“កាលពីមុន ខ្ញុំចែកគ្រឿងឧបភោគបរិភោគឱ្យគេ ប៉ុន្តែឥឡូវនេះ ដល់ខ្ញុំសុំគ្រឿងឧបភោគបរិភោគហើយ” នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Fareeha Haq ស្ត្រីអាមេរិកដែលធ្លាប់ធ្វើការងារនៅ “ធនាគារគ្រឿងឧបភោគបរិភោគ”បានថ្លែងដោយខកចិត្តដូច្នោះ ។ បន្ទាប់ពីផ្ទុះឡើងការរីករាលដាលនៃជំងឺកូវីដ១៩ លោកស្រី Fareeha Haqនិងប្តីរបស់គាត់បានបាត់បង់ការងារ ដូច្នេះត្រូវទៅ “ធនាគារគ្រឿងឧបភោគបរិភោគ”សុំគ្រឿងឧបភោគបរិភោគឥតគិតថ្ងៃដោយខានមិនបាន ដើម្បីឆ្លងកាត់គ្រាលំបាក់នេះ ។
តាមទិន្នន័យថ្មីបំផុតរបស់រដ្ឋបាលពលករអាមេរិកបានឱ្យដឹងថា គិតរហូតដល់ថ្ងៃទី៩ ខែមករា ក្នុងមួយសបា្តហ៍ នៅអាមេរិក ក៏មានមនុស្សដែលស្នើសុំប្រាក់និកម្មភាពជាលើកដំបូងបានឡើងដល់៩សែន៦ម៉ឺង៥ពាន់នាក់ ដែលជាកំណត់ត្រាខ្ពស់បំផុតតាំងពីខែសីហាឆ្នាំ២០២០មក ។ ហើយទិន្នន័យនេះបានរក្សានៅចន្លោះពី៧០ម៉ឺននិង៩០ម៉ឺននាក់ក្នុងប៉ុន្មានសប្តាហ៍ជាប់ៗគ្នា ។ យើងងាកមកមើលទិន្នន័យមួយចំនួនទៀត តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា គិតរហូតដល់កណ្តាលខែតុលាឆ្នាំ ២០២០ ទ្រព្យសម្បតិ្តរបស់អ្នកមាននៅប្រទេសអាមេរិកបានកើនឡើងដល់៣.៨៨ទ្រីលានដុល្លារអាមេរិក បានកើនឡើងចំនួន៩សែន៣ម៉ឺន ១ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងខែមិនាឆ្នាំ២០២០ ។
ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លង បញ្ហាស្តីពីគម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្ររបស់អាមេរិក ត្រូវបានរំលេចកាន់តែច្បាស់លាស់ ។ ដោយសារទីផ្សារប័ណ្ណហ៊ុនបានឡើងថ្លៃ បានជាទ្រព្យសម្បតិ្តរបស់អ្នកមានបានកើនឡើងជាបន្តបន្ទាប់ ។ ពួកគេអាចធ្វើតេស្តរកវីរុសកូវីដ១៩មុនគេ អាចចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជាអាទិភាព ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកក្រីក្រកាន់តែច្រើនឡើងៗគ្មានម្ហូបអាហារ និងគ្មានលុយព្យាបាលជំងឺ ។ នៅក្រោយពីសភាពការណ៍ខុសគ្នាយ៉ាងស្រឡះបែបនេះ គឺសង្គមអាមេរិកបាននិងកំពុងមានភាពប្រេះស្រាំកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត ។
ព្រមពេលជាមួយគ្នានេះ នយោបាយលុយកាក់ដែលមានភាពកាន់តែធ្ងន់ធ្ងរ ធ្វើឱ្យអ្នកធ្វើសេចក្តីសម្រេចនៅសេតវិមាន គ្មានពេលវេលាផ្តោតសំខាន់ទៅលើអ្នកក្រីក្រដែលមានចំនួនរាប់សិបលាននាក់ រហូតដល់អូសទម្លាក់ជនជាតិអាមេរិកកាន់តែច្រើនឡើងៗឱ្យចូលទៅក្នុងភាពក្រីក្រហួសហេតុទៀតផង ។ ក្នុងបរិបទបែបនេះ ទោះបីជារដ្ឋាភិបាលអាមេរិកបានដាក់ចេញផែនការជួយឧបត្ថម្ភជាបន្តបន្ទាប់ក៏ដោយ ក៏មិនអាចកែប្រែបាតុភូតនៃគម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្រ ដែលជាបញ្ហាជាប្រព័ន្ធក្នុងសង្គមអាមេរិក ។ ជាងនេះទៅទៀត តើត្រូវធ្វើយ៉ាងណា ទើបអាចមានយុត្តិធម៌និងតម្លាភាពក្នុងការផ្តល់ជំនួយ ក៏ជាបញ្ហាមួយទៀតផងដែរ ។
“អ្នកមាននឹងជាអ្នកមានជាប់រហូត អ្នកក្រនឹងជាអ្នកក្រជាប់រហូត” សភាពការណ៍នេះបានក្លាយជាបញ្ហាដែលអាមេរិកដោះស្រាយមិនបាន ។ ក្នុងបរិបទផ្ទុះឡើងជំងឺកូវីដ១៩ ចន្លោះរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រទាប់ទាបនៃសង្គមអាមេរិកកាន់តែតិចទៅៗ ប៉ុន្តែទ្រព្យសម្បតិ្តរបស់អ្នកមានបែរជាអាចកើនឡើងជាបន្តបន្ទាប់ដោយមិនទទួលផលប៉ះពាល់អ្វីទាល់តែសោះ ។ ទំនាស់បែបនេះបាននិងកំពុងធ្វើឱ្យវិបតិ្តក្នុងរចនាសម័្ពន្ធសង្គមមានភាពកាន់តែផុយស្រួយ ដែលធ្វើឱ្យអ្វីដែលហៅថា “គំរូប្រជាធិបេតយ្យ”ក្លាយជារឿងដែលគួរឱ្យអស់សំណើច ៕
អ្នកបកប្រែ:Guo Xiangqing