តបតាមសេចក្តីអញ្ជើញរបស់លោក បៃដិន ប្រធានាធិបតីអាមេរិក លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអំពីបញ្ហាអាកាសធាតុតាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំងកាលពីយប់ថ្ងៃទី ២២ ខែមេសា ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា《រួមគ្នាកសាងសហគមន៍រួមវាសនារវាងមនុស្សជាតិនិងធម្មជាតិ》 ។
លោក ស៊ីជីនភីង បានលើកឡើងថា ប្រឈមនឹងការលំបាកដែលមិនធ្លាប់មានពីមុនក្នុងការធ្វើអភិបាលកិច្ចបរិស្ថានជាសកល សហគមន៍អន្តរជាតិគួរតែរួមគ្នាពិគ្រោះពិភាក្សាដើម្បីស្វែងរកដំណោះស្រាយស្តីពីការឆ្លើយតបនឹងបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុនិងរួមគ្នាស្វែងរកការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិតាមរយៈភាពអង់អាចក្លាហាននិងប្រតិបត្តិការដែលមិនធ្លាប់មានពីមុន ។
លោក ស៊ីជីនភីង បានផ្តួចផ្តើមផែនការ ៦ ចំណុច ពោលគឺ ទី១ ត្រូវប្រកាន់ខ្ជាប់នូវការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ ។ ទី២ ត្រូវប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតង ។ ទី៣ ត្រូវប្រកាន់ខ្ជាប់នូវអភិបាលកិច្ចជាប្រព័ន្ធ ។ ទី៤ ត្រូវប្រកាន់ខ្ជាប់នូវការតម្កល់ទុកមនុស្សជាអាទិភាព ។ ទី៥ ត្រូវប្រកាន់ខ្ជាប់ពហុភាគីនិយម ។ ទី៦ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីទំនួលខុសត្រូវរួមតែមានលក្ខណៈផ្សេងគ្នា ។
លោក ស៊ីជីនភីង បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិននឹងខិតខំសម្រេចឱ្យបាននូវគោលដៅស្តីពីការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ និងសម្រេចអព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០ ៕