ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមករា កិច្ចប្រជុំស្តីពី“របៀបវារៈដាវ៉ូស ”នៃវេទិកាសេដ្ឋកិច្ចពិភពលោក នឹងប្រារព្ធធ្វើតាមប្រព័ន្ធអនឡាញ ។ តបតាមសេចកី្តអញ្ជើញរបស់លោក Schwab ស្ថាបនិកនិងជាប្រធានប្រតិបតិ្តនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងចូលរួមវេទិកាលើកនេះ ព្រមនឹងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធអនឡាញ ។ អ្នកដឹកនាំផ្នែកនយោយបាយនិងពាណិជ្ជកម្ម និងអង្គការសង្គមសរុបជាង១៥០០រូប ដែលមកពីប្រទេសនិងតំបន់ជាង៧០ នឹងធ្វើការពិគ្រោះពិភាក្សាអំពីប្រធានបទ “ក្តាប់ជាប់ឆ្នាំគន្លឹះ បង្កើតទំនុកចិត្តចំពោះគ្នាឡើងវិញ” ក្នុងន័យស្វែងរកវិធីសាស្ត្រសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ ។ ដោយឡែក មជ្ឈដ្ឋាននានាក៏មានការរំពឹងទុកថា ប្រទេសចិននឹងអាចលើកពីផែនការដ៏ល្អប្រសើរផងដែរ ។
ឆ្នាំ២០២០ សេដ្ឋកិច្ចសកលត្រូវបានរងការវាយប្រហារពីការរីករាលដាលនៃជំងឺកូវីដ១៩ ។ ប៉ុន្តែ ការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិនវិញ គឺទទួលបានសមិទ្ធផលដ៏ធំធេង ។ ទិន្នន័យពាក់ព័ន្ធបង្ហាញថា នៅឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបនៃប្រទេសចិនបានលើសពី១០០ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ទំហំពាណិជ្ជកម្មជាមួយក្រៅប្រទេសនៃប្រទេសចិនបានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រ ការប្រើប្រាស់ទុនបរទេសជាក់ស្តែងពេញមួយឆ្នាំបានកើនឡើងផ្ទុយពីនិន្នាការដែលធ្លាក់ចុះជាទូទៅ ហើយបានសម្រេចបាននូវកំណើនលើវិស័យចំនួនបី ពោលគឺទំហំសរុបនៃការកៀរគរទុនបរទេស ទំហំកំណើននិងកម្រិតអនុបាតនៅលើពិភពលោក ។
លោក Ronnie Lins ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីបញ្ហាប្រទេសចិននៃប្រទេសប្រេស៊ីលបានថ្លែងថា ប្រទេសចិនមានឋានៈយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសកលលោក ។ សេដ្ឋកិច្ចចិនស្តារភាពប្រក្រតីឡើងវិញកាន់តែឆាប់រហ័ស សេដ្ឋកិច្ចប្រទេសដទៃទៀតក៏នឹងវិលទៅកាន់កំណើនវិជ្ជមានវិញកាន់តែឆាប់រហ័សផងដែរ ។ ពិភពលោកទាំងមូលសុទ្ធតែរំពឹងទុកថា សេដ្ឋកិច្ចប្រទេសចិនអាចងើបឡើងវិញក្នុងពេលឆាប់ៗ ដោយសារប្រទេសចិនជា “ក្បាលម៉ាស៊ីនសេដ្ឋកិច្ច”របស់ពិភពលោក ៕
អ្នកបកប្រែ:Guo Xiangqing