លោកWangYiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចអបអរខួបទី៥នៃការចាប់ដំណើរការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គកាលពីថ្ងៃទី១៣ខែមេសាព្រមនិងថ្លែងសុន្ទរកថា។
លោកWangYiបានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គបានផ្តល់ផលប្រយោជន៍ដ៏ពិតប្រាកដដល់ប្រជាជនតាមបណ្តោយទន្លេឡានឆាង-មេគង្គ។លោកបន្តថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនឹងជួបឱកាសថ្មីផងដែរ យើងគួរតែប្រកាន់ខ្ជាប់ស្មារតីភាពជាដៃគូ ដើម្បីរួមគ្នាស្វែងរកផ្លូវអភិវឌ្ឍន៍ជាមួយគ្នា ភាគីចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គបន្តជំរុញយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គវិវឌ្ឍរីកចម្រើនដោយឥតឈប់ឈរ ក្នុងន័យបង្កើតជារូបមន្តសហប្រតិបត្តិការថ្មីក្នុងតំបន់ ដើម្បីកសាងភាពរុងរឿងថ្កុំថ្កើងក្នុងតំបន់។