នៅយប់ថ្ងៃទី ១ ខែមីនា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយលោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ និងលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន ។
ថ្លែងក្នុងជំនួបជាមួយលោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ លោកស៊ី ជីនភីងបានលើកឡើងថា ប្រទេសប៉ូឡូញជាប្រទេសធំក្នុងតំបន់អឺរ៉ុបកណ្តាលនិងខាងកើត ជារដ្ឋសមាជិកសំខាន់នៃសហភាពអឺរ៉ុប ហើយក៏ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិនដែលស្ថិតក្នុងទ្វីបអឺរ៉ុបផងដែរ ។ ប្រទេសចិនរីករាយរួមជាមួយភាគីប៉ូឡូញដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងប៉ូឡូញឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរនិងរយៈ ពេលវែងក្នុងឆ្នាំថ្មីនេះ ។
លោកស៊ី ជីនភីងបានគូសបញ្ជាក់ទៀតថា ភាគីចិនរីករាយបន្តរួមសហការជាមួយភាគីប៉ូឡូញក្នុងការបង្កើនការរួមគ្នាបង្ការនិងគ្រប់គ្រងក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍អំពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ព្រមពេលជាមួយគ្នានេះ ក៏នឹងរៀបចំឡើងវិញនូវការប្រាស្រ័យទាក់ទងរវាងបុគ្គលិកទៅវិញទៅមកជាបណ្តើរៗដោយមានរបៀបរៀបរយល្អ ក៏ដូចជាផ្គត់ផ្គង់វ៉ាក់សាំងដល់ភាគីប៉ូឡូញតាមលទ្ធភាពរបស់ចិនផងដែរ ។ ម្យ៉ាងទៀត ភាគីចិននឹងឆ្លងតាមរយៈការបង្កើតយន្តការពាក់ព័ន្ធក្នុងក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ជំរុញការនាំចូលគ្រឿងឧបភោគបរិភោគនិងផលិតផលកសិកម្មកាន់តែច្រើនពីប៉ូឡូញ ។
ថ្លែងក្នុងកិច្ចជំនួបជាមួយលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន លោកស៊ី ជីនភីងបានលើកឡើងថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប្រទេសតាជីគីស្ថានក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាព ហើយរីករាយរួមជាមួយភាគីតាជីគីស្ថានធ្វើតភ្ជាប់រវាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ជាមួយ”យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិមុនឆ្នាំ ២០៣០”របស់តាជីគីស្ថាន សំដៅជំរុញទំនាក់ទំនងរវាងប្រទេសចិននិងតាជីគីស្ថានឱ្យវិវឌ្ឍរីកចម្រើនទៅមុខដោយឥតឈប់ឈរ ៕