ភ្នំពេញ៖ ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា មានក្រុមហ៊ុនចិនមួយឈ្មោះ Global Digital Exchange Foundation Co,LTD គ្រោងមកធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីវិនិយោគលើវិស័យទូរទស្សន៍ចល័ត OTT តាម ប្រពន្ធ័Internet និងវិស័យផ្សព្វផ្សាយនៅកម្ពុជា ដើម្បីពង្រីកសក្តានុពលប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក Long Haiyun អគ្គនាយកក្រុមហ៊ុនមូលនិធិផ្លាស់ប្តូរឌីជីថលសកល ខូ អិល ធី ឌី ប្រទេសចិន បានឱ្យដឹងថា ក្រុមហ៊ុន មានគោលបំណងចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន លើវិស័យទូរទស្សន៍ចល័ត OTT តាមប្រពន្ធ័Internet និងវិស័យផ្សព្វផ្សាយនៅកម្ពុជា។ លោក Long Haiyun បានបន្ដថា សម្រាប់ដំណើរការប្រពន្ធ័ ទូរទស្សន៍ចល័តលើវិស័យ Internet នៅក្នុងប្រទេសវៀតណាម គឺមើលតាមទូរសព្ទ័ស្មាតហ្វូន ហើយជាក្រុមហ៊ុនធំឈានមុខ ទី៥នៅវៀតណាម ។ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា លើវិស័យ បច្ចេកវិទ្យាព័ត៌មាន ទើបក្រុមហ៊ុនចង់មកធ្វើកិច្ចសហការ ដើម្បីបម្រើទៅដល់សេចក្តីត្រូវការផ្នែកទស្សនការផ្សព្វផ្សាយនៅ កម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា កន្លងមកនេះនៅកម្ពុជា មានក្រុមហ៊ុនច្រើនមកវិនិយោគលើវិស័យ OTT ទូរទស្សន៍ចល័ត តែដូចជាមិនទាន់ដំណើរការបានល្អនៅឡើយ។ បច្ចុប្បន្ននេះ ក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យក្រុមហ៊ុន យូណាន់ TV ប្រើប្រាស់ប្រពន្ធ័OTT ហើយក្រុមហ៊ុនស៊ីងម៉េង ប្រើប្រពន្ធ័ IPTV ទូរទស្សន៍តាមប្រពន្ធ័ Internet ផងដែរ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវថា ប្រទេសកម្ពុជាគ្រោងធ្វើការបញ្ចប់ការផ្សាយ ពី Analog ទៅ Digital នៅឆ្នាំ២០២៣ ។ ដូច្នេះកម្ពុជា នឹងត្រូវចំណាយថវិកាច្រើន ហើយទាមទារ ឱ្យមានកិច្ចសហការផ្នែកបច្ចេកទេស ពីបណ្តាក្រុមហ៊ុនឯកជន និង បណ្តាប្រទេសនានា ដើម្បីអាចឱ្យដំណើរការផ្លាស់ប្តូរទូរទស្សន៍ពី Analog ទៅជា Digital បានដោយរលូន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានស្វាគមន៍ចំពោះគម្រោងវិនិយោគលើវិស័យផ្សព្វផ្សាយ តាមរយៈប្រពន្ធ័ OTTនេះ ហើយ ឯកឧត្តម បានឱ្យខាង ក្រុមហ៊ុនបញ្ជូនឯកសារ និងលិខិតស្នើសុំកិច្ចសហការនានាមកក្រសួង ដើម្បីធ្វើការពិនិត្យ និងបញ្ជូននូវរាល់សំណើទាំងនេះ ទៅប្រមុខរាជរដ្ឋាភិបាលសម្រេចជាចុងក្រោយ ទើបអាចដំណើរការងារនេះបាន៕