ឆ្លងតាមការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់និងបើកទូលាយអស់រយៈពេលជាង៤០ឆ្នាំ ប្រទេសចិនបានស្វែងរកផ្លូវអភិវឌ្ឍនិងជួយលុបបំបាត់ភាពក្រីក្រប្រកបដោយលក្ខណៈពិសេសដោយជោគជ័យ ហើយនៅខែកុម្ភៈឆ្នាំនេះ ប្រទេសចិនបានប្រកាសជាផ្លូវការថា បានលុបបំបាត់ភាពក្រីក្រដាច់ខាត ។ បើមើលពីសមិទ្ធផលនៅទូទាំងប្រទេសចិន ក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រអស់រយៈពេល៨ឆ្នាំ ភូមិក្រីក្រចំនួន១សែន២ម៉ឺន៨ពាន់បានចេញផុតពីភាពក្រីក្រ ស្រុកក្រីក្រចំនួន៨៣២បានលុបបំបាត់ភាពក្រីក្រ មានមនុស្សជិត១រយលាននាក់បានចេញផុតពីភាពក្រីក្រដាច់ខាត ដែលបានបង្កើតអច្ឆរិយកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ ។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក សមិទ្ធផលក្នុងការលុបបំបាត់ភាពក្រីក្ររបស់ចិនបានបង្ហាញនូវការវិវឌ្ឍរីកចម្រើនយ៉ាងលេចធ្លោក្នុងការការពារសិទ្ធិមនុស្ស ហើយក៏បានជំរុញយ៉ាងខ្លាំងនូវដំណើរលុបបំបាត់ភាពក្រីក្រសកលផងដែរ ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា អត្រារួមចំណែករបស់ចិនក្នុងការកាត់បន្ថយភាពក្រីក្រពិភពលោកបានលើសពី៧០ភាគរយ ដែលបានសម្រេចគោលដៅនៃការកាត់បន្ថយភាពក្រីក្រនៃ《របៀបវារៈអភិវឌ្ឍជានិរន្តរភាពឆ្នាំ២០៣០អង្គការសហប្រជាជាតិ》មុនពេលកំណត់រយៈពេល១០ឆ្នាំ ។ លោក Matteo Marchisio តំណាងមូលនិធិអភិវឌ្ឍកសិកម្មអន្តរជាតិនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបានវាយតម្លៃថា ចិនបានបញ្ជាក់ថា ការយកឈ្នះលើភាពក្រីក្រមិនមែនជាគំនិតស្រមើស្រមៃនោះទេ គឺជាគំនិតអាចសម្រេចបានទាំងស្រុង ហើយអាចសម្រេចបានក្នុងយុគសម័យជំនាន់យើង ។ លោកបានបង្ហាញថា “នេះជាការរួមចំណែកដ៏មានតម្លៃបំផុតរបស់ប្រទេសចិនចំពោះកិច្ចការកាត់បន្ថយភាពក្រីក្រសកល ។” ក្នុងវេទិកាអន្តរជាតិស្តីពីការចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលរៀបចំធ្វើនៅចុងឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជាបានថ្លែងថា យើងបានអនុវត្តកម្មវិធីសំខាន់មួយចំនួនដែលបានរៀនសូត្រពីបទពិសោធន៍ជោគជ័យនៃការអភិវឌ្ឍរបស់ចិន ហើយលោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការចូលរួមរបស់សាធារណៈរដ្ឋប្រជាមានិតចិនក្នុងការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា ។
យ៉ាងណាមិញ ការលុបបំបាត់ភាពក្រីក្រមិនមែនជាទីបញ្ចប់ទេ គឺជាទីចាប់ផ្តើមនៃជីវភាពរស់នៅថ្មីនិងការតស៊ូព្យាយាមថ្មី ។
ទន្ទឹមនឹងប្រទេសចិនទទួលបានជោគជ័យក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ តើធ្វើយ៉ាងណាអាចឱ្យជនបទចិនមានវិបុលភាពបានក្លាយជាបញ្ហាប្រឈមដ៏សំខាន់ដែលអ្នកកាន់អំណាចរបស់ចិនគួរតែដោះស្រាយ ។ នេះជាភារកិច្ចសំខាន់មួយក្នុងការសម្រេចឱ្យប្រទេសជាតិចិនងើបឡើងវិញដ៏មហិមា ។ លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងថា ការធ្វើឱ្យជនបទចិនមានវិបុលភាពដោយគ្រប់ជ្រុងជ្រោយនិងទូលំទួលាយ ការងារនេះមានភាពកាន់តែលំបាកបើប្រៀបធៀបនិងការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ ។
ប្រទេសចិនកំពុងចាត់វិធានការខ្លាំងក្លានិងគ្រប់បែបយ៉ាងដើម្បីជួយតំបន់ជនបទលើកកម្ពស់កម្លាំងផលិតភាពកសិកម្ម ជួយឧបត្ថម្ភសហគ្រាសនៅជនបទទទួលបានការអភិវឌ្ឍ កៀរគរការវិនិយោគនៅជនបទ អភិវឌ្ឍមុខរបរទេសចរណ៍នៅជនបទនិងបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់ឱ្យកសិករលក់ដូរកសិផលជាដើម ដើម្បីជំរុញការអភិវឌ្ឍនិងវិបុលភាពនៃតំបន់ជនបទ ។ យុទ្ធសាស្ត្រធ្វើឱ្យជនបទចិនមានវិបុលភាពមិនត្រឹមតែត្រូវធ្វើការខិតខំប្រឹងប្រែងមិនឱ្យសមិទ្ធផលលុបចំបាត់ភាពក្រីក្រថយក្រោយប៉ុណ្ណោះទេ ព្រមពេលជាមួយគ្នានេះ ក៏ត្រូវតាំងមូលដ្ឋានដើម្បីទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សនៅពេលអនាគតផងដែរ ។ ក្នុងផែនការអភិវឌ្ឍរបស់ចិននៅពេលអនាគត ការធ្វើឱ្យជនបទមានវិបុលភាពនឹងក្លាយជាការទ្រទ្រង់ដើម្បីពង្រឹងសមិទ្ធផលនៃការលុបបំបាត់ភាពក្រីក្រ ៕