លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២១នៃវេទិកាអាស៊ីនៅបូអៅ

2021-04-20 17:20:19 |ប្រភព:CRI

ព្រឹកថ្ងៃ​ទី​២០​ខែ​មេសា ពិធី​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០២១​នៃ​វេទិកា​អាស៊ី​នៅ​បូអៅបាន​ធ្វើ​ឡើង​នៅ​តំបន់​បូអៅ​ខេត្ត​ហៃណាន​ប្រទេស​ចិន លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​សុន្ទ​រក​ថា​គន្លឹះ​ដែល​មាន​ចំណង​ជើង​ថា« រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា​ក្នុង​ការ​យក​ឈ្នះលើ​ឧប​សគ្គ ជោគ​វាសនានិង​រួម​គ្នា​កសាង​អនាគត​»តាម​ប្រព័ន្ធ​វីដេអូ។

ថ្លែង​ក្នុង​សុន្ទរកថា លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​ពិភព​លោក​បាន​និង​កំពុង​ឋិត​ក្នុងភាព​​បម្រែ​បម្រួល​ដ៏​ខ្លាំង​និង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លងដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​១រយ​ឆ្នាំ ពិភពលោក​បាន​ឈាន​ចូល​ដំណាក់កាលរង្គោះ​រង្គើ​និង​កំណែ​ទម្រង់។ យុគសម័យ​ដែល​យើង​កំពុង​រស់​នៅ​គឺ​យុគសម័យ​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយបញ្ហា​ប្រឈម ហើយ​ក៏​ជា​យុគសម័យ​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សង្ឃឹម​ផង​ដែរ។តើ​សង្គម​មនុស្ស​ជាតិ​នឹង​វិវឌ្ឍ​រីក​ចម្រើន​ទៅ​រក​ទិស​ដៅ​យ៉ាង​ណា? ភាគី​ចិន​សូម​ផ្តួច​ផ្តើម​ថា ទ្វីប​អាស៊ី​និង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​គួរ​តែ​ពួត​ដៃ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង បង្កើន​អភិបាលកិច្ច​ជា​សកល ដើម្បី​បោះ​ជំហាន​ឥត​ឈប់ឈរ​ទៅ​កាន់​ទិស​ដៅ​នៃ​ការ​បង្កើត​សហគមន៍​រួម​ជោគវាសនា​របស់​មនុសុ្ស​ជាតិ។

លោក​ស៊ីជីនភីង​បាន​ប្រកាស​ថា ភាគី​ចិន​នឹង​រៀប​ចំ​ធ្វើ​កិច្ច​ប្រជុំ​សន្ទនា​ខាង​អរិយធម៌​អាស៊ី​លើក​ទី​២​បន្ទាប់​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ត្រូវ​បាន​គ្រប់​គ្រង ដើម្បី​ដើរ​តួនាទី​យ៉ាង​សកម្ម​​ក្នុង​ការ​ជំរុញ​កិច្ច​សន្ទនា​ខាង​អរិយធម៌អាស៊ី​និង​ពិភពលោក ៕