ក្រសួង​ការបរទេស​ចិនឆ្លើយតបនឹងរឿងដែលប្រទេសកូរ៉េខាងត្បូងអះអាងថា ព្យុះធូលីមានប្រភពពីប្រទេសចិនដោយលើឡើងថា ពេលធ្វើសន្និដ្ឋាន​ត្រូវផ្អែកលើការស្ទង់ពិនិត្យតាមវិទ្យាសាស្ត្រជាមុនសិន

2021-03-17 18:04:45 |ប្រភព:CRI

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូង​បាន​ឱ្យដឹងថា ព្យុះធូលី​ដែលមានប្រភព​​ពីប្រទេសចិនបាន​វាយប្រហារកូរ៉េខាងត្បូង ។ ទាក់​ទិន​នឹងរឿងនេះ លោក Zhao​ Lijian​ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែង​កាល​ពី​ថ្ងៃទី ១៥ ខែ មីនា ថា បញ្ហាបំពុល​បរិស្ថាននិងខ្យល់អាកាសគ្មានចែក​ព្រំដែនទេ ពេលធ្វើសន្និដ្ឋានចំពោះប្រភពនៃព្យុះធូលី​ត្រូវផ្អែកលើការស្ទង់ពិនិត្យតាមវិ​ទ្យាសាស្ត្រនិងការវិភាគ​ចម្រុះ​ជាមុនសិន​ ។ ​

លោក Zhao Lijian បានថ្លែងទៀតថា ​បើយោងតាមការវិភាគរបស់ភ្នាក់ងារស្ទង់ពិនិត្យនៃប្រទេសចិន ​ធាតុអាកាសដែលមានព្យុះធូលី​នេះគឺមកពី​ក្រៅដែនប្រទេសចិន ។ ប្រទេស​ចិន​គ្រាន់តែជាទីកន្លែង​មួយដែលព្យុះធូលី​ឆ្លងកាត់តែប៉ុណ្ណោះ ។ ថ្មីៗកន្លងទៅនេះ អាជ្ញាធរម៉ុងហ្គោលីបាន​ប្រកាស​ដំណឹងពាក់ព័ន្ធអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយព្យុះធូលី ​ សាធារណៈ​មតិនៃប្រទេស​ចិន​មិនបាន​ចោទប្រកាន់ចំពោះម៉ុងហ្គោលីថា ប្រហែលជា​​ប្រភពដើម​នៃ​ព្យុះធូលីនោះទេ ​។ 

លោក Zhao Lijian បានគូសបញ្ជាក់ទៀតថា ប្រទេស​ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះ​​ការគ្រប់គ្រងខ្សាច់ ហើយ​ទទួលបាន​ប្រសិទ្ធភាពយ៉ាងលេចធ្លោ នេះក៏បាន​រួមចំណែកយ៉ាងខ្លាំងសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់អាកាស​នៅក្នុងតំបន់ផងដែរ ។ ​​ព្យុះធូលីលើកនេះបានបង្ហាញថា យើង​មាន​ការងារ​ជាច្រើន​ទៀត​ដែលត្រូវ​ធ្វើ​លើកិច្ច​សហប្រតិបត្តិការក្នុងវិស័យអភិបាលកិច្ចបរិស្ថានក្នុង​តំបន់របស់យើង ។ ភាគីចិនរីករាយ​​រួមសហការ​ជាមួយប្រទេសជិតខាងនិងសហគមន៍អន្តរជាតិ ដើម្បី​​រួមចំណែកយ៉ាងសកម្មក្នុងការកសាង​​ពិភពលោកដ៏ស្រស់ស្អាត​ ៕