ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២សែន ដូសជាជំនួយរបស់មិត្តចិនដើម្បីយកមកចាក់ជូនដល់សត្វគោក្របីរបស់ប្រជាពលរដ្ឋកុំឱ្យឈឺងាប់។
ឯកឧត្តមវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រទេស កម្ពុជា តាមរយៈបណ្តាញហ្វេសបុកផ្លូវការ របស់ខ្លួននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២០០ ០០០(ពីរសែន) ដូស មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនេះត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា ដូច្នេះយើងមានជំនឿជឿជាក់យ៉ាងមុតមាំថាវ៉ាក់សាំងទាំងនេះនឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួល វ៉ាក់សាំងជម្ងឺសាទឹក ពីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១០០ ០០០(មួយសែន) ដូស រួចមកហើយ ដែលជាការផ្តល់ដំណាក់កាលទី១ ។
រហូតមកដល់ពេលនេះវ៉ាក់សាំងជំងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកផ្តល់និងចាក់វ៉ាក់សាំងដល់សត្វគោក្របីរបស់កសិករនៅតាមបណ្តារាជធានី/ខេត្ត អស់ចំនួន ៤៧ ០០០ ដូស រួចហើយ ដែលមកទល់ពេលនេះ គឺបានធ្វើឱ្យសត្វគោក្របីដែលបានចាក់វ៉ាក់សាំងហើយនោះ មានសុខភាពល្អប្រសើរ៕
ដោយលោកចេម ហួត