ប្រទេសចិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ សរុប ៧៤ លាន ៩ សែន ៥ ម៉ឺន ៦ ពាន់ដូស ហើយនឹងពង្រីកក្របខ័ណ្ឌចាក់វ៉ាក់សាំងជាបណ្តើរៗ

2021-03-22 17:19:01 |ប្រភព:CRI

កាលពីថ្ងៃទី ២១ ខែមីនា​ ក្រុមការងារ​នៃ​យន្តការ​បង្ការនិង​គ្រប់គ្រង​រួម​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បានបើកធ្វើ​សន្និសីទសារព័ត៌មាន​​ ដោយធ្វើ​បទបង្ហាញ​ពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ ១៩ របស់ប្រទេសចិន ។ ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​លោក​Mi Feng អ្នកនាំពាក្យ​​នៃគណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន​បាន​ឱ្យដឹងថា​ បច្ចុប្បន្ន​ ការងារចាក់វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ ១៩ ជូនក្រុម​​មនុស្ស​សំខាន់​បានប្រព្រឹត្តិ​ទៅ​​​យ៉ាង​រលូន គិតរហូតមក​​ទល់​ម៉ោង​ ២៤ ថ្ងៃទី ២០ ខែមីនា បានទទួល​សេចក្តីរាយការណ៍អំពី​ការ​ចាក់វ៉ាក់សាំង​សរុប​  ៧៤ លាន ៩ សែន ៥ ម៉ឺន​ ៦ ពាន់ដូសនៅ​ទូទាំង​ប្រទេសចិន​។

លោក​He Qinghua មន្រ្តី​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ឆ្លង​នៃគណៈកម្មាធិការជាតិ​​​សុខាភិបាល​ចិន​បាន​លើកឡើង​ថា ទោះបីជា​​ជំងឺឆ្លង​នៅប្រទេសចិន​ទទួល​បាន​ការគ្រប់គ្រងប្រកបដោយ​ប្រសិទ្ធភាព​ហើយក៏ពិតមែន​ ប៉ុន្តែ​ជំងឺឆ្លង​នៅតែ​រីករាលដាល​ក្នុងក្របខ័ណ្ឌទូទាំង​ពិភពលោកដដែល​ ដូចនេះ​ការចាក់វ៉ាក់សាំង​គឺជាវិធី​ដែលមានប្រសិទ្ធភាពបំផុត​សម្រាប់​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ ១៩ ។ លោក​បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ចូលរួមការ​​ចាក់វ៉ាក់សាំង​ប្រឆាំងនឹង​កូវីដ ១៩ យ៉ាងសកម្ម ។ លោក​បានថ្លែងទៀត​ថា ជំហានក្រោយ​នឹង​បន្ត​ជំរុញ​ការចាក់វ៉ាក់សាំង​ និង​ពង្រីក​ក្របខ័ណ្ឌចាក់ជូន​​ប្រជាពលរដ្ឋទូទៅ ៕