សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac​ចិននឹងមកដល់កម្ពុជា​ ​វ៉ាក់សាំងរបស់ប្រទេសចិនមានសុវត្ថិភាពជាងគេ

2021-03-23 17:52:47 |ប្រភព:xinhua

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចិនដែលរដ្ឋាភិបាលបានទិញពីប្រទេសចិន នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ។​​​​ សម្តេចបានមានប្រសាសន៍ថា “វ៉ាក់សាំងរបស់ប្រទេសចិនមានសុវត្ថិភាពជាងគេ​ គ្មានអ្នកមានប្រតិកម្មធ្ងន់ធ្ងរនោះទេ ។”

តាមរយៈសារពិសេសនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា”នៅពេលខាងមុខនេះ បើគ្មានការប្រែប្រួលទេ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹងរបស់ភាគីមិត្តចិន ដែលយើងបានទិញ Sinovac ចំនួន១,៥លានដូស”។

នៅខែកុម្ភៈ ឆ្នាំ ២០២១  វ៉ាក់សាំងដំណាក់កាលទី១ ដែលជាជំនួយរបស់ប្រទេសចិន បានត្រូវបញ្ជូនមកដល់ទីក្រុងភ្នំពេញ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានទៅទទួលដល់អាកាសយានដ្ឋានដោយផ្ទាល់ ហើយបានបញ្ជាក់ថា វ៉ាក់សាំងរបស់ប្រទេសចិនមានសុវត្ថិភាពនិងមានប្រសិទ្ធភាព ប្រទេសចិននឹងក្លាយជាប្រទេសផ្គត់ផ្គង់វ៉ាក់សាំងលើពិភពលោក ។

គិតត្រឹមម៉ោង ៧:០០ ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់​​ អ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន ៧៨៣នាក់ ករណីស្លាប់ចំនួន ៤នាក់ និង មាន ២ ករណី ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងការស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩​។

អ្នកបកប្រែ៖刘蓉