កាលពីថ្ងៃទី ១១ ខែមេសា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើលិខិតថ្វាយព្រះចៅ Abdullah ទី ២ ព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានីអបអរសាទរខួប ១០០ ឆ្នាំនៃថ្ងៃបុណ្យជាតិហ្ស៊កដានី ដោយប្រសិទ្ធពរដល់ហ្ស៊កដានីឱ្យទទួលបានភាពរុងរឿង ប្រជាជនមានសេចក្តីសុខនិងសុភមង្គល ។
លោកស៊ីជីនភីងបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងហ្ស៊កដានីបានវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងរលូន ទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ។ ប្រទេសចិនសូមគាំទ្រយ៉ាងមុតមាំចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃប្រទេសហ្ស៊កដានី ជឿជាក់ថានៅក្រោមការដឹកនាំរបស់ព្រះចៅ Abdullah ទី ២ ប្រជាជននៃប្រទេសហ្ស៊កដានីមុខជានឹងយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាមិនខាន ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសហ្ស៊កដានី មានឆន្ទៈរួមសហការជាមួយព្រះចៅ Abdullah ទី ២ ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងហ្ស៊កដានីទទួលបានការអភិវឌ្ឍដោយស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។