វ៉ាក់សាំង៧០ម៉ឺនដូសទៀតជាជំនួយរបស់មិត្តចិនមកដល់កម្ពុជានារាត្រី៣១ មីនា ២០២១

2021-04-01 16:10:28 |ប្រភព: វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ នាវេលាម៉ោង១១៖១០នាទី យប់ថ្ងៃទី៣១ មីនា ២០២១ ជំនួយឥតសំណងរបស់ភាគីចិនជាវ៉ាក់សាំងកូវីដ១៩ ជំហានទី២ ចំនួន៧០ម៉ឺនដូសត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ តាមការគ្រោងទុក។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឯកឧត្តម វ៉ាង វិនធៀន បានមានប្រសាសន៍ថា លោកមានមោទនភាពជាទីបំផុតក្នុងនាមជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលបានទទួលវ៉ាក់សាំងចំនួន៣លើកមកហើយ ចាប់តាំងពីថ្ងៃទី៧ កុម្ភៈ ២០២១មក ដោយឯកឧត្តមសង្ឃឹមថា នឹងបន្តមានវត្តមានទទួលវ៉ាក់សាំងបញ្ជូនពីប្រទេសចិន មកកាន់កម្ពុជា លើកក្រោយៗទៀត ខណៈដែលភាគីចិននឹងបន្តបញ្ជូនវ៉ាក់សាំងមកកាន់ប្រទេសកម្ពុជា ក្នុងនាមជាមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួម។ ឯកឧត្តមគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាមានភាពស្មុគស្មាញ មានសំពាធខ្លាំង តម្រូវឲ្យមានភារកិច្ចខ្លាំង។ ក្នុងនាមមិត្តភាពដែកថែប និងសហគមជោគវាសនារួម ភាគីចិនចាត់ទុកបញ្ហាប្រឈមរបស់កម្ពុជាគឺបញ្ហាប្រឈមរបស់ចិនផ្ទាល់ ដូច្នេះ ភាគីចិនរីករាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រហូតដល់ប្រទេសកម្ពុជាបានយកឈ្នះជំងឺដ៏កាចសាហាវមួយនេះ។ ឯកឧត្តមសង្ឃឹមថា វ៉ាក់សាំងចិននឹងជួយឲ្យកម្ពុជាយកឈ្នះជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក៏សង្ឃឹមដោយស្មោះថា វ៉ាក់សាំងចិននឹងក្លាយជាជញ្ជាំងការពារសុខភាពដ៏រឹងមាំ សម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តមបន្ថែមទៀតថា ចាប់តាំងពីកើតមានជំងឺកូវីដ១៩មក ភាគីទាំងពីរតែងតែជួយគ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គ ជាមួយគ្នា។ ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានប្រោសព្រះប្រទានព្រះរាជទ្រព្យរបស់ព្រះអង្គទាំងទ្វេជូនដល់រដ្ឋាភិបាលនិងប្រជាជនចិន ហើយសម្តេច ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចបន្ទាន់ទៅរដ្ឋធានីប៉េកាំង នៅប្រទេសចិន ក្នុងពេលធ្លាក់ព្រិលខ្លាំង ដូចសុភាសិតចិនពោលថា ផ្តល់ធ្យូងកម្តៅ នៅក្នុងរដូវរងារ ធ្វើឲ្យប្រជាជនចិនមានក្តីរំភើបជាខ្លាំង។ ដើម្បីជាការតបស្នង ចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ខណៈដែលកម្ពុជាកំពុងមានតម្រូវការជាខ្លាំង។

សម្តេច ទៀ បាញ់ បានមានប្រសាសន៍ដែរថា សម្តេចពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយជាខ្លាំងដែលបានធ្វើជាតំណាងសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលវ៉ាក់សាំងជំនួយជំហានទី២ ពីរដ្ឋាភិបាលនិងប្រជាជនចិន នាពេលនេះ។ បន្ទាប់ពីទទួលបានជំហានទី១ កាលពីថ្ងៃទី៧ កុម្ភៈ ក្រសួងការពារជាតិនិងក្រសួងសុខាភិបាលបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ កងទ័ព ពេទ្យ មន្ត្រីរាជការ និងបុគ្គលដែលប្រឈមជាច្រើនទៀត យ៉ាងសកម្ម និងប្រសិទ្ធភាព ដូច្នេះ នេះគឺជាជោគជ័យថ្មីមួយថែមទៀត ដែលបានឆ្លុះបញ្ជាំងយ៉ាងច្បាស់ពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរកម្ពុជា-ចិន ក្នុងក្របខណ្ឌទំនាក់ទំនងកិច្ចសហប្រតិបត្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ជោគវាសនារួម លើវិស័យសុខាមាលភាពសាធារណៈ ខណៈដែលកម្ពុជាបានដាក់ចេញវិធានការនានាប្រកបដោយប្រសិទ្ធភាព។ វ៉ាក់សាំងបង្ការជំងឺកូវី១៩ គឺជាយុទ្ធសាស្ត្រគន្លឹះមួយ ទប់ស្កាតេជំងឺកូវីដ១៩ សំដៅលើការពារអាយុជីវិតប្រជាជន សុខមាលភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយឲ្យបានជាអតិប្បរមានូវផលប៉ះពាល់នូវការឆ្លងជំងឺកូវីដ១៩ ចំពោះវិស័យសង្គមនិង សេដ្ឋកិច្ច នៅកម្ពុជា។ 

ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជនកម្ពុជា សម្តេច ទៀ បាញ់ពិតជាមានការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្តល់អំណោយនិងជំនួយសប្បុរសធមជាច្រើនដល់កម្ពុជា ជាពិសេស ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ២៩ ជាជំហានទី២ លើកនេះ តាមរយៈក្រសួងការពារជាតិ ក្នុងកាលៈទេសៈដ៏លំបាកនេះ។

គួរបញ្ជាក់ថា នេះគឺជាជំនួយជំហានទី២នៃការផ្តល់វ៉ាក់សាំងរបស់រដ្ឋាភិបាលចិនជូនដល់កម្ពុជា ហើយក៏ជាការបញ្ជូនវ៉ាក់សាំងលើកទី៣របស់ចិនមកកាន់ប្រទេសកម្ពុជាដែរ ក្នុងនោះ លើកទី១បានធ្វើឡើង កាលពីថ្ងៃទី៧ កុម្ភៈ លើកទី២បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៦ មីនា ព្រមទាំងលើកទី៣ នាពេលនេះ។ សរុបទាំង៣លើកនេះ ចិនបានបញ្ជូនវ៉ាក់សាំងកង្ការជំងឺកូវីដ១៩ មកដល់កម្ពុជា សរុបចំនួន២លាន៨សែនដូសហើយ៕

 វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត