ភ្នំពេញ៖ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភានៃប្រទេសកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីផ្សព្វផ្សាយចែករំលែកបទពិសោន៍ការជួយកុមារកម្ពុជាដែលបានបញ្ជូនទៅវះកាត់ និងព្យាបាលជំងឺបេះដូងចំហនៅប្រទេសចិន កាលពីព្រឹកថ្ងៃទី២២ មករា ២០២១ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ក្រោមកិច្ចគាំទ្រយ៉ាងពេញទំហឹងពីព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា ទើបសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អង្គការអ៊ីនឌី និងមន្ទីរពេទ្យបេះដូងហ្វូវ៉ាយខេត្តយូណាន ប្រទេសចិនបានប្រមូលផ្តុំក្រុមគ្រួសារ និងកុមារចំនួន៣០នាក់ដែលបានជាសះស្បើយ ពីជំងឺបេះដូងចំហ ក្រោយទទួលបានការវះកាត់និងព្យាបាល ដោយគិតថ្លៃ នៅប្រទេសចិន។
លោកបានរម្លឹកដែរថា ចាប់តាំងពីដើមខែមករា ២០២១៨ ដល់ចុងខែធ្នូ ២០១៩ មានកុមារកម្ពុជា ៥៣២១០នាក់ត្រូវបានពិនិត្យ ហើយជាទ្ធផល រកឃើញថា កុមារចំនួន៨៧រូបមានជំងឺបេះដូងចំហ និងបានបញ្ជូនទៅព្យាបាល នៅប្រទេសចិន ដោយក្នុងឆ្នាំ២០១៨ មានកុមារចំនួន២៩រូប និងក្នុងឆ្នាំ២០១៩ មាន៥៨រូប។
ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយដល់កុមារកម្ពុជា។ បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ ជាសកល ចាប់តាំងពីដើមឆ្នាំ២០២០មកក៏ដោយ ក៏ប៉ុន្តែគម្រោងជួយព្យាបាលជំងឺបេះដូងដល់កុមារកម្ពុជាគឺនៅតែបន្តដំណើរការ។ ស្ថានទូតចិននឹងបន្តជំរុញគម្រោងដែលផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជានេះជាបន្តទៀត ហើយសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍កាន់តែច្រើន ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ ឯកឧត្តមក៏សង្ឃឹមដែរថា កុមារកម្ពុជាដែលត្រូវបានព្យាលជំងឺបេះដូងជំហនឹងក្លាយជា អ្នកបន្តវេនឲ្យចំណងមិត្តភាពកម្ពុជា-ចិនកាន់តែជ្រាលជ្រៅបំផុត។
ឯកឧត្តម ទេព ងន បានមានប្រសាសន៍ដែរថា ក្នុងនាមព្រឹទ្ធសភាកម្ពុជា ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសចិនជាមិត្ត ដែលបានយកចិត្តទុកដាក់ពីសុខុមាលភាពរបស់ប្រជាជាតិទាំងមូលជាពិសេស គឺបានចូលរួមព្យាបាលកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើត ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រ ដល់ក្រុមគ្រូពេទ្យកម្ពុជា ដើម្បីចូលរួមលុបបំបាត់ជំងឺបេះដូងជំហពីកំណើតរបស់កុមារនៅកម្ពុជា។
គួររម្លឹកថា ក្នុងស្មារតី និងឆន្ទៈលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ មករា ២០១៨ ក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មការសុខាភិបាលជាតិ និងផែនការគ្រួសារនៃសាធារណរដ្ឋប្រជាមានិតចិនបានធ្វើការចុះហត្ថលេខារួមគ្នា លើអនុស្សរណៈយោគយល់គ្នាស្តីពី គម្រោង «ដំណើរការនៃក្តីស្រឡាញ់ពីបេះដូង» នៅកម្ពុជា ដែលភាគីចិននឹងផ្តល់នូវការវះកាត់ជំងឺបេះដូង ដោយឥតគិតថ្លៃដល់អ្នកជំងឺបេះដូងកម្ពុជា៕
វិទ្យុជាតិកម្ពុជា៖លោកចេមហួត