ប្រទេសចិនកំពុងអនុវត្តជាក់ស្តែងក្នុងការការពារទន្លេមាតា

2021-03-10 17:27:46 |ប្រភព:CRI

អំឡុងពេល​មហាសន្និបាត​​នៃ​សភា​ទាំងពីរ​នៃ​ប្រទេសចិន​ឆ្នាំ​2021​ ​​លោកស៊ីជីនភីង​បាន​បញ្ជាក់​នាថ្ងៃទី ៧ខែមីនា​ ​​ថា៖ ​ត្រូវ​ប្រកាន់​ខ្ជាប់​​តម្កល់​ការការពារ​អេកូបរិស្ថាន​ជា​អាទិភាព ​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ​ដើម្បីបង្កើត​​ជីវភាព​ដែល​មាន​​គុណភាព​ខ្ពស់។ ​លោកបាន​ផ្តោត​សំខាន់​លើ​ការការពារ​ប្រភព​ទឹក​ទន្លេ​ចំនួន៣​សំខាន់ៗ​របស់​ចិន​(ពោលគឺ​ទន្លេ​យង់សេ ​ទន្លេ​លឿង ​និងទន្លេ​ឡានឆាង​ដែល​កំណាត់​ទន្លេ​ក្រៅ​ដែន​ចិន​ត្រូវ​ហៅថា​​ទន្លេមេគង្គ)  ​ក៏ដូចជា​ការការពារ​ទន្លេ​​មាតា​។

សូមបញ្ជាក់ថា ​ទន្លេ​មាតា​របស់​ប្រទេស​ចិន​គឺ​​ទន្លេ​លឿង​និង​ទន្លេ​យង់សេ​។​ទំហំ​ផ្ទៃ​​ទន្លេ​លឿង​(Yellow River)​មាន​ដល់ទៅ ​79 ម៉ឺន 5 ពាន់​គីឡូម៉ែត្រ​ការ៉េ​។ ​ចំណែក​ឯ​ទន្លេ​យង់សេ​(Changjiang River) ​មានបណ្តោយ​​សរុប​ ​6387គីឡូម៉ែត្រ។​

ថ្ងៃទី៩ខែមីនា​ជារៀងរាល់ឆ្នាំ​ជា​ទិវា​ការពារ​ទន្លេ​មាតា​​របស់​ប្រទេសចិន​​​(Mother River Protection Day)។​​ជាទូទៅ​​គ្រប់មជ្ឈដ្ឋាន​ទូទាំង​ប្រទេសចិន​ក្នុងនោះ​​បូក​រួមទាំង​យុវជន​ផង​សុទ្ធតែ​ចូលរួម​ក្នុង​សកម្មភាព​ពាក់ព័ន្ធ​ដូចជា​ដាំ​ដើមឈើ​  ​​​ជួយ​បង្ការ​និង​គ្រប់គ្រង​ការបំពុល​ទន្លេ ​ជាដើម ​​ដើម្បី​រួមគ្នា​រៀបចំ​អេកូបរិស្ថានជាតិ​ឱ្យ​កាន់តែ​ស្អាត​ត្រកាល​។

លោកស៊ីជីនភីងប្រមុខរដ្ឋ​ចិន​ក៏​បាន​គូស​បញ្ជាក់​ជា​ច្រើនលើក​ច្រើន​សា​ថា៖ ​​​ការ​អភិរក្ស​​ឱ្យបាន​ល្អ ​ប្រើប្រាស់​ឱ្យបាន​ល្អ ​អភិវឌ្ឍ​​ឱ្យបាន​ល្អ​នូវ​ទន្លេ​យង់សេ​និង​ទន្លេ​លឿង ​គឺជា​​ភារកិច្ច​សំខាន់​​ដែល​ត្រូវ​បន្ត​ធ្វើ​ទៅ​គ្រប់​ជំនាន់​ ព្រោះវា​​ពាក់ព័ន្ធ​​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​​ការស្តារ​​​ភាពរុងរឿង​​ដ៏​មហិមា​​ឡើងវិញ​និង​​ការអភិវឌ្ឍ​​ប្រកប​ដោយ​ចីរភាព​​​នៃ​ប្រជាជាតិចិន។

សូមបញ្ជាក់ផងដែរថា   ​​ចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០២១​តទៅ ​ច្បាប់​ការពារ​ទន្លេ​យង់សេ​ដែលជា​​ច្បាប់​​​ផ្តោត​​សំខាន់​​​លើ​​ការ​ការពារ​តំបន់​​តាម​ដង​​​ទន្លេ​​ទីមួយ​របស់​​ប្រទេសចិន​​បាន​ត្រូវ​អនុវត្ត​ជា​ផ្លូវការ​។​ចំណែក​ការតាក់តែងច្បាប់​ការពារ​ទន្លេ​លឿង​ក៏​នឹងចាប់ផ្តើម​ផងដែរ​។​

ដោយឡែក ​​កាលពីខែ​វិច្ឆិកា​​ឆ្នាំ២០១៤  ​​ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​​ចិន​-អាស៊ាន​លើកទី​១៧ ​លោក លីខឺឈាំង ​នាយករដ្ឋមន្ត្រី​ចិន​បាន​លើកឡើង​ពី​ការ​បង្កើត​​យន្តការ​សហប្រតិបត្តិការ​​​ឡានឆាង-មេគង្គ។ ​នាខែ​មីនា​ឆ្នាំ២០១៦  ​​​កិច្ចប្រជុំ​​កំពូល​​លើកទីមួយ​នៃ​កិច្ចសហប្រតិបត្តិការ​​ឡានឆាង-មេគង្គ​បាន​បើកធ្វើនៅ​​​ទីក្រុងសានយ៉ា ​ខេត្ត​ហៃណាន​ប្រទេស​ចិន​ ​ដើម្បី​​​ចាប់ដំណើរការ​កិច្ចសហប្រតិបត្តិការ​​​ឡានឆាង-មេគង្គ​ដោយ​គ្រប់ជ្រុងជ្រោយ​​  ​ក្នុង​​គោល​បំណង​​ ​ជំរុញ​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​​និង​ប្រាកដ​ប្រជា​​រវាង​ប្រទេស​តាម​ដង​ទន្លេ​ឡានឆាង-មេគង្គ​ចំនួន ៦ ​(ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ​ថៃ វៀតណាម​) ​ឱ្យ​កាន់តែស៊ីជម្រៅ   ​​ព្រម​និង​ជំរុញ​​​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៃ​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​ ​ដើម្បី​បង្កើត​​​ខ្សែក្រវាត់​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​ដង​ទន្លេ​ឡានឆាង-មេគង្គ ​​រួមគ្នា​កសាង​​​សហគមន៍​រួម​វាសនា​នៃ​ប្រទេស​តាមដង​​ទន្លេ​ឡានឆាង-មេគង្គ​។  ​​កិច្ចសហប្រតិបត្តិការ​​​ផ្នែក​​ធនធាន​ទឹក​និង​ការការពារ​បរិស្ថាន​ជា​ខ្លឹមសារ​សំខាន់​មួយ​នៃ​យន្តការ​នេះ​  ​ក្រៅពីនេះ​នៅមាន​ការបង្កើន​កិច្ចសហប្រតិបត្តិការ​​​និង​ការផ្លាស់ប្តូរ​ក្នុង​វិស័យ​ដូចជា​ ​សេដ្ឋកិច្ច ​សង្គមកិច្ច ​វប្បធម៌ ​ការ​លើក​កម្ពស់​​ជីវភាពរស់នៅ​របស់​ប្រជាជន​​   ​កសិកម្ម​និង​រុក្ខកម្ម​ ​និង​សន្តិសុខ​​​ជាដើម  ​ក្នុង​គោល​បំណង​​​​បង្កើន​​ផលប្រយោជន៍​ជូន​ប្រជាជន​គ្រប់ប្រទេស​ ​​ជំរុញ​​ដំណើរ​​សមាហរ័ណកម្ម​​​នៃ​​សមាគម​​អាស៊ាន​ ​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​រវាង​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​និង​របៀបវារៈ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ២០៣០នៃ​អង្គការ​សហប្រជាជាតិ​ផងដែរ​៕​​​