ក្រសួងការពារជាតិចិនធ្វើការឆ្លើយតបថា៖ មិនអនុញ្ញាតឱ្យកែប្រែប្រវតិ្តសាស្ត្រ ត្រូវចងចាំពីវីរជនជានិច្ច

2021-02-20 18:25:36 |ប្រភព:

ថ្ងៃទី​១៩ ខែ​កុម្ភៈ ក្រសួងការពារចិន​បាន​​ចេញ​ផ្សាយ​អត្ថបទដែល​មាន​ចំណង​ជើង​ថា «​លោក Ren Guoqiang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារជាតិ​ចិន​ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន​ស្តីពីវីរភាព​​របស់​នាយ​ទាហាននិង​ពល​ទាហាន​តស៊ូ​​នៅ​ជួរ​មុខ​ដើម្បី​ការ​ពារ​ព្រំដែន​ » ។

លោក Ren Guoqiang បាន​ថ្លែង​ថា នៅ​ខែ​មិថុនា​ឆ្នាំ​២០២០ កងទ័ព​ឥណ្ឌា​បាន​ឆ្លងចូល​​ព្រំដែនចិន​​ដោយ​ខុស​ច្បាប់ ក្នុង​ចេតនា​បង្ក​ការ​ប៉ះទង្គិច​នៅ​ជ្រលងភ្នំGalwan បណ្តាលឱ្យកង​កម្លាំង​ភាគី​ទាំង​ពីរ​រង​របួស​និង​ស្លាប់​បាត់​បង់​ជីវិត ភាគី​ឥណ្ឌា​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ ។ បន្ទាប់​ពី​កើត​មាន​ការ​ប៉ះទង្គិច ដើម្បី​រក្សា​ស្ថានការណ៍​​ទូទៅ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេសទាំង​ពីរ​និង​កងទ័ព​ទាំង​ពីរ ព្រម​និង​បន្ធូរ​បន្ថយ​ស្ថានការណ៍តាន​តឹង​​ ប្រទេស​ចិន​បាន​រក្សា​ភាពអត់​ធ្មត់​ខ្ពស់ ប្រការ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវចិត្ត​ទូលាយ​និង​កាតព្វ​កិច្ច​របស់​ប្រទេស​ធំ​ដែល​​​មាន​​ទំនួល​ខុស​ត្រូវ​ ។ ប៉ុន្តែ ភាគី​ឥណ្ឌា​បាន​ឃោសនា​បំប៉ោង​ពី​ករណី រង​របួស​និង​ស្លាប់​បាត់​បង់​ជីវិត​ជា​ច្រើន​លើក​ មួល​បង្កាច់​ការ​ពិត ​ ​បំភាន់​ភ្នែក​មតិ​​អន្តរជាតិ ព្រម​ទាំង​មួល​បង្កាច់​កង​កម្លាំង​ការពារ​ព្រំដែន​របស់​ប្រទេស​ចិន​ទៀត​ផង ។ ប្រទេស​ចិន​មិន​អនុញ្ញាតឱ្យ​កែប្រែប្រវតិ្តសាស្ត្រដោយ​ផ្តេស​ផ្តាស   ហើយ​ចងចាំពី​វីរជន​ជា​និច្ច​ ។ ប្រព័ន្ធ​សារព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយអំពី​វីរភាព​​របស់​វីរជន​ជា​សាធារណៈ ដោយក្រម​សីល​ធម៌​វិជ្ជាជីវៈ​របស់​ប្រព័ន្ធ​សារព័ត៌មាន​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដោយ​សត្យានុម័ត ប្រការ​នេះ​មាន​អំណោយ​ផល​ដល់​ការ​បំភ្លឺពី​រ​ពិត​ និង​ធ្វើ​ឱ្យ​អ្នក​ផង​ទាំង​ពួង​មើល​ឃើញ​ច្បាស់​ពី​អ្វី​ដែល​ត្រូវ​និង​ខុស​ ។

គោល​ជំហរ​របស់​ប្រទេស​ចិន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​ចិន​និង​ឥណ្ឌា គឺ​ច្បាស់​លាស់ណាស់ ​ ពោល​គឺ​ជា​និច្ច​កាល​ ចិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដោះស្រាយ​ជម្លោះ​តាម​រយៈ​កិច្ច​សន្ទនា​និង​ចរចា ជានិច្ច​កាល​​ ចិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​គាំពារ​ស្ថានការណ៍​​ទូទៅ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​និង​កងទ័ព​ទាំង​ពីរ ជានិច្ច​កាល​​ ចិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​បន្ធូរ​បន្ថយ​ស្ថានការណ៍តាន​តឹងក្នុង​ពេល​ឆាប់ៗ និង​រៀប​ចំឡើង​វិញ​នូវភាព​​សុខសាន្តនៅតំបន់​ព្រំដែន​រវាង​ចិន​និង​ឥណ្ឌា​ក្នុង​ពេល​ឆាប់ៗ ៕