កាលពីថ្ងៃទី ២១ ខែមករា លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិន បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកThongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវតាមការណាត់ ។
ថ្លែងក្នុងកិច្ចជំនួប លោកស៊ី ជីនភីងបានលើកឡើងថា ប្រទេសចិននិងឡាវគឺជាប្រទេសជិតខាងដែលគោរពរាប់អានគ្នា ។ ប្រទេសចិនរីករាយរួមជាមួយប្រទេសឡាវ ធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់កាន់តែស្អិតល្មួតថែមទៀត បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរបទពិសោធន៍ផ្នែកគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាតិ ។ ភាគីទាំងពីរគួរតែជំរុញនូវកិច្ចកសាងគម្រោងធំៗដូចជារបៀងសេដ្ឋកិច្ចចិន-ឡាវ និងផ្លូវដែកចិន-ឡាវជាដើមឱ្យប្រព្រឹត្តិទៅដោយរលូន ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ យុវជន និងទេសចរណ៍ជាដើម ។ ភាគីចិនរីករាយគិតពិចារណាពីការផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ ១៩ មួយចំនួនដល់ភាគីឡាវ ក៏ដូចជាបង្កើនការសម្របសម្រួលនិងសហប្រតិបត្តិការជាមួយភាគីឡាវលើកិច្ចការអន្តរជាតិនិងក្នុងតំបន់ សំដៅជំរុញការអភិវឌ្ឍរួមដែលប្រកបដោយភាពរុងរឿង ។
ជាការឆ្លើយតប លោកThongloun Sisoulithបានថ្លែងថា ភាគីឡាវសូមថ្លែងអំណរគុណចំពោះភាគីចិនដែលបានផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាដល់ប្រទេសឡាវក្នុងដំណាក់កាលអភិវឌ្ឍន៍នីមួយៗក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ។ ភាគីឡាវនឹងបន្តជំរុញការងារអនុវត្តផែនការប្រតិបត្តិការស្តីពីការកសាងសហគមន៍រួមវាសនារវាងប្រទេសឡាវនិងចិន ក៏ដូចជារួមជាមួយភាគីចិនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ “ខ្សែក្រវាត់និងផ្លូវ”និងវិស័យផ្សេងទៀត ព្រមនិងជំរុញការផ្លាស់ប្តូរដោយមេត្រីភាពលើគ្រប់ស្រទាប់ជាន់ថ្នាក់ ៕
អ្នកបកប្រែ:Zhai Qianqian