ចិននិង​សហរដ្ឋអាមេរិក​បាន​ជជែកដេញដោល​យ៉ាងក្តៅ​គគុកម្តងទៀត​នៅអង្គការ​សហប្រជាជាតិ​

2021-03-22 17:21:13 |ប្រភព:CRI

ប៉ុន្មានថ្ងៃ​កន្លងទៅនេះ ​បន្ទាប់ពី​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​ជាន់​ខ្ពស់​រវាង​ចិន​និង​អាមេរិក​ដែល​​​បើក​ធ្វើ​នៅ​ក្រុង​ Anchorage ​បានបញ្ចប់ ​ការជជែក​ដេញដោល​យ៉ាងក្តៅគគុក​រវាងអ្នកការទូត​របស់​ភាគីទាំងពីរ​បានបន្ត​ទៀត​ក្នុងមហាសន្និបាត​អង្គការសហប្រជាតិ ។

តាមការផ្សាយ​ដំណឹង​នៃទីភ្នាក់ងារ​ព័ត៌មានបរទេស​ដូចជាទីភ្នាក់ងារ​ព័ត៌មាន AP ​របស់​សហរដ្ឋអាមេរិក​និងទីភ្នាក់ងារ​ព័ត៌មាន Reuters ​របស់អង់គ្លេស​ជាដើមកាលពី​ថ្ងៃទី១៩​ខែមីនា​តាមម៉ោងក្នុង​តំបន់ឱ្យដឹងថា​ នៅក្នុងកិច្ចប្រជុំ​ទិវាអន្តរជាតិ​ស្តីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍នៃ​អង្គការសហប្រជាជាតិ​ លោកស្រី​ Linda ​Thomas-Greenfield​ តំណាង​សហរដ្ឋអាមេរិក​ប្រចាំជាអចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​បាន​លើកឡើងថា ​ចិនបាន​ប្រព្រឹត្តិ “​សកម្មភាព​ប្រល័យ​ពូជសាសន៍​ជនជាតិភាគតិច​នៅតំបន់ស៊ីនជាំង​” ដែលជា​ការមួលបង្កាច់​ចំពោះ​ប្រទេសចិន​ម្តងទៀត ។

ទាក់ទិននឹង​ករណីនេះ​ លោក​ Dai Bing ​​តំណាងរង​ប្រទេសចិន​ប្រចាំជាអចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​បានបដិសេធ​នៅហ្នឹងកន្លែងប្រជុំ​ ។ លោកបាន​លើកឡើងថា ​សហរដ្ឋអាមេរិក​កំពុង​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ចិន​ អ្វីដែល​លើកឡើងថា ​“នៅភូមិភាគស៊ីនជាំង​របស់ចិន​មាន​សកម្មភាព​ប្រល័យ​ពូជសាសន៍​”គឺជាពាក្យកុហក​ដែលមិនអាច​​បិទបាំង​ការពិត​បានឡើយ ​ផ្ទុយទៅវិញ ​សភាពការណ៍​សិទ្ធិមនុស្សក្នុង​ប្រទេសអាមេរិក​នាពេលបច្ចុប្បន្ននេះ​គឺមាន​ភាពអាប់អួ​ខ្លាំង​ណាស់ ​ភាគីអាមេរិក​គ្មានសិទ្ធិ​និយាយ​ឆ្ការដៃឆ្ការ​ជើងចំពោះ​ប្រទេសដទៃ​​នោះទេ ។