កាលពីរសៀលថ្ងៃទី ៦ ខែមីនា លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅសួរសុខទុក្ខតំណាងនៃមជ្ឈដ្ឋានសុខាភិបាលនិងឱសថព្រមនឹងមជ្ឈដ្ឋានអប់រំដែលចូលរួមកិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ព្រមទាំងចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីស្តាប់មតិយោបល់និងសំណើផងដែរ ។
លោកស៊ីនជីនភីងបានគូសបញ្ជាក់ថា ត្រូវតែតម្កល់ទុកការគាំពារសុខភាពរបស់ប្រជាជនជាអាទិភាពយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ ប្រកាន់ខ្ជាប់នូវសុខុមាលភាពសាធារណៈនៃកិច្ចការសុខាភិបាលជាមូលដ្ឋាន ផ្តោតលើជំងឺកាចសាហាវនិងបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់សុខភាពប្រជាជន ពន្លឿនការអនុវត្តសកម្មភាពចិនសុខភាព ពង្រឹងនិងពង្រីកបណ្តាញការពារសុខភាពជាសាធារណៈរបស់រដ្ឋ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃមន្ទីរពេទ្យរដ្ឋ ដើម្បីផ្តល់សេវាកម្មសុខាភិបាលគ្រប់ជ្រុងជ្រោយនិងគ្រប់ពេលវេលាជូនប្រជាជន ។ ប្រទេសចិនត្រូវអនុវត្តគោលលំនាំផ្នែកកាអប់រំរបស់គណបក្សដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់នូវការអប់រំបែបសង្គមនិយម ប្រកាន់ខ្ជាប់នូវគោលការណ៍ធ្វើការអប់រំជាសាធារណៈ ខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធអប់រំសាធារណៈជាមូលដ្ឋានដែលប្រកបដោយគុណភាពល្អនិងតុល្យភាព បង្កើតប្រព័ន្ធអប់រំប្រកបដោយគុណភាពខ្ពស់ដែលធ្វើឱ្យប្រជាជនពេញចិត្ត ដើម្បីបណ្តុះបណ្តាលអ្នកកសាងនិងអ្នកបន្តវេននៃសង្គមនិយមដែលទទួលបានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ។