បទវិភាគ៖ការបើកទូលាយមានតែដំណើរការជាបន្តបន្ទាប់ តែគ្មានទីបញ្ចប់នោះទេ

2021-03-10 17:26:39 |ប្រភព:CRI

នៅឆ្នាំ ​២០២០ ​ដែល​ជំងឺ​កូវីដ ​១៩ ​បាន​រីក​រាល​ដាល​យ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក​និង​ការវិនិយោគ​ជា​សកល​មាន​ភាព​ថមថយចុះ ​ការ​ប្រើ​ប្រាស់​ទុន​បរទេស​ជាក់​ស្តែង​នៃ​ប្រទេស​ចិន​បាន​កើន​ឡើង​៦.២ ​ភាគរយ​ផ្ទុយ​នឹង​និន្នាការ​ដែល​បានក្លាយជា​ប្រទេស​មានលំហូរ​ចូលទុន​បរទេស​ច្រើនបំផុត​នៅទូទាំង​ពិភពលោក។​ឈាន​ចូល​ឆ្នាំ ​២០២១ ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់ចិន​បាន​រក្សា​និន្នការ​កើនឡើង​ជា​បន្ត​បន្ទាប់។​បន្ទាប់​ពី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន ​អត្រា​បើកការដ្ឋាន​និង​ស្តារផលិតកម្ម​ឡើងវិញ​នៃ​គម្រោង​វិនិយោគ​និង​អត្រា​បើកការដ្ឋាន​នៃ​សហគ្រាស​សំណង់ ​សុទ្ធតែ​ខ្ពស់ជាង​ឆ្នាំ​មុនៗ។​ទំហំ​នាំចេញ​នាំចូល​សរុប​ពី​ខែមករា​ដល់​ខែកុម្ភៈ ​បើ​គិតតាម​ប្រាក់​យាន់ចិន​បាន​កើនឡើង ​៣២.២ ​ភាគរយ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នៅឆ្នាំ​ ២០២០ ​។​

ក្នុង​បរិបទ​ដែល​បាន​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​និង​ទំហំ​បណ្តាក់ទុន​ផ្ទាល់​ឆ្លងដែន​ជាសកល​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ​ហេតុអ្វីបានជា​ប្រទេសចិន​អាច​បំបែក​កំណត់ត្រា​ថ្មី​ផ្ទុយ​នឹង​និន្នាការ​ក្នុង​ការ​កៀរ​គរ​ការ​វិនិយោគ​បរទេស​?​ប្រការនេះ​មិនអាច​ឃ្លាតពី​វិធានការ​បើក​ទូលាយ​មួយចំនួន​និង​និម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី​ស្តីពី​ដំណើរ​វិលជុំ​ទាំងជាតិ​និង​អន្តរជាតិ​ដែលបាន​តាក់​តែង​ដោយ​ប្រទេស​ចិន​។

 "ដំណើរ​វិលជុំ​ទាំងជាតិ​និង​អន្តរជាតិ"​បាន​ក្លាយជា​ពាក្យ​ក្តៅ​មួយ​នៃ​ការអភិវឌ្ឈ​របស់​សេដ្ឋកិច្ច​ចិន​។​ក្នុងអំឡុង​ពេល​មហាសន្និបាត​នៃ​សភា​ទាំងពីរ​របស់​ប្រទេសចិន​នៅឆ្នាំនេះ ​"ដំណើរ​វិលជុំ​ទាំងជាតិ​និង​អន្តរជាតិ"​ត្រូវ​ពិភាក្សា​គ្នា​យ៉ាង​សកម្ម​ម្តងទៀត។​យ៉ាងណាមិញ ​មជ្ឈដ្ឋានខាងក្រៅ​នៅតែ​មាន​ការយល់​ច្រឡំ​អំពី​បញ្ហានេះ ​ឧទាហរណ៍ ​ដូចជា ​មាន​ការព្រួយបារម្ភ​ថា ​តើប្រទេសចិន​នឹង​បន្ត​បើកទូលាយ​ឬអត់​និង​តើ​ការ​បង្កើត​ជា​ទីផ្សារក្នុងស្រុក​ដ៏ខ្លាំងក្លា​នឹង​បង្រួញតូច​នូវ​ចន្លោះ​សម្រាប់​ការវិនិយោគ​របស់​ពាណិជ្ជករ​បរទេស​ឬអត់​ជាដើម​។​វា​ច្បាស់ណាស់ថា ​ការ​ងឿង​ឆ្ងល់​ស្រដៀងគ្នា​នេះ ​គឺ​មាន​ការ​យល់ច្រឡំ​ចំពោះ​ទំនាក់​ទំនង​រវាង​"ដំណើរ​វិលជុំ​ទាំងជាតិ​និង​អន្តរជាតិ"​។​ដោយឡែក​វា​មិន​មែន​ជា​ដំណើរ​វិលជុំ​បែប​បិទ​ទ្វារ​និង​ឯកឯង​នោះទេ ​ហើយ​ក៏​មិន​មែន​មាន​បដិបក្ខ​គ្នា​ផងដែរ ​តែគឺ​មាន​តម្រូវការ​ទៅវិញ​ទៅមក​និង​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក។​

ក្នុង​របាយការណ៍​ការងារ​រដ្ឋាភិបាលចិន​ដែល​បាន​លើកជូន​ពិនិត្យពិភាក្សា ​គោលនយោបាយជា​យុទ្ធសាស្រ្ត​ស្តីពី​ការពង្រីក​តម្រូវការ​ក្នុងស្រុក​ត្រូវ​បាន​សង្កត់ធ្ងន់​ម្តងទៀត។​នេះមានន័យថា ​ប្រទេសចិន​នឹង​ត្រួស​ត្រាយ​យ៉ាងពេញលេញ​នូវ​សក្តានុពល​នៃ​ទីផ្សារ​ក្នុងស្រុក​ដើម្បី​នាំមក​នូវ​"ទីផ្សារ​សកល"​មួយ​ដែល​ត្រូវបាន​លើក​កម្ពស់​គុណភាព​និង​ពង្រីក​ឱកាស​សហប្រតិបត្តិការ​ដល់​ពិភពលោកទាំងមូល​។​

ជាពិសេស ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ខាងមុខនេះ ​រដ្ឋាភិបាលចិន​បាន​គ្រោង​ផែនការ​ដោយគ្រប់ជ្រុងជ្រោយ​លើ​វិស័យ​ការ​អប់រំ ​ឱកាស​ការងារ ​ការធានា​រ៉ាប់រង​ផ្នែកសុខាភិបាល​និង​ការ​ធានា​ជីវិភាព​មនុស្ស​ចាស់ជរា​ជា​ដើម ​ក៏ដូចជា​ខំប្រឹងប្រែង​រកគ្រប់មធ្យោបាយ​ដើម្បី​"បង្កើនប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ វិធីសាស្ត្រ​ជាច្រើន"​ក្នុង​ន័យ​ធ្វើឱ្យ​ប្រជាជន​កាន់តែ​ខិតជិត​នឹង​ជីវភាព​ល្អបវរ​ដែល​ជា​ក្តីប្រាថ្នា​របស់ខ្លួន​ពី​មួយ​ថៃ្ង​ទៅ​មួយ​ថៃ្ង​។

លើសពីនេះ​ទៅទៀត ​ស្ថិតក្រោម​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី ​អ្វីដែល​ប្រទេសចិន​គ្រោង​នឹង​បង្កើត​ឡើង​គឺ ​សេដ្ឋកិច្ច​ជាតិ​ដែល​ដំណើរការ​នីមួយៗ ​ដូចជា ​ផលិតកម្ម ​ការចែកចាយ ​ចរាចរ​និង​ការប្រើប្រាស់​មានភាពរលូន ​ក៏ដូចជា​អាច​សម្រេច​បាន​នូវ​តុល្យភាព​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​ព្រម​និង​កកើត​ទៅជា​ដំណើរ​វិលជុំ​វិជ្ជមាន​ផងដែរ។​ប្រការ​នេះ​នឹង​ផ្តល់​កិច្ចសម្រួល​កាន់តែ​ច្រើន​ឡើងៗ​ដល់​ការវិនិយោគ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​និង​កាត់បន្ថយ​ដើមទុន​សម្រាប់​សហគ្រាស។​

ក្នុង​រយៈពេល​ជាង​ ​៤០ ​កន្លង​ទៅនេះ ​ប្រទេសចិន​បានទទួល​ផលប្រយោជន៍​ជាច្រើន​ពី​កំណែទម្រង់​និង​ការ​បើក​ទូលាយ ​ពួកយើង​ដឹង​ច្បាស់​ថា ​ប្រសិន​បើ​ចង់​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ដែល​មាន​គុណភាព​កាន់តែ​ខ្ពស់ ​នោះ ​ចាំបាច់ត្រូវ​ពង្រីក​ការបើកទូលាយ​ថែមមួយ​កម្រិតទៀត ​ហើយ​រក្សា​ការប្រាស្រ័យ​ទាក់​ទង​និង​អន្តរកម្ម​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សេដ្ឋកិច្ចសកល​។​

បើនិយាយ​ចំពោះ​ប្រទេសចិន ​ការបើកទូលាយ​មានតែ​ដំណើរការ​ជាបន្តបន្ទាប់ ​តែ​មិន​គ្មាន​ទី​បញ្ចប់​នោះ​ទេ​៕​