នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។
ឯកឧត្តម វ៉ាង វិនធាន បានបញ្ជាក់ថា វ៉ាក់សាំងដំណាក់កាលដំបូង ដែលជាជំនួយរបស់ប្រទេសចិននឹងត្រូវបញ្ជូនមកដល់ភ្នំពេញនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ ប្រទេសចិនបានផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជាជាបន្ទាន់ដែលបានបង្ហាញអោយឃើញមិត្តភាពដ៏ជ្រាលជ្រៅរវាងចិននិងកម្ពុជា ។
ប៉ុន្មានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងអំណរគុណជាច្រើនលើកដល់ប្រទេសចិន។ សម្តេច តេជោ បានថ្លែងថា វ៉ាក់សាំងផលិតដោយប្រទេសចិនងាយស្រួលក្នុងការដឹកជញ្ជូន និងរក្សាទុក ហើយមានប្រទេស និងតំបន់ជាច្រើនបានពិនិត្យសុវត្ថិភាព និងភាពជឿជាក់របស់វ៉ាក់សាំងចិន។ សម្តេច តេជោ បានប្រកាសតាមបណ្តាញសង្គម Facebook ថា នៅពេលដែលវ៉ាក់សាំងមកដល់ សម្ដេច តេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយផ្ទាល់តែម្ដង ។
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចិននិងកម្ពុជា វេជ្ជបណ្ឌិតរបស់កងទ័ពរំដោះប្រជាជនចិនក្រុមទី ១៦ ជួយផ្សព្វផ្សាយ បង្ហាត់បង្រៀនជំនាញ ការដឹកជញ្ជូនវ៉ាក់សាំង ការរក្សាទុកវ៉ាក់សាំង និងចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា ដើម្បីត្រៀមមុនពេលវ៉ាក់សាំងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា ។
តាមទិន្នន័យពីក្រសួងសុខាភិបាលបានបង្ហាញថា រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជម្ងឺកូវីដ19 របស់ប្រទេសកម្ពុជាមានចំនួន ៤៦៧ ករណី ជាសះស្បើយ ៤៥១ ករណី និងគ្មានករណីស្លាប់ ។
បកប្រែដោយ លូវ រ៉ុង