់សម្គាល់ថា ឆ្នាំ២០២០ដែលពិភពលោកជួបការលំបាកដោយសារជំងឺកូវីដ១៩ កម្ពុជានិងចិនបានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរឹងមាំឡើង តាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក នៅក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសចិន។ បន្ទាប់មកប្រទេសចិនបានបញ្ជូនជំនួយជាសម្ភារៈវិជ្ជសាស្រ្តនិងក្រុមគ្រូពេទ្យទៅកាន់ប្រទេសកម្ពុជា ចូលរួមប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។ ថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតចិន ដោយមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី បានថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន” និងបានផ្តល់វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជាទៀតផង។

ឯកឧត្តម លី ចាន់ស៊ូ បានលើកឡើងថា វ៉ាក់សំាងការពារជំងឺកូវីដ១៩ ប្រទេសចិនមានតម្រូវការច្រើនក្នុងការចាក់ជូនពលរដ្ឋខ្លួន ប៉ុន្តែផ្អែកលើចំណងមិត្តភាពរវាងប្រទេសនិងប្រជាជន នៃប្រទេសទំាងពីរ ប្រទេសចិនមិនភ្លេចមិត្តកម្ពុជានោះឡើយ។ 

សម្តេចអគ្គមហាពញាចក្រី ហេ សំរិន បានអរគុណដល់ប្រទេសចិន ដែលជានិច្ចកាលគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវ របស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសនៅក្នុងពេលថ្មីៗនេះ មិត្តចិនបានសម្រេចឧបត្ថម្ភវ៉ាក់សំាងចំនួន ១លានដុស ដល់កម្ពុជា។ វ៉ាក់សំាង ដែលរកឃើញ ដោយប្រទេសចិននោះ  នឹងចូលរួមទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោក ទាំងមូល។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងគ្រាដ៏លំបាកនេះ ដូចជាពេលផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ទំនាក់ទំនងទ្វេភាគីប្រទេសទំាងពីរកាន់តែមានភាពស៊ីជម្រៅ។ ពិតណាស់ដូចសុភាសិតខ្មែរពោលថា មិត្តពិតប្រាកដ ជាមិត្តដែលជួយគ្នាក្នុងគ្រាក្រ។ សម្តេចអគ្គមហាពញាចក្រី មានប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបាយចិនតែមួយ” និងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី។

ប្រធានស្ថាប័នសភាប្រទេសកម្ពុជានិងចិន បានប្រកាសពីការត្រៀមជាស្រេច ក្នុងការពង្រឹងកិច្ចសហការឲ្យជិតស្និតថែមទៀត រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត និងស្ថិតស្ថេរយូរអង្វែង និងបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ន សភាទាំងពីរនៅលើបញ្ហាតំបន់ និងអន្តរជាតិ។

ឯកឧត្តម លី ចាន់ស៊ូ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរមានសារៈសំខាន់ នៅក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ សភាប្រជាជនចិនបានភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា។  ឯកឧត្តមបានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីររក្សាទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធវីដេអូ នៅគ្រាដែលជំងឺកូវីដ១៩ មិនទាន់ធូរស្រាល នៅពេលជំងឺនេះបានធូរស្រាល សភាប្រទេសទំាងពីរគួរបង្កើតការផ្លាស់ប្តូរដំណើរទស្សនកិច្ច នូវគ្រប់កម្រិតរវាងគ្នាទៅវិញទៅមកឡើងវិញ។

ឯកឧត្តមបានប្រកាសជាថ្មីថា ចិនបានត្រៀមជួយកម្ពុជានៅគ្រប់កាលៈទេសៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋកម្ពុជា។