សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំវេទិកាBOAO អាស៊ីប្រចាំឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

2021-04-21 17:58:12 |ប្រភព:中国驻柬埔寨大使馆

នាថ្ងៃទី ២០​ខែមេសា ឆ្នាំ ២០២១ ពិធីបើកវេទិកា BOAO អាស៊ីប្រចាំឆ្នាំ២០២១ បានប្រារព្ធឡើង​នៅតំបន់ BOAO ខេត្ត​ហៃណាន​នៃប្រទេសចិន ។ ឯកឧត្តម ​ស៊ី ជីនភីង ​ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ​បរទេស​ និងអ្នកតំណាងអង្គការ​អន្តរជាតិ​បានអញ្ជើញចូលរួមកិច្ចប្រជុំ​ និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

ក្នុងសុន្ទរកថាបើកវេទិកានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះខួប ២០ ឆ្នាំនៃការបង្កើតវេទិកា BOAO អាស៊ីប្រចាំឆ្នាំ២០២១ ហើយកោតសរសើរវេទិកាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរ​ និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច​ វប្បធម៌ ការការពារបរិស្ថានជាដើមក្នុងតំបន់ និង​ពិភពលោក ។

សម្តេចតេជោ បានកោតសរសើរប្រទេសចិនក្នុងការរួមចំណែកដោះស្រាយបញ្ហាដែលបង្កឡើង​ដោយជំងឺ​កូវីដ១៩។ សម្តេចតេជោ បានវាយ​តម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ​និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន​ក្នុង​ការ​អនុវត្ត​«ផ្លូវសូត្រ​សុខភាព» ​ហើយថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំង​ការពារ​កូវីដ​១៩ មកកាន់ប្រទេសកម្ពុជាយ៉ាងទាន់ពេលវេលា ដែលបានគាំទ្រប្រទេសកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ។ សម្តេច​តេជោ បានបន្តថា ក្រោមគំនិតផ្ដួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បង្កើតមក បានរួមចំណែក​ដល់ការជំរុញ​កិច្ចសហ ប្រតិបត្តិការ​ក្នុងតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​កាលានុវត្តភាព​វិនិយោគ​ការផ្លាស់ប្ដូរវប្បធម៌ ព្រមទាំងការតភ្ជាប់រវាងប្រជាជន​និងប្រជាជន​។ ​សម្តេចតេជោគូសបញ្ជាក់ថា ខណៈពេលនៃការ​ធ្លាក់ចុះសេដ្ឋកិច្ចសកលនេះ គំនិតផ្ដួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅតែជាកម្លាំងចលករពង្រីកកិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោកសម្រាប់បុព្វហេតុសន្តិភាព​ សន្តិសុខ ​វិបុលភាព ​និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព។

សម្តេចតេជោ ហ៊ុន ​សែន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាន់ខ្ជាប់​ ហើយគាំទ្រយ៉ាង​មុតមាំនូវពហុភាគីនិយម​រីករាយ​​រួមសហការជាមួយប្រទេសចិននិងប្រទេសពាក់ព័ន្ធ ដើម្បី​គាំពារប្រព័ន្ធអន្តរជាតិ​ដែលមានអង្គការ​សហ​ប្រជាជាតិ​ជាស្នូល ។

ឆ្នាំនេះជាឆ្នាំខួបទី ២០ នៃការបង្កើតវេទិកា BOAO អាស៊ី  ហើយក៏ជាឆ្នាំដែលសម្តេចតេជោ ហ៊ុន​​ សែន បានចូលរួមវេទិកា BOAO អាស៊ី លើកទី ៤ ផងដែរ ។

អ្នកបកប្រែ៖刘蓉