ថ្ងៃទី ៦ ខែ មេសា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារលិខិត អបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យ Xiamen សម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះគ្រូបង្រៀន និស្សិត បុគ្គលិកនិងអតីតនិស្សិតទាំងក្នុងនិងក្រៅប្រទេសនៃសកលវិទ្យាល័យនេះ ។
ថ្លែងក្នុងសារលិខិតនេះ លោក ស៊ី ជីនភីង បានលើកឡើងថា សាកលវិទ្យាល័យ Xiamen ជាសាកលវិទ្យាល័យមួយដែលមានប្រពៃណីដ៏រុងរឿង ។ ១០០ ឆ្នាំមកនេះ សាកលវិទ្យាល័យនេះបានប្រកាន់ខ្ជាប់នូវឆន្ទៈកសាងសាលារៀនរបស់លោក Chen Jiageng មុគ្គុទេ្ទសក៍អាណិកជនចិនស្នេហាជាតិ ហើយបង្កើតស្មារតីសាលារៀនដ៏ល្អប្រសើរក្រោមបាវចនា“ស្នេហាជាតិ បដិវត្តន៍ ពឹងផ្អែកលើខ្លួនឯង វិទ្យាសាស្ត្រ”ដែលបានបណ្តុះបណ្តាលធនធានមនុស្សដ៏ឆ្នើមជាច្រើន ក៏ដូចជារួមចំណែកយ៉ាងសកម្មដល់ភាពរុងរឿងរបស់ប្រទេសជាតិ សុភមង្គលរបស់ប្រជាជននិងការផ្សព្វផ្សាយវប្បធម៌ចិននៅក្រៅប្រទេស ។
លោក ស៊ី ជីនភីង បានគូសបញ្ជាក់ទៀតថា សង្ឃឹមថា សាកលវិទ្យាល័យ Xiamen នឹងអនុវត្តគោលនយោបាយអប់រំរបស់មជ្ឈិមបក្សដោយគ្រប់ជ្រុងជ្រោយ អនុវត្តភារកិច្ចមូលដ្ឋានស្តីពីការអប់រំមនុស្ស ក៏ដូចជាពង្រឹងកម្លាំងប្រមូលផ្តុំរបស់ប្រជាជាតិចិន ដើម្បីរួមចំណែកកាន់តែធំសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងសម្រេចបាននូវសុបិនចិនដែលស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕