យោងតាម«ព្រឹត្តិប័ត្រស្ថិតិអំពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គមប្រចាំឆ្នាំ២០២០»ដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានបង្ហាញថា តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗពេញមួយឆ្នាំឡើងដល់ ៧ ម៉ឺន ២ ពាន់ ៤ រយ ៤៧យាន់ប្រាក់ចិនដែលកើនឡើង ២ ភាគរយបើប្រៀបធៀបនឹងនៅឆ្នាំ ២០១៩ ។តាមការធ្វើបទបង្ហាញរបស់លោក Sheng Laiyun អនុប្រធានរដ្ឋបាលជាតិស្ថិតិចិនបានឱ្យដឹងថា ទំហំសេដ្ឋកិច្ចសរុបរបស់ចិនក្នុងឆ្នាំ ២០២០ បានវាយទម្លុះ ១ រយទ្រីលានយាន់ប្រាក់ចិន ហើយផលិតផលក្នុងស្រុកសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានលើសពី ១ ម៉ឺនដុល្លារអាមេរិកក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នា។
ប្រឈមនឹងស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញនិងតានតឹងព្រមទាំងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅឆ្នាំ ២០២០ ដំណើរការសេដ្ឋកិច្ចចិនបាននិងកំពុងរៀបចំភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់ ចិនគឺជាអង្គភាពសេដ្ឋកិច្ចតែមួយគត់ដែលបានសម្រេចកំណើនវិជ្ជមានខាងសេដ្ឋកិច្ចក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោកទាំងមូល ការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រទទួលបានជោគជ័យទាំងស្រុងនិងទទួលបានសមិទ្ធផលប្រកបដោយលក្ខណៈសម្រេចក្នុងការយកជ័យជម្នះលើការកសាងសង្គមដែលមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។
នាពេលកន្លងទៅថ្មីៗនេះ តួលេខមួយចំនួនគួរឱ្យពេញចិត្តដែលប្រទេសចិនទទួលបានចាប់តាំងពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមក ក៏ធ្វើឱ្យពិភពលោកមើលឃើញនូវភាពធន់និងកម្លាំងរស់រវើកនៃសេដ្ឋកិច្ចនិងសង្គមរបស់ចិនក្នុងការងើបឡើងវិញបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លង ពោលគឺ ទំហំលក់សំបុត្រភាពយន្តក្នុងថ្ងៃឈប់សម្រាកទីមួយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានលើសពី១ ពាន់ ៧ រយលានយាន់ប្រាក់ចិនដែលបានបំបែកកំណត់ត្រាថ្មីនៃទំហំលក់សំបុត្រភាពយន្តសរុបក្នុង ១ ថ្ងៃក្នុងប្រវត្តិសាស្រ្តភាពយន្តចិន។ចាប់ពីថ្ងៃទី ២០ ខែមករាដល់ថ្ងៃទី ១៨ ខែកុម្ភៈ ទំហំលក់បាយម្ហូបវេចខ្ចប់តាមអនឡាញបានកើនឡើង ៤៨.៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩ ក្នុងអំឡុងពេលថៃ្ងឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំនួនកញ្ចប់ដែលប្រមូលនិងដឹកជញ្ជូននៃមុខរបរដឹកជញ្ជូនទំនិញរហ័សផែ្នកប្រៃសណីយ៍ជាតិបានកើនឡើង ២៦០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ។តួលេខនៃការកើនឡើងទាំងនេះបានបង្ហាញពីសុវត្ថិភាពនិងភាពសប្បាយរីករាយរបស់ប្រជាជនចិនដែលរាប់មិនអស់។