នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានរិះគន់រដ្ឋាភិបាលអាមេរិកដែលបានមួលបង្កាច់ក្នុងករណីគ្មានភស្តុតាងទាល់តែសោះថា ប្រទេសចិនបានអនុវត្តគោលនយោបាយ“ប្រល័យពូជសាសន៍” នៅតំបន់ស៊ីនជាំង ទាក់ទិននឹងរឿងនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រតិកម្មយ៉ាងសកម្មក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនាពេលថ្មីៗកន្លងទៅនេះ ។
លោក Zhao Lijian បានថ្លែងថា អត្ថបទពាក់ព័ន្ធដែលកាសែត Project Syndicate របស់អាមេរិកបានចុះផ្សាយនោះ ក្នុងគោលជំហរប្រកបដោយសត្យានុម័ត និងខ្លឹមសារជាក់ស្តែង យើងសូមកោតសរសើរប្រព័ន្ធសារព័ត៌មាននិងអ្នកនិពន្ធពាក់ព័ន្ធ ដែលហ៊ានបញ្ចេញសម្លេងយុត្តិធម៌ក្នុងបញ្ហាពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ។
លោក Zhao Lijian បានថ្លែងទៀតថា អ្វីដែលហៅថា“ប្រល័យពូជសាសន៍” នៅតំបន់ស៊ីនជាំង ជាពាក្យកុហកទាំងស្រុងដែលកម្លាំងប្រឆាំងប្រទេសចិនជ្រុលនិយមប្រឌិតដោយចេតនា ជារឿងគួរឱ្យអស់សំណើចសម្រាប់មួលបង្កាច់និងលាបពណ៌លើប្រទេសចិន គោលបំណងពិតប្រាកដគឺបំផ្លិចបំផ្លាញស្ថិរភាពរបស់តំបន់ស៊ីនជាំង និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទសេចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ប៉ុន្តែឧបាយកលរបស់ពួកគេនឹងមិនអាចសម្រេចបានទេ ។
លោក Zhao Lijian បានឧទេ្ទសនាមថា នាពេលថ្មីៗកន្លងទៅនេះ នៅលើផ្ទៃអន្តរជាតិ មានឥស្សរជនកាន់តែច្រើនឡើងៗបានបញ្ចេញសម្លេងយុត្តិធម៌ក្នុងបញ្ហាពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ។ ក្នុងនោះក៏បូករួមទាំង វេបសាយ The Grey Zone ដែលជាវេបសាយព័ត៌មានឯករាជ្យរបស់អាមេរិក កាសែត South China Morning Post ព្រមនិងសៀវភៅរបស់លោក Maxime Vivas អ្នកនិពន្ធរបស់ប្រទេសបារាំងដែលមានចំណងជើងថា «The End of Uyghur Fake News» សុទ្ធតែបានលាតត្រដាងពីពាក្យកុហកស្តីពី“ប្រល័យពូជសាសន៍” នៅតំបន់ស៊ីនជាំង ប្រការទាំងនេះបានបង្ហាញយ៉ាងពេញលេញថា សច្ចធម៌គឺស្ថិតក្នុងដួងចិត្តរបស់មនុស្ស ពាក្យកុហកមិនអាចបិទបាំងការពិតជាក់ស្តែងនោះទេ ៕