តាមទិន្នន័យស្ថិតិដែលប្រកាសដោយអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី១៣ខែមេសាបានឱ្យដឹងថា ពីខែមករាដល់ខែមីនាឆ្នាំនេះ តម្លៃសរុបនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនត្រូវជា៨.៤៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង២៩.២%បើប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នានៅឆ្នាំមុនក្នុងនោះ អាស៊ាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងជប៉ុនជាដៃគូពាណិជ្ជកម្មធំៗទាំង៤របស់ប្រទេសចិន ហើយអាស៊ានបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទី១របស់ប្រទេសចិន។
សូមបញ្ជាក់ថា ពេលថ្មីៗនេះ ប្រទេសចិនបាននាំមុខក្នុងការអនុម័តលើ«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»ហៅកាត់ថាRCEP ប្រទេសជាសមាជិកដទៃទៀតក៏បានបញ្ជាក់ថានឹងជំរុញឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២ផងដែរ តាមទិន្នន័យស្ថិតិនៃត្រីមាសទី១ដែលប្រកាសនៅថ្ងៃដដែលបានបង្ហាញទៀតថា ទំហំពាណិជ្ជកម្មនាំចូលនាំចេញរបស់ប្រទេសចិនចំពោះបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវនិងដៃគូពាណិជ្ជកម្ម RCEP សុទ្ធតែបានកើនឡើងលើសពី២០ភាគរយ៕