រដ្ឋាភិបាល​ចិន​នឹង​បរិច្ចាគ​​វ៉ាក់សាំងជំងឺ Covid-19 ជូនដល់កងកម្លាំងរក្សា​សន្តិភាពនៃអង្គការសហប្រជាជាតិ

2021-03-16 16:22:43 |ប្រភព:CRI

​ថ្ងៃទី ១៥ ខែ មីនា លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​​បាន​ផ្ញើសារលិខិតជូនលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនជាផ្លូវការអំពីការដែល​ប្រទេស​ចិន​នឹង​​បរិច្ចាគ​​វ៉ាក់សាំងជំងឺ ​Covid-19 ​ជូន​ដល់កងកម្លាំងរក្សា​សន្តិភាពនៃអង្គការសហប្រជាជាតិ និងផ្តល់អាទិភាពជូនកងកម្លាំង​​ដែលកំពុងបំពេញភារកិច្ចក្នុងតំបន់បេសកកម្មនៅអាហ្វ្រិក ។ 

​គណៈប្រតិភូ​អចិន្ត្រៃយ៍របស់ប្រទេសចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា នេះជាវិធានការលម្អិតដែល​ប្រទេសចិនអនុវត្តជាក់ស្តែង​នូវ​ការ​ធ្វើឱ្យ​​​​វ៉ាក់សាំងជំងឺ​ Covid-19​ ​ទៅជា​ទំនិញ​សាធារណៈ​ជាសកល ក៏ជាការបង្ហាញពី​ការគាំទ្រជាក់ស្តែង​របស់ប្រទេស​ចិនដល់អង្គការសហប្រជាជាតិនិងពហុភាគីនិយមផងដែរ ។ ប្រទេសចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាពរបស់កងកម្លាំងរក្សា​សន្តិភាព ​គាំទ្យឱ្យកងកម្លាំងរក្សា​សន្តិភាពទទួល​បាន​ការចាក់​​វ៉ាក់សាំងជំងឺ Covid-19 ក្នុងពេលឆាប់ៗ ដើម្បីការពារអាយុជីវិតនិងសុខភាពរបស់ពួកគេ​ ដើម្បីបំពេញ​បេសកកម្ម​រក្សា​សន្តិភាព​​ឱ្យ​បាន​កាន់​តែ​ល្អ ៕ ​