ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់រដ្ឋាភិបាលចិនសម្រេចការសាងសង់បាន៩០ភាគរយរយហើយ

2021-01-26 15:13:23 |ប្រភព:វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចការសាងសង់បាន៩០ភាគរយរយហើយដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើកទី៣២ នាពេលខាងមុខ ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា និងជាលេខាធិការដ្ឋានបច្ចេកទេសសាងសង់ពហុកីឡ ដ្ឋានជាតិមរតកតេជោ បានឱ្យដឹងថា សម្រាប់ដំណើរការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកំពុងដំណើរសាងសង់យ៉ាងសកម្មមិនផ្អាកនោះឡើយនៅដំណាច់ចុងខែឧសភា ឆ្នាំ២០២១នេះនឹងសម្រេចរួចរាល់ ជាស្ថាពរដើម្បីធ្វើការសម្ពោធ សម្រាប់ទទួល កីឡាជាតិលើកទី៣នៅឆ្នាំ២០២២ដើម្បីត្រៀមទទួលកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ 

លោកបានបន្តថា កម្ពុជាបានត្រៀមរួចជាបណ្តើៗហើយ នូវហេដ្ឋរចនាសម្ព័ន្ធ ការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិ ដើម្បីត្រៀមស៊ីហ្គេម ក្នុងចន្លោះប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡាដើម្បីឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្ររបស់ ព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា គម្រោងពហុកីឡដ្ឋានដ៏ធំនេះវាជាគម្រោងដ៏ធំជាងគេនៅក្នុងអាស៊ីអាគ្នេយ៍របស់យើង គម្រោងសាងសង់នេះជំនួយប្រហែលជាង១រយលានដុល្លារអាមេរិក វាជាជំនួយអត់សំណងរបស់រាជរដ្ឋាភិបាលសារធាណរដ្ឋប្រជាមានិតចិនសម្រាប់សាងសង់ពហុកីឡដ្ឋាននេះជូនប្រជាជនកម្ពុជា ។ ពហុកីឡដ្ឋានទាំងមូល ផ្នែកសាងសង់គ្រោងបង្គុំអគារបានចប់សព្វគ្រប់រួចហើយ នៅតែសល់ការតុបតែងលម្អនិងការបំពាក់ ក្នុងពហុកីឡដ្ឋានធំនេះអាចផ្ទុកចំនួនៅទស្សនិកជន បានរហូតដល់៦ម៉ឺននាក់។ 

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ លើកទី៣២នេះ បែងចែកជា ១៤គណៈកម្មការ ក្នុងនោះ ទី១. គឺគណៈកម្មការសន្តិសុខ  និងសណ្តាប់ធ្នាប់ , ទី២.គណៈកម្មការកីឡា និងបទប្បបញ្ញាតិ ,ទី៣.គណៈកម្មការហរិញ្ញាវត្ថុ និងផ្គត់ផ្គង់,  ទី៤.គណៈកម្មការហ្គេមព័ត៌មានវិទ្យា, ទី៥.គណៈកម្មការទីលានប្រកួត,ទី៦.គណៈកម្មការវេជ្ជសាស្ត្រនិងដូភីង, ទី៧.គណៈកម្មការអ្នកស័្មគ្រចិត្ត ,ទី៨. គណៈកម្មការវប្បធម៌ បរិស្ថាននិងអប់រំកីឡា,ទី៩.គណៈកម្មការស្នាក់នៅ ហូបចុកនិងដឹកជញ្ជូន,  ទី១០. គណៈកម្មការផ្សព្វផ្សាយនិងព័ត៌មាន, ទី១១.គណៈកម្មការទីផ្សារនិងចលនូបត្ថម្ភ, ទី១២. គណៈកម្មការពិធីការ,  ទី១៣. គណៈកម្មការពិធីបើកនិងបិទ និងទី១៤. គណៈកម្មការលេខាធិការដ្ឋាន៕