បទវិភាគ៖​តើ “​សម្ព័ន្ធ​ប្រជាធិបតេ្យ”​របស់​សហរដ្ឋអាមេរិក​មានកម្លាំងទាក់​ទាញយ៉ាង​ណា?​​

2021-02-08 16:56:02 |ប្រភព:

មិនថាសុន្ទរកថា​ស្តីពីគោលនយោបាយ​ការទូតដែល​លោក Joe ​Biden ​ប្រធានាធិបតី​អាមេរិក​បានថ្លែងក្នុង​ក្រសួង​ការបរទេសអាមេរិក​នាពេលថ្មីៗ​កន្លងទៅនេះ​ ឬក៏សកម្មភាព​ជាបន្តបន្ទាប់​នៃក្រុមការទូត​របស់​សហរដ្ឋអាមេរិក​បន្ទាប់ពីឡើង​កាន់មុខតំណែងក្តី​ សុទ្ធតែ​បាន​បញ្ជូន​ព័ត៌មានដ៏​សំខាន់មួយគឺ ​ការស្តារ​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​ឡើងវិញ​ ជាកិច្ចការ​អាទិភាព​ក្នុងតារាង​របៀបវារៈ​នៃរដ្ឋាភិបាល​អាមេរិកអាណត្តិនេះ ហើយប្រការនេះ​គឺដើម្បី​សម្រេច​គោលដៅ​បន្ទាន់​បន្ថែមទៀត​មួយ​ពោលគឺ​ បង្កើត​ឡើងវិញនូវ​សម្ព័ន្ធដែល​ចាត់ទុក​ប្រជាធិបតេយ្យ​ជាទស្សនៈ​តម្លៃសំខាន់ ។

ប៉ុន្តែតើ​សម្ព័ន្ធបែបនេះ​មានកម្លាំង​ទាក់ទាញ​យ៉ាងណា?

ប្រទេស​ជារដ្ឋសមាជិក​សហភាពអឺរ៉ុប​បាន​បង្ហាញឥរិយាបថ​ភ្លាមៗ​ ។ កាលពី​ថ្ងៃទី៥​ខែកុម្ភៈ ​លោកស្រី ​Angela​ Merkel ​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់បាន​ថ្លែងថា ​ពិតមែនតែ​អឺរ៉ុបនិង​សហរដ្ឋអាមេរិក​មានមតិឯកភាពគ្នា​ជាច្រើន​ក៏ដោយ​ ក៏ប៉ុន្តែអឺរ៉ុប​នៅតែត្រូវការ​ “គោលនយោបាយ​អំពីប្រទេសចិន”​ដ៏ឯករាជ​ ។ ​កាលពី​ថ្ងៃទី៤ខែកុម្ភៈ ​លោក ​Emmanuel ​Macron ​ប្រធានាធិបតី​បារាំងក៏បាន​បង្ហាញ​ឥរិយាបថ​ដូចគ្នា​ផងដែរ​ ដោយ​អះអាងថា ​ទោះបីជា​សហភាពអឺរ៉ុប​និងសហរដ្ឋអាមេរិក​មានទស្សនៈតម្លៃរួម​ក៏ដោយ​ ក៏ប៉ុន្តែមិន​គួររួមសហការ​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​បដិបក្ខគ្នា​ជាមួយ​ប្រទេសចិន​នោះទេ ។

ជាការពិត ​ក្នុងយុគសម័យ​ធ្វើ​សកលភាវូបនីយកម្ម​ ផលប្រយោជន៍​របស់​ប្រទេសនានា​មានទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ ហើយ​ជំងឺកូវីដ១៩​នាំឱ្យទូទាំង​ពិភពលោក​យល់ឃើញ​កាន់តែ​ស៊ីជម្រៅនូវ​សារសំខាន់​នៃ​សាមគ្គីភាព​និងកិច្ចសហប្រតិបត្តិការ ។ ​ដោយឡែក ​លោក​ Joe ​Biden​ ប្រធានាធិបតី​អាមេរិកក៏​គូសបញ្ជាក់ពី​ភាពចាំបាច់នៃ​ការធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​ផងដែរ​ ។​ អ៊ីចឹង ​ហេតុអ្វីបានជា​ប្រទេសដទៃ​ទៀតនឹង​ជ្រើសរើស​ការឈរ​នៅ​ជាមួយ​ប្រទេសចិន​ឬប្រទេស​អាមេរិក​ ព្រមទាំង​បដិបក្ខគ្នា​ជាមួយ​ចិននិង​ធ្វើឱ្យ​ប៉ះពាល់ដល់​ផលប្រយោជន៍​ផ្ទាល់ខ្លួនដើម្បី​ផលប្រយោជន៍​របស់សហរដ្ឋអាមេរិក?

មិនថា​រដ្ឋាភិបាល​អាមេរិក​អាណត្តិថ្មី​បានពិពណ៌នា​ “ប្រជាធិបតេ្យ”​ឱ្យបានល្អ​លើសលប់​យ៉ាងណា​ក៏ដោយ​ ក៏មិនអាច​បិទបាំង​ភាពវឹកវរគ្រប់​បែបយ៉ាងក្នុង​សង្គមសហរដ្ឋអាមេរិក​ផងដែរ​ ។ ​សូម្បីតែ​មតិសាធារណៈ​ក្នុងប្រទេស​អាមេរិកក៏​និយាយដោយ​សោកស្តាយថា​ សហរដ្ឋអាមេរិក​នាពេលបច្ចុប្បន្ន ​បានបាត់បង់​សមត្ថភាព​ក្នុងការហៅខ្យល់​និងភ្លៀងនៅ​ប្រទេស​ប៉ែកខាងលិច ។

រីឯការរីករាល​ដាលនៃ​ជំងឺកូវីដ១៩​បានលាតត្រដាង​នូវធាតុពិតនៃ​ទំនាក់ទំនងជា​ “សម្ព័ន្ធមិត្ត​​ប៉ាស្ទីក​”រវាងអាមេរិក​និងសហភាពអឺរ៉ុប​​ ។ ពីការទប់ស្កាត់​ទៅវិញ​ទៅមក​នូវ​សម្ភារៈ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​ដូចជាម៉ាស់ជាដើម​ ដល់ការឈ្លោះគ្នា​ដើម្បីដណ្តើម​យកវ៉ាក់សាំង​ អ្វីដែលហៅថា ​“សម្ព័ន្ធ​ទស្សនៈ​តម្លៃរួម”​បាន​បង្ហាញនូវ​មុខមាត់ពិត​នៃភាពអាត្មានិយម​នៅចំពោះមុខ​ផលប្រយោជន៍ ។ ​ប្រការនេះ​បានបញ្ជាក់ថា ​អ្វីដែលហៅថា ​“សម្ព័ន្ធ​ទស្សនៈ​តម្លៃរួម”​ដែលចាត់ទុក​នយោបាយ​ភូមិសាស្ត្រ​ជាគោលដៅ​ប្រហែល​គ្រាន់តែជា​ពាក្យស្លោក​ប៉ុណ្ណោះ​វាមិនអាច​ទទួលបាន​លទ្ធផលអ្វី​នៅទីបញ្ចប់ឡើយ ៕