បទវិភាគ៖បោះបង់ចោលគំនិត"វ៉ាក់សាំងជាតិនិយម" ជ្រើសយកគំនិត"វ៉ាក់សំងពហុភាគីនិយម"

2021-03-19 15:47:45 |ប្រភព:CRI

មុនពេល​ជនជាតិអាមេរិក​ទាំងអស់​សុទ្ធតែ​ទទួល​ការ​ចាក់​វ៉ាក់សាំង ​សហរដ្ឋអាមេរិក​នឹង​មិន​ផ្តល់​វ៉ាក់សាំង​ទៅឱ្យ​ប្រទេស​ណាមួយ​នោះ​ទេ។​ទាក់ទិន​នឹង​បញ្ហា​វ៉ាក់សាំង​ជំងឺ​កូវីដ​ ១៩ ​ការ​បង្ហាញ​អាកប្បកិរិយា​របស់​សេតវិមាន​អាមេរិក​បាន​បកស្រាយ​ពី​អ្វី​ដែល​ជា​"វ៉ាក់សាំង​ជាតិ​និយម"​សុទ្ធសាធ។​ក្នុង​កាលៈទេសៈ​គន្លឹះ​ដែល​ពិភពលោក​ទាំង​មូល​បាន​និង​កំពុង​ពួតដៃគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺឆ្លង ​ការចែក​ចាយ​វ៉ាក់សាំង​ជំងឺ​កូវីដ ​១៩ ​ដោយ​អយុត្តិធម៌​និង​មិន​សមហេតុផល​បែបនេះ​បាន​បណ្តាល​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នៅ​ទូទាំង​ពិភពលោក​ស្ថិត​នៅក្រោម​ការ​ដឹក​នាំ​សំខាន់​នៃ​"ច្បាប់ព្រៃ"​។​

យោងតាម​របាយការណ៍​បានបង្ហាញ​ថា ​សហរដ្ឋអាមេរិក ​សហភាពអឺរ៉ុប ​អង់គ្លេស ​អូស្ត្រាលី ​កាណាដា​និង​ជប៉ុន​បាន​ទទួល​វ៉ាក់សាំង​សរុប​ជាង ​៣ ​ប៊ីន​លាន​ដូស ​យ៉ាង​ណា​មិញ ​ប្រសិន​បើ​គិត​តាម​ការ​ចាក់​វ៉ាក់សំង​ពីរ​ដូស​ក្នុងមនុស្សម្នាក់ៗ ​នោះ ​ប្រទេស​ដូច​ពោល​ខាង​លើ ​គ្រាន់តែ​ត្រូវការ​វ៉ាក់សាំង ​២.០៦ ​ប៊ីន​លាន​ដូស ​ហើយ​នៅតែ​មាន​វ៉ាក់សាំង​ចំនួន​ជិត ​១ ​ប៊ីន​លានដូស​បាន​លើសពី​តម្រូវការ។​ប៉ុន្តែ​ព្រមពេល​ជាមួយ​គ្នានេះ ​នៅទូទាំង​ពិភព​លោក ​នៅតែ​មាន​ប្រទេស​ចំនួន ​ជាង ​១៣០ ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ជំងឺកូវីដ​ ១៩ ​នៅ​ឡើយ​ដែល​នឹង​ជះឥទ្ធិពល​​អវិជ្ជមាន​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នៅ​ទូទាំង​ពិភពលោក​។​

ក្នុង​មួយ​រយៈពេល​កន្លងទៅនេះ ​វ៉ាក់សាំង​ជំងឺកូវីដ ​១៩ ​របស់ ​ក្រុមហ៊ុន ​AstraZeneca ​នៃ​អង់គ្លេស​បាន​ជួប​ប្រទះ​បញ្ហា​ធ្ងន់​ធ្ងរ ​ដូច្នេះ ​ព័ត៌មាន​អវិជ្ជមាន​អំពី​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ​ហើយ​បន្ទាប់មក ​ប្រទេស​កាន់តែ​ច្រើន​ឡើងៗ​បាន​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ជំងឺកូវីដ ​១៩ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន ​AstraZeneca ​។​សហរដ្ឋ​អាមេរិក​មិន​ទាន់​ផ្តល់​សិទ្ធិអំណាច​ឱ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង ​Astra​Zeneca ​នោះ​ទេ ​ប៉ុន្តែ​បែរជា​ស្តុកទុក​វ៉ាក់​សាំង​រាប់​សិប​លាន​ដូស​ក្នុង​រោងចក្រ​របស់​ប្រទេសខ្លួន។​ទ្វីបអឺរ៉ុប​ប្រឈម​នឹង​បញ្ហា​កង្វះ​ខាត​វ៉ាក់សាំង​យ៉ាង​ធ្ងន់ធ្ងរ ​ប៉ុន្តែ​សហរដ្ឋអាមេរិក​ឱបដៃ​ឈរ​មើល​និង​គ្មាន​ប្រតិកម្ម​ទាល់​តែ​សោះ​។​នេះ​ស្មើ​នឹង​ប្រាប់​ដល់​សហភាពអឺរ៉ុប​ថា ​ទោះបី​ជា​ពួក​យើង​ជា​សម្ព័ន្ធមិត្ត​ក៏ដោយ ​ក៏​ប៉ុន្តែ​ជនជាតិ​អាមេរិក​យើង​កាន់តែ​សំខាន់​ជាង។​តើ​លោកត្រាំ​មិនបាន​បង្រៀន​អ្នក​ទាំង​អស់​គ្នា​អំពី​គោលការណ៍​ស្តីពី​"អាមេរិក​ជា​អាទិភាព​"​តាំងពី​យូរយារ​ណាស់​មក​ហើយ​ទេឬ?!

តែ​សំណាង​ដែរ ​ពិភពលោក​នៅមាន​ប្រទេសចិន។​បន្ទាប់ពី​វ៉ាក់សាំងចិន​ត្រូវ​ទទួលស្គាល់​យ៉ាង​ទូលំ​ទូលាយ​ព្រមទាំង​ត្រូវ​បញ្ជាក់ពី​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រទេស​មួយ​ចំនួន ​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប្រទេសអឺរ៉ុប​មួយចំនួន​នាំគ្នា​បង្វែង​ទៅ​ទិញ​វ៉ាក់​សាំង​ចិន​។​គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ ​ប្រទេសចិន​បាន​និង​កំពុង​ផ្តល់​ជំនួយ​ឥតសំណង​វ៉ាក់​សាំង​ជំងឺ​កូវីដ​ ១៩ ​​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ​៦៩ ​ដែល​មាន​តម្រូវ​ការ​ជា​បន្ទាន់។​ព្រម​ជាមួយ​គ្នានេះ ​ក៏​បាន​នាំ​ចេញ​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​ចំនួន ​៤៣ ​ផងដែរ។​ប្រទេស​ចិន​បាន​និង​កំពុង​អនុវត្ត​ពាក្យ​សន្យា​យ៉ាង​ម៉ឺងម៉ាត់​អំពី​"វ៉ាក់សាំង​របស់​ប្រជាជន"។​លើស​ពី​នេះ​ទៅទៀត ​ប្រទេស​ចិន​ក៏​ពង្រីក​យ៉ាងសកម្ម​នូវ​ឧត្តមភាព​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​របស់​ខ្លួន​ដើម្បី​គាំទ្រ​និង​ជួយ​ប្រទេស​ដទៃ​ទៀត​កែច្នៃ​និង​ផលិត​ផលិតផល​វ៉ាក់សាំង​ក្នុង​ប្រទេស​ចិន​ឬ​ក្នុងតំបន់ ​ក្នុងន័យ​ជំរុញ​ផលិតភាព​ជា​សកល​។​

ពី​អាមេរិកឡាទីន​ដល់​ទ្វីបអាហ្រ្វិក ​ពី​អាស៊ីអាគ្នេយ៍​ដល់​អឺរ៉ុប ​វ៉ាក់សាំង​ចិន​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​ណា ​អ្នកនយោបាយ​សំខាន់​ៗ​នៃ​ប្រទេស​នោះ ​ក៏​បាន​អញ្ជើញ​ទៅ​ព្រលាន​យន្ដហោះ​ដើម្បី​ស្វាគមន៍​ដោយ​ផ្ទាល់​និង​បាន​ចាក់​វ៉ាក់សាំង​ចិន​មុនគេបង្អស់ ​វ៉ាក់សាំង​ចិន​ទទួល​បាន​ជឿទុកចិត្ត​យ៉ាងខ្លាំង​ពីសំណាក់​ប្រជាជន​នៃ​បណ្តាប្រទេស​នានា​។​

យ៉ាងណាមិញ ​អ្នកនយោបាយ​និង​ពួកប្រឆាំងប្រទេសចិន​ខ្លះ​នៃ​អាមេរិក​មិនអាច​អត់ទ្រ​បាន​ដែល​មើល​ឃើញ​វ៉ាក់សាំងចិន​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង។​ពួកគេ​មិនត្រឹមតែ​មិន​ថ្កោល​ទោស​ទង្វើ​ដែល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​រដ្ឋាភិបាល​អាមេរិក​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏​បាន​ឃោសនា​បំប៉ោង​យ៉ាង​គឃ្លើន​លើ​ប្រព័ន្ធ​សារព័ត៌មាន​ដោយ​និយាយ​មួល​បង្កាច់​សកម្មភាព​មាន​ទំនួលខុសត្រូវ​របស់ចិន​ថា ​ជា​ការ​អនុវត្ត​"ការទូតខាង​វ៉ាក់សាំង"​ដើម្បី​ឆក់​យក​ផលប្រយោជន៍​នយោបាយ។​តក្កវិទ្យា​របស់​ពួកគេ ​គឺ៖ ​ខ្ញុំ​មិន​ចែក​រំលែក​វ៉ាក់​សាំង ​ប្រទេស​ចិន​ម៉េច​ចែករំលែក​?!​ខ្ញុំ​មិន​ទៅ​ជួយគេ ​អ្នកផ្សេង​កុំធ្វើ​ជា​មនុស្សល្អ​ដែរ។​

មានតែ​អនុវត្ត​"ពហុភាគីនិយម"​ប៉ុណ្ណោះ ​ទើបអាច​មាន​អំណោយផល​ដល់​ការ​ធានា​សិទ្ធិ​និង​ផលប្រយោជន៍​ទទួលបាន​វ៉ាក់សាំង​ដោយស្មើគ្នា​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​និង​កាត់​បន្ថយ​ការខាតបង់​ខាង​អាយុជីវិត​និង​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការរីករាលដាល​នៃ​ជំងឺ​ឆ្លង។​ប្រការនេះ​មិនត្រឹមតែ​ជា​ជម្រើស​ខាង​សីលធម៌​របស់​មនុស្សជាតិ​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏ជា​ជម្រើស​ប្រកបដោយ​វិចារណញ្ញាណ​ជា​សកល​ផងដែរ៕​