ថ្ងៃទី៣១ខែមីនា នៅក្រុងប៉េកាំង លោកYangJiechiសមាជិកការិយាល័យនយោ បាយនិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោកជំទាវខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិន លោកស្រីKhamphaoឯកអគ្គរដ្ឋទូតឡាវប្រចាំនៅប្រទេសចិននិងលោកSameehឯកអគ្គរដ្ឋទូតកូវ៉ែតប្រចាំនៅប្រទេសចិន។
ថ្លែងក្នុងកិច្ចជំនួប លោកYangJiechiបានលើកឡើងថា ភាគីចិនរីករាយមានការប្រាស្រ័យទាក់ទងកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀតជាមួយប្រទេសទាំង៣ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមគ្នាកសាងប្រកបដោយគុណភាពខ្ពស់នូវ"ខ្សែក្រវាត់និងផ្លូវ" បង្កើនកិច្ចសម្របសម្រួលនិងកិច្ចសហការពហុភាគី ក៏ដូចជារួមគ្នាគាំពារយុតិ្តធម៌និងសច្ចធម៌អន្តរជាតិ ព្រមនិងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ។
លោកYangJiechiបានគូសបញ្ជាក់ថា ប្រទេសចិនបានធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងមានសុក្រឹតភាព ក្នុងគោលបំណងធានាជាក់លាក់ដល់ចីរភាពនិងសិ្ថរភាពរបស់ហុងកុង និងធានាឱ្យ"ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ។ ភាគីចិននឹងបន្តការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៅហុងកុងរបស់បណ្តាប្រទេសនានា សូមស្វាគមសហគមន៍អន្តរជាតិពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យជាមួយហុងកុង។
ជាការឆ្លើយតប ឯកអគ្គរាជទូតនិងរដ្ឋទូតប្រទេសទាំង៣ប្រចាំនៅប្រទេសចិនបានថ្លែងថា កិច្ចការហុងកុងគឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ប្រទេសទាំង៣នឹងបន្តគាំទ្រយ៉ាងមុតមាំនូវគោលលំនាំ"ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ក៏ដូចជាគាំទ្រគោលជំហរដ៏ត្រឹមត្រូវក្នុងបញ្ហាពាក់ព័ន្ធនឹងហុងកុងផងដែរ ជឿជាក់ថា ហុងកុងពិតជានឹងសម្រេចបាននូវវិបុលភាពនិងស្ថិរភាពយូរអង្វែងជាមិនខាន៕