ប្រទេសចិនបញ្ជូនគ្រូពេទ្យមកបង្រៀនចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់គ្រូពេទ្យកម្ពុជា

2021-02-04 16:57:09 |ប្រភព: វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ប្រទេសចិនបានបញ្ជូនគ្រូពេទ្យឱ្យមកបង្រៀនពីរបៀបថែរក្សា ដឹកជញ្ជូន និងចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់គ្រូពេទ្យកម្ពុជា ខណៈដែលវ៉ាក់សាំងការពារវីរុសកូវីដ-១៩ដែលជាជំនួយរបស់មិត្តចិននឹងមកដល់កម្ពុជានៅចុងសប្តាហ៍នេះ។ 

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចិននិងកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាងវិនធានបានបញ្ជាក់ថា បច្ចុប្បន្ននេះ ទោះបីប្រទេសចិន មានតម្រូវការវ៉ាក់សាំងកូវីដ-១៩ ដែរ ប៉ុន្តែប្រទេសចិននៅតែបានសម្រេចថា នឹងផ្តល់ជូនជាបន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ជាជំហានដំបូងគេ មកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ ដោយនឹងប្រើប្រាស់យន្តហោះពិសេសរបស់ប្រទេសចិន ដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ហើយក្រោយមកទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិនដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្រ្តមកធ្វើការបណ្តុះបណ្តាលបំពាក់បំប៉នក្រុមគ្រូពេទ្យ និងបានឧបត្ថម្ភសម្ភារការពារកូវីដ១៩ជាបន្តបន្ទាប់។ 

សម្តេចបញ្ជាក់ថា វេជ្ជបណ្ឌិតចំនួន ​៤ ​រូបដែលមានវត្តមាននៅថ្ងៃនេះ គឺមកជួយផ្សព្វផ្សាយ បង្ហាត់បង្រៀនជំនាញ ការដឹកជញ្ជូនវ៉ាក់សាំង ការរក្សាទុកវ៉ាក់សាំង និងចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់គ្រូពេទ្យកម្ពុជា ដែលមិនទាន់មានបទពិសោធន៍លើការងារនេះនៅឡើយ។ 

សម្តេចពិជ័យសេនា ក៍បានបញ្ជាក់ថា ក្នុងចំណោមជំនួយវ៉ាក់សាំងរបស់ចិន ដែលនឹងដឹកមកកម្ពុជាលើកដំបូង ៦០ម៉ឺនដូសនេះ នឹងត្រូវចាក់ដល់កងទ័ពចំនួន១៥ម៉ឺននាក់ ស្មើនឹង៣០ម៉ឺនដូស។

សម្តេចបានបញ្ជាក់បន្ថែមថា កងទ័ពត្រូវចាក់ទាំងអស់ ហើយបន្តទៀតគឺគ្រួសាររបស់គាត់ និងបន្តទៅអ្នកជុំវិញ។ សម្តេចអះអាងថា ក្រុមសំខាន់ផ្សេងទៀត ដែលត្រូវទទួលវ៉ាក់សាំង គឺមន្រ្តីរាជការ ជាពិសេសកងកម្លាំងប្រដាប់អាវុធ នគរបាល។

សម្តេចពិជ័យសេនា ទៀ បាញ់បានចាត់ទុកថា សកម្មភាពដែលភាគីចិនជួយកម្ពុជាតាំងពីដើមរហូតមកដល់ពេលនេះ ពិតជាបានបង្ហាញពីសាមគ្គីភាព ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ប្រទេសនិងប្រទេស ហើយនឹងប្រែក្លាយជាកេរ្តិ៍ដំណែលមួយ នៃការកសាងសហគមន៍មួយ វាសនាមួយ ទៅថ្ងៃអនាគតសម្រាប់មនុស្សជាតិ ដែលត្រូវបន្តទៅរាប់ពាន់ឆ្នាំ ហើយមានអត្ថន័យយ៉ាងជ្រាលជ្រៅ  ជាមិត្តសុខទុក្ខ  ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក និងជាមិត្តដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និយាយតិចធ្វើច្រើន៕