ថ្ងៃទី១៩ខែកុម្ភៈ លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកErywanរដ្ឋមន្រ្តីការបរទេសប្រ៊ុយណេដែលជាប្រធានផ្លាស់វេននៃអាស៊ាន។
ថ្លែងក្នុងកិច្ចជំនួប លោកErywanបានថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់ដល់ប្រ៊ុយណេ លោកបានអះអាងថា ប្រការនេះបង្ហាញយ៉ាងពេញលេញនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលស្គាល់មិត្តល្អក្នុងគ្រាលំបាក និងបានបកស្រាយអំពីអត្ថន័យនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រ៊ុយណេនិងចិន ។
ជាការឆ្លើយតប លោកវ៉ាងអ៊ីបានថ្លែងថា ភាគីចិនរីករាយធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរវាងចិននិងប្រ៊ុយណេ ដើម្បីរួមគ្នាទទួលបានជ័យជម្នះនៅខណៈពេលចុងក្រោយ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍បច្ចុប្បន្នរបស់មីយ៉ាន់ម៉ាផងដែរ។លោកErywanបានថ្លែងថា អាស៊ានយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍មីយ៉ាន់ម៉ា តែយ៉ាងណាក្តី កិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាគឺមានដំណោះស្រាយយូរអង្វែងដោយប្រជាជនមីយ៉ាន់ម៉ា ។ក្នុងនាមជាប្រធានផ្លាស់វេននៃអាស៊ាន ប្រ៊ុយណេរំពឹងថា ស្ថានការណ៍មីយ៉ាន់ម៉ាអាចរៀបចំស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗ។ អាស៊ានកំពុងគិតពិចារណាពីការបើកធ្វើកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នាជាមួយភាគីមីយ៉ាន់ម៉ា។
លោកវ៉ាងអ៊ីបានថ្លែងថា ប្រទេសចិននិងអាស៊ានបានឯកភាពគ្នាថា បញ្ហាដែលមីយ៉ាន់ម៉ាកំពុងប្រឈមមុខគឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា គួរតែស្វែងរកគម្រោងដំណោះស្រាយដោយសន្តិភាពក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់របស់មីយ៉ាន់ម៉ា ព្រមទាំងជំរុញដោយមានរបៀបរៀបរយនូវការផ្លាស់ប្តូររូបមន្តនៃប្រជាធិបតេយ្យក្នុងស្រុក។ ភាគីចិនរំពឹងថា ក្នុងនាមជាប្រធានផ្លាស់វេននៃអាស៊ាន ប្រទេសប្រ៊ុយណេអាចដើរតួនាទីសម្របសម្រួលដ៏សំខាន់ក្នុងរឿងនេះ ៕