បទវិភាគ៖កាលានុវត្តនភាពថ្មីក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការផែ្នកកសិកម្មរវាងចិននិងកម្ពុជាលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត

2021-01-22 19:21:17 |ប្រភព:CRI

ទោះបីជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​បាន​បង្ក​ផលប៉ះពាល់​ដែល​មិនធ្លាប់មាន​ពីមុន​ដល់​ទីផ្សារ​កសិផល​អន្តរជាតិ​ក៏ដោយ ​ក៏ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ​២០១៩ ​មក ​កិច្ចសហប្រតិបត្តិ​ការ​ផែ្នក​កសិកម្ម​រវាង​ចិន​និង​កម្ពុជា​បាន​កើនឡើង​ដោយ​ផ្ទុយ​នឹង​និន្នាការ​។​ការនាំចេញ​កសិផល​ពិសេស​របស់​កម្ពុជា​ទៅកាន់​ប្រទេសចិន ​ដូចជា​ ផែ្លចេក​និង​អង្ករ​ជាដើម​បាន​កើន​ឡើង​ជាបន្តបន្ទាប់​។​ដោយឡែក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដំបូងបង្អស់​ដែល​ចិន​និង​កម្ពុជា​បាន​ចុះ​ហត្ថលេខា​បាន​បំពេញ​បន្ថែម​កម្លាំង​ចលករថ្មី​ដល់​ការ​ពូនជ្រំ​កាលានុវត្តនភាព​ថ្មី​និង​ត្រួសត្រាយ​និម្មាបនកម្មថ្មី​ក្នុង​កិច្ចសហប្រតិបត្តិការ​ផែ្នក​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ។​

ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​ទន្ទឹម​នឹង​កិច្ចកសាង​"ខ្សែ​ក្រវាត់​និង​ផ្លូវ"​ទទួលបាន​ការវិវឌ្ឍ​រីក​ចម្រើន ​កិច្ចសហប្រតិបត្តិការ​ផែ្នក​កសិកម្ម​រវាង​ចិន​និង​កម្ពុជា​បាន​លើកកម្ពស់​លំដាប់ថ្នាក់​ឥត​ឈប់​ឈរ។​កាលពី​ខែឧសភា ​ឆ្នាំ ​២០១៩ ​ផែ្ល​ចេក​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ជា​លើកដំបូង ​នេះ​គឺជា​លើកទី ​១ ​ហើយ​ដែល​ផ្លែឈើ​ស្រស់​កម្ពុជា​បាន​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅកាន់​ទីផ្សារ​ចិន។​កាលពី​ខែមិថុនា ​ឆ្នាំ ​២០២០ ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយស្រស់​កម្ពុជា​ទៅកាន់​ប្រទេសចិន​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​ន័យថា ​ផ្លែស្វាយ​កម្ពុជា​ក៏បាន​ទទួល​លិខិត​ឆ្លង​គយ​សម្រាប់​ការ​នាំចេញ​ទៅកាន់​ប្រទេសចិន​ផងដែរ​។​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេសចិន​ក្នុង​ឆ្នាំ​ ២០២០ ​សរុប​ដល់ទៅ ​២ ​សែន ​៥ ​ម៉ឺន ​៨ ​ពាន់ ​២ ​រយ​តោន​ដែល​បាន​កើន​ជាង ​១ សែន ​៦ ​ម៉ឺន ​៥ ​ពាន់ ​តោន​បើប្រៀបធៀប​នឹង​ឆ្នាំ ​២០១៩ ​។​នាពេល​បច្ចុប្បន្ននេះ ​ប្រទេស​ចិន​និង​កម្ពុជា​កំពុង​ពន្លឿន​ការងារ​ខាង​ការ​ភូតគាម​អនាម័យ​សម្រាប់​ឱ្យ​កសិផល​ពិសេស​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេសចិន ​ក្នុង​នោះ ​បូករួមទាំង ​ផ្លែ​មៀន ​ផ្លែ​ស្រការនាគ ​ផ្លែដូង ​ម្រេច ​សំបុកត្រចៀក​និង​ផលិតផល​ជលផល​ជាដើម​។​

បច្ចុប្បន្ន​នេះ ​ខណៈពេល​ការងារ​នៅជំហានក្រោយ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ចិន​និង​កម្ពុជា​ត្រូវបាន​ប្រព្រឹតិ្ត​ទៅប្រកប​ដោយ​របៀប​រៀប​រយ ​ ​កិច្ចសហប្រតិបត្តិការ​ផែ្នក​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ក៏​នឹង​ពន្លឿន​ជំហាន​ទៅ​មុខ។​

សម្រាប់​ប្រទេសកម្ពុជា ​តាម​ការប៉ាន់ប្រមាណ​នឹង​មាន​វិនិយោគិនចិន​និង​សហគ្រាស​បរទេស​កាន់​តែ​ច្រើន​មាន​សុទិដ្ឋិនិយម​ចំពោះ​ឧត្តមភាព​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​អេកូ-កសិកម្ម​និង​អត្ថប្រយោជន៍​ខាង​គោលនយោបាយ​បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ព្រមនិង​បង្កើត​ក្រុមហ៊ុន​នៅកម្ពុជា ​ដែល​អាច​ផ្តល់​អំណោយផល​ដល់​ការ​ផ្លាស់ប្តូរ​រូបមន្ត​និង​លើកកម្ពស់​លំដាប់ថ្នាក់​លើ​វិស័យ​អភិវឌ្ឍ​កសិផល​កម្ពុជា ​ដូចជា ​ការ​បង្កើត​ខ្សែ​សង្វាក់​ឧស្សាហកម្ម ​កែច្នៃ​កសិផល​ចរាចរ​ទំនិញ​និង​ការដឹកជញ្ជូន​ជាដើម ​ក្នុងន័យ​លើក​ស្ទួយ​តម្លៃ​បន្ថែម​របស់​កសិផល​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​បរទេស។​

សម្រាប់​ប្រទេសចិន​វិញ ​ទន្ទឹម​នឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់​ក្នុងស្រុក​សម្រាប់​កសិផល​ត្រូពិក​គុណភាព​ខ្ពស់​មាន​ការកើនឡើង​យ៉ាងខ្លាំង ​ទស្សនៈ​ការ​ប្រើប្រាស់​ដែល​ថា ​"រសជាតិ​ដើម ​កសិផល​មកពី​ប្រភព​ដើម ​បាន​ក្លាយជា​ភាពទាន់សម័យ​ក្នុង​ការ​ប្រើ​ប្រាស់​ជា​សន្សឹមៗ ​ហើយ​កសិផល​ពិសេស​កម្ពុជា​ដែល​លែងប្រើ​ជីគីមី​និង​ថ្នាំ​បំពុល​សត្វល្អិត​និង​បៃតង​កាន់តែច្រើន​នឹង​ចូល​ទៅ​ផ្ទះ​ប្រជាជន​សាមញ្ញ​កាន់តែ​ច្រើន​។​ព្រមពេល​ជាមួយ​គ្នានេះ ​សហគ្រាស​កសិកម្ម​ចិន​ដែល​ប្រកបអាជីវកម្ម​នៅប្រទេស​កម្ពុជា​ព្រមទាំង​សួន​ឧស្សាហកម្ម​និង​សហគ្រាស​ដែល​ធ្វើ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​កសិផល​ក្នុងស្រុក ​ក៏​មាន​ចន្លោះអភិវឌ្ឍ​កាន់​តែ​ទូលំទូលាយ​និង​ដើរ​តួនាទី​កាន់តែ​ធំ​ក្នុង​កិច្ចសហប្រតិបត្តិការ​ផែ្នក​កសិកម្ម​ទ្វេភាគី​ផង​ដែរ។​

ខណៈពេល​ប្រទេសចិន​បើក​ទូលាយទីផ្សារ​របស់ខ្លួន​ថែមមួយ​កម្រិតទៀត ​តាម​ការ​ប៉ាន់​ប្រមាណ​នៅពេល​អនាគត ​នឹងមាន​ផលិតផល​គុណភាព​ខ្ពស់​របស់​កម្ពុជា​កាន់តែច្រើន​នាំ​ចេញ​ទៅកាន់​ប្រទេស​ចិន​។​ដោយឡែក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ចិន​និង​កម្ពុជា​ក៏​នឹង​ធ្វើឱ្យ​កសិផល​កម្ពុជា​មាន​ឧត្តមភាព​ខាង​តម្លៃ ​ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិ​ការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​លើកកម្ពស់​លំដាប់ថ្នាក់​ថ្មី​ម្តងទៀត​ផងដែរ៕​

 

អ្នកបកប្រែ:Wei Wei