ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៨ ខែកុម្ភៈ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា ប្រទេសចិននិងសហរដ្ឋអាមេរិកគួរតែដើរទៅរកទិសដៅដូចគ្នា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រងការខ្វែងគំនិតយ៉ាងសមរម្យ ។
តាមការផ្សាយដំណឹងឱ្យដឹងថា ពេលផ្តល់បទសម្ភាសន៍នាពេលសប្តាហ៍នេះ លោកBiden ប្រធានាធិបតីអាមេរិកបាននិយាយអំពីប្រធានរដ្ឋចិន លោកស៊ីជីនភីង ដោយលើកឡើងថា សហរដ្ឋអាមេរិកមិនចង់មានជម្លោះជាមួយចិនទេ។ ពេលឆ្លើយសំណួរជុំវិញករណីនេះ លោក Wang Wenbin បានថ្លែងថា លោកស៊ីជីនភីង ប្រធានរដ្ឋចិនធ្លាប់មានការប្រាស្រ័យទាក់ទងជាមួយលោកប្រធានាធិបតី Biden ជាច្រើនលើក ។ ការរក្សាការប្រាស្រ័យទាក់ទងគ្នាគ្រប់ស្រទាប់ជាន់ថ្នាក់រវាងចិននិងសហរដ្ឋអាមេរិក គឺមានអំណោយផលដល់ការយោគយល់គ្នាទៅវិញទៅមកនិងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ប្រទេសចិនផ្តោតលើការអភិវឌ្ឍទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែលគ្មានជម្លោះ គ្មានការប្រឈមមុខដាក់គ្នា គោរពគ្នាទៅវិញទៅមកនិងមានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទន្ទឹមនឹងនេះ ចិនក៏នឹងបន្តគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព សន្តិសុខជាតិនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន ។ លោកបន្តថា ភាគីទាំងពីរគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងល្អប្រសើរនិងប្រកបដោយស្ថិរភាព ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនិងប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក ។