បទវិភាគ៖ក្រុមហ៊ុនH&Mធ្វើពហិកាចំពោះកប្បាសស៊ីនជាំងដែលបានក្លាយជាកូនអុករបស់កម្លាំងប្រឆាំងចិនលោកខាងលិចក្នុងការលាបពណ៌លើប្រទេសចិន

2021-03-25 17:48:41 |ប្រភព:CRI

ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ព័ត៌មាន​ចាស់​ស្តីពី​ក្រុម​ហ៊ុនH&Mធ្វើ​ពហិកា​ចំពោះ​កប្បាស​ស៊ីន​ជាំង​បាន​បណ្តាល​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​និង​ពិភាក្សា​យ៉ាង​ច្រើនលើ​បណ្តាញ​អ៊ីនធើណេ​ត។ សេចក្តី​ថ្លែង​ការណ៍​មួយ​ដែលក្រុម​ហ៊ុនH&Mបាន​ចេញ​ផ្សាយ​នៅ​វេបសាយ​ផ្លូវ​ការ​របស់​ខ្លួន​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​បណ្តាញ​អ៊ីនធើណេត​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង។សេច​ក្តី​ថ្លែង​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​បាន​ចាប់​អារម្មណ៍ដល់​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ក្រុម​ហ៊ុន​នេះ​សម្រេច​ចិត្ត​មិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់ដែល​ស្ថិត​នៅ​ស៊ីនជាំង ទោះ​តាម​ទម្រង់​ណា​ក៏​ដោយ ហើយ​ក៏​មិន​បញ្ជា​ទិញ​ផលិត​ផលនិង​វត្ថុ​ធាតុ​ដើម​ពី​តំបន់​ស៊ីនជាំង​ផង​ដែរ។ ហេតុ​អ្វី​បាន​ជា​ព័ត៌មាន​ចាស់​នេះ​ត្រូវ​គេ​លើក​ឡើង​ម្តងទៀត? នៅ​ពី​ក្រោយ​រឿង​នេះ​គឺ​ឧបាយ​កល​របស់​កម្លាំង​ប្រឆាំង​ចិន​លោក​ខាង​លិចដែល​ប៉ុន​ប៉ង​​"យក​ស៊ីនជាំង​គាប​សង្កត់​ប្រទេស​ចិន” ។

អ្នក​ប្រើ​បណ្តាញ​អ៊ីនធើណេត​បាន​បង្ហោះ​សារ​ថា​​"បង្កើត​ពាក្យ​ចចាមអារ៉ាម​ដើម្បី​ធ្វើ​ពហិកា​ចំពោះ​កប្បាស​ស៊ីនជាំង​បណ្តើរ ចង់​រក​លុយ​បាន​នៅ​ប្រទេស​ចិន​បណ្តើរ វា​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​តែ​ប៉ុណ្ណោះ!”បច្ចុប្បន្ន បើ​ស្វែង​រក​តាម​វេទិកា​ធុរកិច្ច​អេឡិចត្រូនិច​ជា​ច្រើនអាច​ឃើញ​ថា គ្មាន​ផលិតផល​ពាក់​ព័ន្ធ​របស់ក្រុម​ហ៊ុនH&Mរួច​រាល់​ហើយ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា​​​" បាន​ចាប់​អារម្មណ៍ដល់​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​” តើ​អង្គការ​សង្គម​ស៊ីវិល​នេះជា​អង្គការ​ប្រភេទ​ណា?ហើយ​វា​បាន​ចេញ​ផ្សាយ​របាយការណ៍​យ៉ាងណា?នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោកAdrian Zenzបញ្ញវន្តអាល្លឺម៉ង់​បាន​ចេញ​របាយការណ៍​ឱ្យ​ដឹង​ថា ​“ការ​ជម្លៀស​កម្លាំងពលកម្ម​នៅ​តំបន់​ខាង​ត្បូង​ស៊ីនជាំង​ទៅ​កាន់​តំបន់​ផ្សេង​ទៀត ​គឺ​ដើម្បី​ធ្វើ​ឱ្យ​សមាមាត្រ​ជន​ជាតិ​វីវូអឺ​ក្នុង​តំបន់​មាន​ការ​ធ្លាក់​ចុះ” “ជនជាតិ​វីវូអឺវ័យ​ក្មេងទៅ​ចិន​ដីគោក​នឹងមាន​ទម្លាប់​រស់​នៅ​ដូច​ជនជាតិ​ហាន”។ តាម​ពិត​ទៅ ឈ្មោះ​Adrian Zenzមិន​មែន​ជា​បញ្ញវន្ត​ទាល់​តែ​សោះ ហើយ​ក៏មិន​មែន​ជា​​"អ្នក​ជំនាញ​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​ចិន​”នោះ​ឡើយ តែ​គឺ​ជា​​"ទ័ព​ស្រួច"​ដែល​ចិញ្ចឹមបីបាច់ដោយកម្លាំងប្រឆាំងចិន ជា​ជន​បោកប្រាស់ដ៏​សុទ្ធ​សាធ!អ្វី​ដែល​ហៅ​ថា​​"ស៊ីន​ជាំង​ប្រទេស​ចិន​មាន​បាតុភូត​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម”ដែល​គាត់​បាន​ឃោសនា​បំប៉ោង​នោះក៏​ជា​លេស​ថ្មី​សម្រាប់​ឱ្យ​កម្លាំង​ប្រឆាំង​ចិន​លោក​ខាង​លិច​គាប​សង្កត់​លើ​ប្រទេស​ចិន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះផងដែរ។

ទិន្នន័យ​បាន​បង្ហាញ​ថា ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៩ ប្រជាជន​ស៊ីនជាំង​ដែល​បាន​រក​បាន​ឱកាស​ការ​ងារបាន​កើន​ឡើង​ពី​១១លាន​៣​សែន​៥​ម៉ឺន​២​ពាន់​៤​រយ​នាក់​ទៅ​ដល់​១៣​លាន៣​សែន​១​ពាន់​២រយ​នាក់ បាន​កើន​ឡើង​ចំនួន​១៧.២%។ គោល​នយោបាយ​និង​ការ​អនុវត្ត​ជាក់​ស្តែង​សម្រាប់​ធានា​ឱកាស​ការ​ងារ​របស់​ស៊ីន​ជាំង​មិន​ត្រឹម​តែ​សម​ស្រប​នឹង​រដ្ឋ​ធម្ម​នុញ្ញ​និង​ច្បាប់​ចិន​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏​សម​ស្រប​នឹង​ស្តង់ដារ​ពលករ​និង​សិទ្ធិ​មនុស្ស​អន្តរ​ជាតិផង​ដែរ សូម​សួរ​ថា តើ​ពាក្យ​សម្តី​"ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម"ចេញ​មក​ពី​ណា?

ពេល​កន្លង​ទៅ​ថ្មីៗ​នេះ សកលវិទ្យាល័យ​Jinanប្រទេស​ចិនបាន​ចេញ​ផ្សាយ​របាយ​ការណ៍ស៊ើប​អង្កេត​និង​សិក្សា​ស្រាវ​ជ្រាវ​អំពី​ស៊ីនជាំង ក្នុង​ន័យ​លាត​ត្រដាង​នូវ​ពាក្យ​ចចាម​អារ៉ាម​របស់​ឈ្មោះ​Adrian Zenzជា​ដើមតាម​ឯកសារ​រាង​លម្អិត។ កម្មករ​ជនជាតិ​ភាគ​តិច​ស៊ីនជាំង​នៃ​សហគ្រាស​ចំនួន​៥​ដែល​ចូល​រួម​ផ្តល់​ប្រជា​មតិសុទ្ធ​តែ​ជ្រើស​រើស​ការ​ទៅ​ធ្វើ​ការ​នៅ​ចិន​ដីគោក​ដោយ​សេរី។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា កម្មករ​ជនជាតិ​ភាគ​តិច​ស៊ីន​ជាំង​ដែល​បាន​ធ្វើ​ការ​នៅ​ចិន​ដីគោក​អាច​ទទួល​បាន​ចំណូល​ប្រចាំ​ឆ្នាំ​ពី​៤៩៥០០យាន់​ដល់​៧១៥០០យាន់ ចំណូល​ប្រចាំ​ឆ្នាំ​គិត​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ៗ​របស់​ពួក​គេមិន​ត្រឹម​តែ​លើស​ពី​ប្រាក់​ចំណូល​ដែល​អាច​ប្រើ​ប្រាស់​បានក្នុង​ជនបទ​ស្រុក​កំណើត​យ៉ាង​ច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំងក៏​បាន​លើស​ពី​ប្រាក់​ចំណូល​ដែល​អាច​ប្រើ​ប្រាស់​បានក្នុង​ទី​ក្រុង​និង​ផ្សារ​ឃុំនៃ​តំបន់​ស៊ីនជាំង​ទៀត​ផង។

វា​ច្បាស់​ណាស់​ថា ទាក់​ទិន​រឿង​ដែល​ប្រជាជន​ជនជាតិ​ភាគ​តិច​ស៊ីន​ជាំង​ទៅ​ធ្វើ​ការ​នៅ​សហគ្រាស​ចិន​ដី​គោក គឺ​គ្មាន​អ្វី​ដែល​ហៅ​ថា​​"ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម"និង​"ការ​តាម​ដាន​ឃ្លាំ​មើល”នោះ​ទេ សិទ្ធិ​និង​ផល​ប្រយោជន៍ធ្វើ​ពលកម្ម​គ្រប់​ផ្នែក​របស់​ពួក​គេ​សុទ្ធ​តែ​ទទួល​បាន​ការ​ធានា​យ៉ាង​ពេញ​លេញ។

ក្នុងឆ្នាំ​សារពើពន្ធ២០២០ ទំហំ​លក់​ដូរ​សរុប​នៅ​ចិន​ដី​គោក​នៃក្រុម​ហ៊ុនH&Mគឺ​ប្រហែល៧៤០០លាន​យាន់​ប្រាក់​ចិន ប៉ុន្តែ បច្ចុប្បន្ន​នេះ​បែរ​ជា​រង​ការ​ធ្វើ​ពហិកាដោយ​គ្រប់​ជ្រុង​ជ្រោយ តើអ្នកបានគិតដល់លទ្ធផលនេះឬទេ? ​បើ​ធ្វើជា​កូន​អុករបស់កម្លាំង​ប្រឆាំង​ចិន​លោក​ខាង​លិច​ក្នុង​ការ​លាប​ពណ៌​លើ​ប្រទេស​ចិន នោះ មាន​ថ្ងៃ​ណាមួយ​ក៏​មាន​លទ្ធភាព​ត្រូវ​ពួក​គេ​បោះបង់​ចោល យ៉ាង​ណាមិញ ក្នុង​ក្រសែ​ភ្នែក​នៃ​កម្លាំង​ប្រឆាំង​ចិន​លោក​ខាង​លិច​ទាំង​នេះ អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​នោះ មាន​តែ​ការ​យក​ឈ្នះ ​តែ​គ្មាន​លទ្ធ​ភាពយក​ចិត្ត​ទុក​ដាក់​ដល់​កូន​អុក​ទាល់​តែ​សោះ!