ភ្នំពេញ៖កម្ពុជា-ចិន បានសហការគ្នារៀបចំ «ពិព័រណ៍ចិនសិល្បៈគំនូរផេនដា» នៅមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា រយៈពេលមួយខែ ដើម្បីឱ្យភ្ញៀវជាតិ-អន្តរជាតិចូលរួមទស្សនា និងផាត់ពណ៌ដោយសេរី បង្កើនការរឹតចំណងមិត្តភាពលើវិស័យវប្បធម៌ និងទេសចរណ៍នៃប្រទេសជាមិត្តទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។
ក្នុងពិធីបើកពិព័រណ៍ពិព័រណ៍គំនូរខ្លាឃ្មុំផេនកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលវប្បធម៌ចិន លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាបានបញ្ជាក់ថា តាមរយៈការសិក្សាពីផូស៊ីល ខ្លាឃ្មុំផេនដាមានជីវិតនៅលើផែនដីនេះអស់រយៈពេល ៨ លានឆ្នាំមកហើយ ដោយបានចូលរួមបង្កើតតម្លៃវិទ្យាសាស្ត្រអេកូឡូស៊ី វប្បធម៌ និងសោភ័ណភាព ពិសេសនៅក្នុងដំណើរការប្រវត្តិសាស្ត្រនៃការការពារជីវចម្រុះ ជាគំរូមួយសម្រាប់ការការពារប្រភេទសត្វដែលជិតផុតពូជ នៅក្នុងពិភពលោក។លោកបានបន្តថា ខ្លាឃ្មុំផេនដា គឺជាអត្តសញ្ញាណមួយរបស់ប្រទេសចិន ដែលវាបានរស់នៅក្នុងខេត្តស៊ីឈួន ហើយកម្មវិធីសួស្តីពិភពលោកក៏បានយកសិល្បៈគំនូរខ្លាឃ្មុំផេនដានេះ មកធ្វើជាប្រធានបទសំខាន់នៃពិពរណ៍សិល្បៈ ក្នុងឆ្នាំនេះដែរ ដើម្បីជាការចែករំលែកក្នុងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងបរទេស និយាយជារួម រវាងចិន និងកម្ពុជា និយាយដោយឡែក។
លោកស្រី ជ័រ វិនស៊ីង ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ការមកដល់នៃពិព័រណ៍សិល្បៈខ្លាឃ្មុំផេនដានឹងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា លើកកម្ពស់ការយោគយល់គ្នា និងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរ និងបញ្ចូលធាតុចូលថ្មីបន្ថែមទៀត ទៅក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងចិន និងកម្ពុជា។
លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសាទរចំពោះការតាំងពិព័រណ៍គំនូរខ្លាឃ្មុំផេននៅកម្ពុជានេះ ដែលនេះគឺជាកិច្ចបង្កើនទំនាក់ទំនងជាមេត្រីភាពនៃចំណងទាក់ទងជាប្រពៃណីរវាងប្រជាជាតិនៃប្រទេសទាំងពីរកម្ពុជា-ចិន ព្រមទាំងជាស្ពានទំនាក់ទំនងនៃកិច្ចផ្លាស់ប្តូរពុទ្ធិ និងបទពិសោធន៍លើវិស័យវប្បធម៌នៅកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីសួស្តីពិភពលោកគឺជាកម្មវិធីវប្បធម៌មួយរបស់ក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសចិន ក្នុងការចែករំលែកបទពិសោធន៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងបរទេស ហើយពិព័រណ៍សិល្បៈគំនូរខ្លាឃ្មុំផេនដា ដែលបានរៀបចំនៅកម្ពុជា នឹងស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិចូលរួមទស្សនា និងផាត់ពណ៌ដោយសេរីលើរូបគំនូរ រូបចម្លាក់ខ្លាឃ្មុំផេនដា ដែលបានដាក់តាំងនៅទីនោះ រយៈពេលមួយខែតទៅមុខ៕