ចាប់តាំងពីការបង្កើតយន្តការសហប្រតិបត្តិការរវាងចិននិងបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតកាលពីឆ្នាំ ២០១២ មក ចិនបានរក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ដែលមានម៉ាក់ល្បីៗជាច្រើននៃប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតបានរំលេចរូបរាងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិននិងបានទាក់ទាញ អតិថិជនចិនជាច្រើនឡើងៗ ។
ទន្ទឹមនឹងនេះដែរ ប្រទេសចិននិងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាលនិងខាងកើតបាននិងកំពុងលើកកម្ពស់គុណភាពជាបន្តបន្ទាប់នូវវិស័យពាណិជ្ជកម្មប្រពៃណីរវាងភាគីទាំងពីរ ។ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតបានឡើងដល់ ១០៣៤៥០ លានដុល្លារអាមេរិក ពោលគឺលើសពី ១០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង ហើយកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគបាននិងកំពុងពង្រីកជាបន្តបន្ទាប់ ។ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងបណ្តាប្រទេសចំនួន ១៧ នៅអឺរ៉ុបកណ្តាលនិងខាងកើតបានកើនឡើង ៨,៤% ។ គិតរហូតដល់ដំណាច់ឆ្នាំ ២០២០ ប្រទេសចិនបានវិនិយោគផ្ទាល់នូវទំហំទឹកប្រាក់ចំនួន ៣១៤០ លានដុល្លារអាមេរិកលើមុខរបរនានានៃបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតដែលពាក់ព័ន្ធនឹងវិស័យថាមពល រ៉ែ ហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ទំនិញ និងគ្រឿងបន្លាស់រថយន្តជាដើម ។