លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនថ្លែងថា ឆ្នាំនេះប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ការតម្កល់ទុកការឱកាសការងារជាអាទិភាព

2021-03-12 16:40:20 |ប្រភព:CRI

រសៀលថ្ងៃ​ទី​១១​ខែ​មីនា កិច្ច​ប្រជុំ​លើក​ទី​៤​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​បិទ​បញ្ចប់។ លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ចិននិង​បរទេស​បន្ទាប់ពី​ពិធី​បិទ​បញ្ចប់​មហាសន្និបាត។ លោក​លីខឺឈាង​បាន​ថ្លែងថា ពេល​តាក់តែង​គោលនយោបាយ​ម៉ាក្រូ​នៃ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ ប្រទេស​ចិន​នឹង​បន្ត​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​ស្តីពី​ការ​តម្កល់​ទុក​ការ​ផ្តល់​ឱកាស​ការ​ងារ​ជា​អាទិភាពតទៅទៀត។

លោក​លីខឺឈាង​បាន​គូស​បញ្ជាក់​ថា ឱកាស​ការ​ងារ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន ហើយក៏​ជា​មូលដ្ឋាន​គ្រឹះនៃ​ការ​អភិវឌ្ឍ​ផង​ដែរដែល​អាច​ជំរុញដល់​ការ​ប្រើប្រាស់​និង​ជំរុញ​ដល់​សេដ្ឋកិច្ច។ នៅ​ឆ្នាំ​២០២០ ប្រទេស​ចិន​បាន​សម្រេច​ការ​ផ្តល់​ឱកាស​ការ​ងារ​ថ្មី​នៅ​តាម​ជនបទ​និង​ទីក្រុងចំនួន​១១លាន​៨​សែន​៦​ម៉ឺន​នាក់ ហើយ​ក៏​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​ចំនួន​២,៣%ផងដែរ ចំណូល​របស់​ប្រជាជន​ក៏​បាន​កើន​ឡើង​ក្នុង​ពេល​ដំណាល​គ្នា ប្រការ​ទាំង​នេះ​សុទ្ធ​តែ​ល្អ​ជាង​ការ​ប៉ាន់​ប្រមាណ។

លោក​លីខឺឈាង​បាន​ថ្លែង​បន្ត​ថា គោល​ដៅ​ស្តី​ពី​ការ​ផ្តល់ឱកាស​ការ​ងារ​ថ្មី​នៅ​តាម​ជនបទ​និង​ទីក្រុង​ដែល​ប្រទេស​ចិន​បាន​កំណត់​ក្នុង​ឆ្នាំ​នេះ​គឺ​លើស​ពី​១១លាន​នាក់ ការ​មាន​ការ​ងារ​ធ្វើ​ត្រូវ​ពឹង​លើ​ទី​ផ្សារ​ជា​អ្នក​ដើរ​តួ​នាទីសំខាន់ ហើយ​បន្ត​ធានា​ដល់​ការ​ផ្តល់​ឱកាស​ការ​ងារ​តាម​រយៈ​ការ​ធានា​ដល់​តួអង្គសំខាន់​ៗ​នៃ​ទីផ្សារ ៕