ក្រសួង​ការបរទេសចិន​ថ្លែងថា ​ភាគីចិននឹង​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាងសកម្ម​ខាងការកាត់​បន្ថយភាពក្រីក្រ​អន្តរជាតិ​​

2021-03-11 16:35:33 |ប្រភព:CRI

តាម​ការផ្សាយ​ដំណឹងឱ្យដឹងថា​ ពេលថ្មីៗ​កន្លងទៅនេះ​ លោក ​Antonio ​Guterres ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានផ្ញើ​សារលិខិត​ជូនប្រទេសចិន​ ដើម្បី​អបអរសាទរ​ប្រទេសចិន​ទទួលបាន​ជោគជ័យ​គ្រប់ជ្រុងជ្រោយ​ក្នុង​​យុទ្ធនាការ​ពុះពារ​ឧបសគ្គ​ក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រ​ ហើយថ្លែងថា ​ការដែល​ប្រទេសចិន​ទទួលបាន​សមិទ្ធផលដ៏​អស្ចារ្យ​បែបនេះ​បាននាំមកនូវ​ក្តីសង្ឃឹម​​​ដល់សហគមន៍​អន្តរជាតិ​ ។

ទាក់ទិននឹង​រឿងនេះ ​លោក ​Zhao Lijian ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំកាលពី​ថ្ងៃទី១០​ខែមីនាថា ​ភាគីចិន​សូម​សម្តែង​ការកោតសរសើរ​ចំពោះ​ការសម្តែង​អាកប្បកិរិយា​វិជ្ជមានរបស់​លោក ​Antonio ​Guterres ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ការលុបបំបាត់​ភាព​ក្រីក្រ​ជាឧត្តមគតិរួម​របស់​មនុស្សជាតិ ​។ ចិនបាន​សម្រេច​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​មុនពេល​កំណត់​១០ឆ្នាំនៃ​របៀបវារៈ​អភិវឌ្ឍន៍​ជានិរន្តរភាព​ឆ្នាំ២០៣០​នៃអង្គការ​សហប្រជាជាតិ​​ ដែលបានរួម​ចំណែកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ការលុបបំបាត់​ចោល​ភាពក្រីក្រក្នុង​ក្របខ័ណ្ឌ​ពិភពលោក​និងសម្រេច​ការអភិវឌ្ឍ​ដោយ​សន្តិភាព ។

លោក ​Zhao ​Lijian បាន​ថ្លែងបន្តថា​ ចិនបាន​ផ្តួចផ្តើម​គំនិតស្តីពី​ការរួមគ្នាកសាង​ “ខ្សែក្រវាត់​និងផ្លូវ”​ដែលនឹង​ជំរុញឱ្យ​ប្រជាជន​៧លាន៦​សែននាក់របស់​ប្រទេស​ពាក់ព័ន្ធចេញ​ផុតពីភាពក្រីក្រ​ដាច់ខាត​ និងប្រជាជន​ចំនួន៣២​លាននាក់​ចេញផុតពី​ភាពក្រីក្រ​កម្រិតមធ្យម ​។ ភាគីចិននឹង​បន្តឆ្លងតាម​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីនិង​ពហុភាគី​ដើម្បីជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត​លើកកម្ពស់​ការកសាង​សមត្ថភាព​ ព្រមទាំងធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាងសកម្ម​ខាងការកាត់បន្ថយ​ភាពក្រីក្រ​អន្តរជាតិ ​ដើម្បី​ជំរុញដំណើរ​កាត់បន្ថយ​ភាពក្រីក្រ​អន្តរជាតិ ។