នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រទេសជាច្រើនជាបន្តបន្ទាប់ ។ បច្ចុប្បន្ននេះ ស្រមោលខ្មៅនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅតែគ្របដណ្តប់ទៅលើពិភពលោកទាំងមូល វ៉ាក់សាំងរបស់ប្រទេសចិនបានក្លាយជាក្តីសង្ឃឹមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដើម្បីគាំពារអាយុជីវិតរបស់ប្រជាពលរដ្ឋប្រទេសខ្លួន ដូច្នេះ អ្នកផងទាំងពួងបានចាត់ទុកវ៉ាក់សាំងទាំងនេះជា“កាដូចូលឆ្នាំថ្មីចិន” ។
ខណៈពេលគ្រាលំបាក់ ការផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់របស់ប្រទេសចិនទទួលបានការកោតសរសើរពីសំណាក់ភាគីនានា ។ លោកMnangagwaប្រធានាធិបតីនៃប្រទេសហ្ស៊ីមបាវេបានថ្លែងថា ការដែលប្រទេសចិនផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសហ្ស៊ីមបាវេជាដើម បានបង្ហាញឱ្យឃើញនូវតួនាទីរបស់ប្រទេសចិនដែលគួរឱ្យកោតសរសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល ។ ដោយឡែក នៅថ្ងៃទី៧ ខែកុម្ភៈ ជំនួយវ៉ាក់សាំងការពារកូវីដ១៩ជាលើកដំបូងរបស់ប្រទេសចិនបានដឹកជញ្ជូនទៅដល់ភ្នំពេញ រាជធានីប្រទេសកម្ពុជា ទាក់ទិងនឹងរឿងនេះ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា វ៉ាក់សាំងការពារកូវីដ១៩ដែលផលិតដោយប្រទេសចិនត្រូវទទួលស្គាល់ជាទូទៅថា មានសុវត្ថិភាពនិងប្រសិទ្ធភាព បានបង្ហាញឱ្យឃើញនូវចិត្តសប្បុរសធម៌របស់ចិននិងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិន ហើយមុខជានឹងជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយនៃប្រទេសយើងទាំងពីរផងដែរ ។
គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៣ដែលបានលើកឡើងតម្រូវការ ហើយបាននិងកំពុងនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសចំនួន២២ ។
ប្រការដែលគួរឱ្យលើកឡើងនោះ គឺនៅពីក្រោយដែលប្រទេសជាច្រើនបាននិងកំពុងទន្ទឹមរង់ចាំជាបន្ទាន់នូវវ៉ាក់សាំងចិន បានលាតត្រដាងនូវបញ្ហាជាក់ស្តែងនិងតានតឹងមួយ ពោលគឺប្រទេសទាំងនេះខ្វះធនធាននិងមធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងពីប្រទេសលោកខាងលិច ។
នាពេលថ្មីៗកន្លងទៅនេះ លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានវែកញែកថា បច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងជាសកលលេចចេញបាតុភូតអតុល្យាភាពនិងមិនស្មើភាពនៅតាមតំបន់ខុសៗគ្នា គិតរហូតដល់បច្ចុប្បន្ននេះ មានប្រទេសចំនួនជាង១៣០ នៅមិនទាន់ចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងនៅឡើយទេ ។ ក្នុងសនិ្នសីទថ្នាក់រដ្ឋមន្ត្រីស្តីពីបញ្ហាវ៉ាក់សាំងជំងឺកូវីដ១៩នៃក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិដែលបើកធ្វើជាសាធារណៈនាពេលកន្លងទៅថ្មីៗនេះ ប្រទេសចិនបានគូសបញ្ជាក់ម្តងទៀតថា បណ្តាភាគីនានាគួរតែចាប់ដៃគ្នា ដើម្បីទប់ស្កាត់“វ៉ាក់សាំងជាតិនិយម” ដើម្បីជំរុញការចែកចាយវ៉ាក់សាំងដោយស្មើគ្នានិងសមហេតុសមផល ។
ប្រទេសចិននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឱ្យវ៉ាក់សាំងក្លាយជាផលិតផលសាធារណៈដែលប្រជាជននៃបណ្តាប្រទេសនានាអាចប្រើប្រាស់បាននិងអាចរ៉ាប់រងថ្លៃវ៉ាក់សាំងបាន ក្នុងន័យធ្វើឱ្យកាដូពោរពេញទៅដោយភាពកក់ក្តៅរបស់ប្រទេសចិនក្លាយជាពន្លឺដែលបណ្តេញភាពអាប់អួរនៃជំងឺឆ្លងជាបន្តបន្ទាប់ ៕