កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ២០២១មានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានហ្វឹកហាត់ចម្រុះ និងការសម្តែងលំហាត់ទាំង៧ ជំនាញរបស់និស្សិតនាយទាហានកងទ័ពជើងគោក ជំនាន់ទី៩ នៅវិទ្យាស្ថានកងទ័ពជើងគោក ថ្លុកតាសេកខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។
នៅក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរ សើរចំពោះអនុព័ន្ធយោធាចិន ប្រចាំកម្ពុជា ទីប្រឹក្សាយោធា ក្រុមបច្ចេកទេសចិន ប្រចាំវិទ្យាស្ថានកងទ័ពជើងគោក ដែល បានសហការល្អ ជាមួយកងយោធពលខេមរភូមិន្ទ តាមរយៈការជួយឧបត្ថម្ភគាំទ្រជាច្រើន ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី សម្ភារ និងថវិកាជួយកសាងហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានកងទ័ពជើងគោក តាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងនៃសកម្មភាព មនុស្សធម៌ ក្នុងស្មារតីទទួលខុសត្រូវ ក្នុងនាមជាបងប្អូន ជាមិត្តដែកថែប មិត្តអមតៈ ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ «មិត្តរួមសុខទុក្ខ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» និងជាមិត្តដៃគូដ៏ល្អ «និយាយតិច ធ្វើច្រើន»។
សំឡេង៖ កិច្ចសហប្រតិបត្តិការ យោធារវាងកងទ័ពទាំងពីរ ត្រូវបានបន្តពង្រឹង ពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយឈរ លើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ប្រយោជន៍ឱ្យគ្នា «លើមូលដ្ឋានឈ្នះឈ្នះ និងសហវិជ្ជមាន» ដែលមិនអាចបំបែកកាត់ផ្តាច់បានឡើយ ដូចថ្នាក់ដឹកនាំប្រទេសទាំងពីរបានលើកឡើងថា «មិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង កម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃរួមរវាងប្រជាជនយើងទាំងពីរកម្ពុជា-ចិន»។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសាទរចំពោះសមិទ្ធផលដែលដាក់ សម្ពោធនេះ ។ទាំងនេះបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធាចិន និងកម្ពុជាជាផ្នែកមួយដ៏សំខាន់នៃការកសាងសហគមន៍វាសនារួមប្រទេសទាំងពីរដោយកងទ័ពប្រទេសទាំងពីរតែងតែរក្សាបានទំនុកចិត្តយុទ្ធសាស្រ្តកម្រិតខ្ពស់ ក្នុងនោះមានការធ្វើទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរទៅវិញទៅមក ការបណ្តុះ បណ្តាលធនធានមនុស្ស ជំនួយយោធា ការធ្វើសមយុទ្ធយោធារួមគ្នា និងរួមគ្នាមានសន្តិសុខពហុភាគី និងក្នុងសកលលោក។ជាមួយគ្នានោះ ឯកឧត្តមបញ្ជាក់ថា វិទ្យាស្ថានកងទ័ពជើងគោក នេះ ជាកន្លែងបណ្តុះបណ្តាលថ្នាក់បរិញ្ញបត្រយោធាដល់នាយទាហានកម្ពុជាប្រកបដោយគុណភាព និងធំជាងគេនៅកម្ពុជា ព្រោះកន្លែងនេះ មានបំពាក់សម្ភារបរិក្ខាយោធាទំនើបៗ
សូមបញ្ជាក់ថា ទីលានហ្វឹកហាត់ចម្រុះនៃវិទ្យាស្ថានកងទ័ពជើងគោកជាជំនួយរបស់ក្រសួងការពារជាតិចិនដែលដាក់សម្ពោធនៅពេលនេះ រួមមាន៖ ១-អគារទីបញ្ជាការហ្វឹកហាត់បាញ់ចម្រុះចំនួន១ខ្នងកម្ពស់៣ជាន់ ,២- ទីលានហ្វឹកហាត់បាញ់ និងបញ្ជាមុខវិជ្ជាកាំភ្លើងធំ, ៣- ទីលានហ្វឹកហាត់បើកបររថក្រោះ រថពាសដែក, ៤-ទីលានហ្វឹកហាត់បើកបររថយន្ត, ៥-ទីលានហ្វឹកហាត់វិទ្យុទាក់ទង, ៦-ទីលានហ្វឹកហាត់វិស្វកម្ម, ៧-ទីលានហ្វឹកហាត់អាវុធថ្មើរជើងនិង៨-ទីលានហ្វឹកហាត់យុទ្ធវិធីវាយទីក្រុង ។ ទីលានហ្វឹកហាត់ទាំង៨នេះមានផ្ទៃដី២,៣ហិកតា ហើយក្នុងគម្រោងនេះនៅឆ្នាំនេះ ភាគីទាំងពីរនឹងកសាងសមិទ្ធផលផ្សេងៗជាច្រើនថែមទៀតបម្រើឱ្យការ ហ្វឹកហាត់របស់នាយទាហានកម្ពុជាឱ្យកាន់តែល្អប្រសើរ៕