នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១ មហាសន្និបាតបូកសរុបលទ្ធផលការងារ និងផ្តល់ប័ណ្ណសរសើរលើសមិទ្ធផលពុះពារឧបសគ្គការលុបបំបាត់ភាពក្រីក្រទូទាំងប្រទេសចិន បានប្រារព្ធធ្វើយ៉ាងឱឡារិកនៅសភាតំណាងប្រជាជនក្រុងប៉េកាំង។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចែកប័ណ្ណ និងមេដាយសរសើរដល់លោកស្រី ចាំង កីមៃ ដែលជាបុគ្គលគំរូដ៏ឆ្នើមក្នុងយុទ្ធនាការពុះពារឧបសគ្គការលុបបំបាត់ភាពក្រីក្រទូទាំងប្រទេសចិន និងជានាយកសាលាវិទ្យាល័យនារីហ្វាភីង ។
លោកស្រី ចាំង កីមៃ មានអាយុ ៦៣ ឆ្នាំ បានធ្វើការក្នុងវិស័យអប់រំជាង ៤០ ឆ្នាំ នៅតំបន់ព្រំដែនប្រទេសចិន ។
នៅខែតុលា ឆ្នាំ ១៩៧៤ លោកស្រី ចាំង កីមៃចេញពីស្រុកកំណើតខេត្តហឺឡុងជាំង(ភាគខាងជើងនៃប្រទេសចិន)មកដល់ខេត្តយូណាន (ភាគនិរតីនៃប្រទេសចិន)ធ្វើការអប់រំ ។ ពេលនោះ មានក្មេងស្រីជាច្រើនឈប់សិក្សាដោយសារគ្រួសារក្រីក្រ ចំពោះពួកគេ ការទៅសាលារៀនគឺជាសុបិនមួយដែលពិបាកនឹងសម្រេចបាន ។ លោកស្រី ចាំង កីមៃ ចង់ឱ្យក្មេងស្រីសិក្សាចំណេះដឹង ព្រមទាំងចេញទៅក្រៅស្រុកកំណើរខ្លួន។ លោកស្រីយល់ឃើញថា មានតែទៅសាលារៀនទេ ទើបអាចប្រែក្លាយវាសនារបស់ក្មេងស្រីទាំងនោះបាន។ ដូច្នេះ លោកស្រីបានមានគំនិតបង្កើតវិទ្យាល័យសម្រាប់នារីមួយ ។
លោកស្រី ចាំង កីមៃ ចាប់ផ្តើមរៃអង្គាសប្រាក់ ក្រោមការគាំទ្រពីរដ្ឋាភិបាល និងសង្គមនានា នៅឆ្នាំ ២០០៨ វិទ្យាល័យសម្រាប់នារីដែលបង្រៀនដោយយមិនគិតថ្លៃបានបង្កើតឡើង គឺវិទ្យាល័យនារីស្រុកហ្វាភីង ។ រយៈពេល ១២ ឆ្នាំកន្លងមកនេះ លោកស្រី ចាំង កីមៃ បានជួយក្មេងស្រីចំនួន ១៨០៤ នាក់ដែលប្រឈមនឹងបញ្ហាបញ្ឈប់ការសិក្សាឱ្យពួកគេបានទៅរៀននៅសាកលវិទ្យាល័យ។ ក្រោយពីការបញ្ចប់ការសិក្សា សិស្សទាំងនោះបានក្លាយជាគ្រូបង្រៀន គ្រូពេទ្យ និងប៉ូលីសជាដើម។ ពួកគេថា លោកស្រី ចាំង កីមៃ កែប្រែវាសនារបស់ពួកគេទាំងអស់គ្នា ។
បកប្រែដោយ លូវ រ៉ុង